Hubble អង្កេតការជះពន្លឺចម្លែកចម្ងាយ «៣ពាន់លានឆ្នាំពន្លឺ» និងមិនទាន់ដឹងថាជាអ្វីឡើយ (មានវីដេអូ)

662

(បរទេស)៖ ការផ្ទុះដ៏ធំមហាសាលមួយត្រូវបាន តេឡេស្កូបអវកាស Hubble អង្កេត ហើយគេមិនទាន់ដឹងថា នោះជាអ្វីឲ្យប្រាកដឡើយ ព្រោះតែអានុភាពនៃការផ្ទុះនោះ ធំធេងជាងបន្ទុះស៊ូពើណូវ៉ា (supernova) ទូទៅឆ្ងាយណាស់។ បើតាមក្រុមតារាវិទូ ការផ្ទុះនោះបានបង្កើតជាបណ្តុំពន្លឺ (flash light) នៅត្រង់ចន្លោះរវាងកាឡាក់ស៊ី ២ និងមានចម្ងាយខ្ទង់ ៣ពាន់លានឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)

បើតាមក្រុមតារាវិទូ បន្ទុះដ៏ខ្លាំងអស្ចារ្យដែលយើងអាចនិយាយបានថា ជាការផ្ទុះជះចេញនូវពន្លឺពណ៌ខៀវ (blue light) ដ៏ខ្លាំងអស្ចារ្យបំផុតនៅក្នុងចក្រវាលនេះ បានអូសបន្លាយតែរយៈពេល ២ ទៅ ៣ ថ្ងៃប៉ុណ្ណោះ។ វាជាព្រឹត្តិការណ៍ដ៏កម្រ ដែលកន្លងមកនេះត្រូវគេហៅថា ការជះពន្លឺអុបទិចពណ៌ខៀវមួយរយៈខ្លី (luminous fast blue optical transient ឬ LFBOT)

វត្តមានរបស់ the Finch (រូបភាពពី NASA/ESA)

ទោះបីជាព្រឹត្តិការណ៍ប្រភេទដូចខាងលើនេះ ត្រូវបានគេហៅថា LFBOT តែពពួក LFBOT ទាំងនេះគឺកំពុងស្ថិតក្នុងអាថ៌កំបាំងសុទ្ធសាធតែម្តង ព្រោះក្រុមតារាវិទូមិនទាន់អាចសន្មត់ ១០០% ថា ពួកវាជាអ្វីនោះឡើយ។ បាតុភូតចក្រវាលប្រភេទនេះ ត្រូវបានរកឃើញជាលើកដំបូងកាលពីឆ្នាំ២០១៨ ថ្មីៗនេះប៉ុណ្ណោះ ដោយមានឈ្មោះសម្គាល់ថា AT2018cow ហើយវាមានប្រភពចេញពីដៃ (spiral arm) របស់កាឡាក់ស៊ីមួយ ស្ថិតនៅចម្ងាយ ២០០លានឆ្នាំពន្លឺពីយើង។

ជាមួយនឹងរហស្សនាមថា «the Cow» វាភ្លឺជាងបន្ទុះ supernova ទូទៅរហូតដល់ទៅ ១០០ដង ហើយក៏នៅតែភ្លឺខ្លាំងផងដែរ ទាំងនៅក្នុងកម្រិតរលកវិទ្យុ (radio waves), ពន្លឺស្វាយអ៊ុលត្រា (ultraviolet) និងកាំរស្មីអ៊ិច (X-rays)។ ប្រសិនបើវាជា supernova នោះប្រាកដជា supernova ដ៏ចម្លែកណាស់ ព្រោះបាតុភូត supernova ឬការផ្ទុះស្លាប់នៃផ្កាយជាទូទៅ តែងតែបញ្ចេញពន្លឺរាប់សប្តាហ៍ ឬអាចឈានចូលដល់រាប់ខែ ជាមួយនឹងទម្រង់វិសាលគម ដែលត្រូវបានគេយល់ដឹងរួចមកហើយ។ ប៉ុន្តែសម្រាប់ LFBOT នេះ វាបានបញ្ចេញពន្លឺតែមួយឆ្វាច ហើយក៏បាត់ទៅវិញក្នុងរយៈពេលតែ ២ ទៅ ៣ថ្ងៃប៉ុណ្ណោះ។

ករណីប្រភេទនេះក៏បានកើតឡើងបន្ទាប់ពីឆ្នាំ២០១៨ នោះផងដែរ ដោយក្រុមតារាវិទូបានដាក់រហស្សនាមឲ្យថា the Camel, the Koala និង the Tasmanian Devil។ សម្រាប់បាតុភូត LFBOT ចុងក្រោយនៅក្នុងឆ្នាំ២០២៣នេះ ត្រូវបានតេឡេស្កូប Zwicky Transient Facility (ZTF) ស្ថិតនៅក្នុងមន្ទីរអង្កេតតារា Palomar Observatory នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចាប់បាន និងដាក់ឈ្មោះសម្គាល់ឲ្យថា AT2023fhn ជាមួយនឹងរហស្សនាមថា «the Finch»

តេឡេស្កូប Gemini South នៅប្រទេសឈីលី ត្រូវបានប្រើប្រាស់ដើម្បីគណនា អំពីកម្រិតកម្តៅរបស់ the Finch ហើយលទ្ធផលចេញមកគឺ ២០,០០០អង្សាសេ។ កម្រិតកម្តៅនេះ គឺមិនក្តៅខ្លាំងដូចជាពពួកតារាយក្ស ឬក៏បន្ទុះស៊ូពើណូវ៉ាជាទូទៅនោះឡើយ។ តាមការគណនាទម្រង់ពន្លឺពណ៌ក្រហម (redshift) បានឲ្យដឹងថា the Finch មានចម្ងាយ ៣ពាន់លានឆ្នាំពន្លឺពីផែនដីយើង ដែលរយៈចម្ងាយបែបនេះមានតែតេឡេស្កូបអវកាស Hubble ប៉ុណ្ណោះ ទើបអាចមានសមត្ថភាពអង្កេតអំពីវាបាន។

  • តើ Hubble អាចបញ្ជាក់អ្វីចំពោះ «the Finch» នោះ?

ក្រោយការអង្កេតរបស់ Hubble ក្រុមតារាវិទូមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះពួកគេបានរកឃើញថា the Finch មិនមែនស្ថិតក្នុងកាឡាក់ស៊ីណាមួយឡើយ។ មួយវិញទៀត LFBOTs កន្លងមកនេះ តែងតែត្រូវបានរកឃើញចេញពីតំបន់ដៃ (spiral arms) របស់កាឡាក់ស៊ី ប៉ុន្តែចំពោះ the Finch វិញត្រូវបាន Hubble រកឃើញថា ស្ថិតនៅតំបន់អន្តរកាឡាក់ស៊ី (intergalactic space) ដោយវាស្ថិតនៅ ៥០,០០០ឆ្នាំពន្លឺពីកាឡាក់ស៊ីរាងគូទខ្យងធំមួយ និង ១៥,០០០ឆ្នាំពន្លឺពីកាឡាក់ស៊ីតូចមួយទៀត។

ទីតាំងខាងលើនេះ ហាក់ប្រឆាំងទៅនឹងគំនិតដែលថា the Finch អាចជា supernova។ តារាវិទូខ្លះបានគិតថា ពួកវាអាចជាតារាយក្សមួយ ដែលត្រូវបានធាក់ចេញពីកាឡាក់ស៊ីមួយ ទៅកាន់តំបន់អន្តរកាឡាក់ស៊ី ហើយក៏កើតមានបន្ទុះ supernova ដ៏ចម្លែក។ ប៉ុន្តែតារាធំៗមានអាយុជីវិតត្រឹមតែ ២ ទៅ ៣លានឆ្នាំប៉ុណ្ណោះ ដែលប្រការនេះពិតជាមិនអាចឲ្យវារក្សាវត្តមាន រហូតចល័តដល់ចំណុចអន្តរកាឡាក់ស៊ីនោះឡើយ។

ជុំវិញចម្ងល់ខាងលើនេះ តារាវិទូ Ashley Chrimes មកពីអង្គការអវកាសអឺរ៉ុប ESA បានលើកឡើងថា «ការសិក្សាអំពី LFBOTs កាន់តែច្រើនពេលណា ​នោះយើងនឹងកាន់តែភ្ញាក់ផ្អើលខ្លាំងពេលនោះ… យើងបានបង្ហាញថា LFBOTs អាចលេចឡើងនៅឆ្ងាយពីចំណុចកណ្តាល នៃកាឡាក់ស៊ីដែលស្ថិតនៅកៀកវា ហើយទីតាំងរបស់ the Finch នោះ មិនមែនជាអ្វីមួយដែលយើងរំពឹងទុកថា អាចកើតមាន supernova ទៅរួចនោះឡើយ…»។

  • តើ the Finch អាចជាអ្វី?

ដើម្បីជាពន្លឺនៃការយល់ដឹង និងវិភាគជាបឋម ក្រុមតារាវិទូបានផ្តល់ការសន្និដ្ឋានចំនួន ២ ចំពោះការពិតដែលអាចទៅរួចនៃ the Finch ដូចខាងក្រោម៖

ទី១៖ បាតុភូត the Finch អាចជាផ្កាយមួយដែលត្រូវបានពុះហែក ដោយប្រហោងខ្មៅ (Black Hole) កម្រិតមធ្យមណាមួយ ដោយ Black Hole នោះអាចមានម៉ាស់ចន្លោះពី ១០០ ទៅ ២ ឬ ៣ពាន់លានដងនៃម៉ាស់របស់ព្រះអាទិត្យយើង។ ប្រសិនបើ the Finch មានវត្តមានក្នុងក្រុមផ្កាយរណប ឬកាឡាក់ស៊ីរណប (Globular Cluster) នោះការសន្និដ្ឋាននេះ ពិតជាសមហេតុផល ព្រោះថានៅក្នុង globular cluster ក៏មាននូវប្រហោងខ្មៅដែរ។ តេឡេស្កូបអវកាស James Webb ដែលមានកែវអុបទិចប្រកបដោយឥទ្ធិពល ពិតជាអាចសិក្សាលើប្រធានបទនេះបាននៅថ្ងៃអនាគត។

Hubble អង្កេតការជះពន្លឺចម្លែកចម្ងាយ «៣ពាន់លានឆ្នាំពន្លឺ» និងមិនទាន់ដឹងថាជាអ្វីឡើយ (មានវីដេអូ)
ការសន្និដ្ឋានអំពី the Finch (រូបភាពពីបរទេស)

ទី២៖ បាតុភូត the Finch អាចជាព្រឹត្តិការណ៍ស៊ូពើណូវ៉ាពិសេសមួយ ដែលយើងទើបដឹងឮថ្មីៗនេះ នោះគឺ គីឡូណូវ៉ា (Kilonova)។ Kilonova គឺជាលទ្ធផលបានមកពីការបុកគ្នារវាងតារាណឺតុង (neutron star) ចំនួន ២ ឬក៏ពេលខ្លះរវាងតារាណឺងត្រុងមួយ ជាមួយនឹង Black Hole មួយទៀត។ យ៉ាងណាក៏ដោយ ៣ពាន់លានឆ្នាំពន្លឺពិតជារយៈចម្ងាយដ៏មហាសែនឆ្ងាយ និងជាអតីតកាលដ៏មហាយូរអង្វែង ដែលទាំងនេះពិតជាលំបាកខ្លាំងណាស់ ក្នុងការឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការអង្កេត និងវែកញែក។ មានតែការសិក្សាបន្តទៅមុខប៉ុណ្ណោះ ទើបអាចឲ្យយើងរកឃើញ ការពន្យល់ដ៏សមស្របមួយបាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/the Royal Astronomical Society (ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣)

480×240 Banner