«សូរ្យគ្រាសកងភ្លើង» នៅទ្វីបអាមេរិកទាំង២ នឹងកើតឡើងម្តងទៀតនៅឆ្នាំ២០៤៦ ឯណោះ (មានវីដេអូ)
(អាមេរិក)៖ បាតុភូតសូរ្យគ្រាសចិញ្ចៀនភ្លើង ឬកងភ្លើង (Annular Solar Eclipse ឬ Eclipse Ring of Fire) នឹងកើតឡើងពីលើតំបន់អាមេរិកខាងជើង អាមេរិកកណ្តាល និងអាមេរិកខាងត្បូង នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ (ម៉ោងនៅសហរដ្ឋអាមេរិក) ត្រូវនឹងពាក់កណ្តាលយប់ថ្ងៃដដែល (ម៉ោងនៅប្រទេសកម្ពុជា)។

សូរ្យគ្រាសចិញ្ចៀនភ្លើង គឺជាបាតុភូតកម្រមួយទៅហើយ តែអ្វីដែលកាន់តែកម្របន្ថែមទៀតនោះ សម្រាប់ទ្វីបអាមេរិកដដែល នឹងមិនអាចមើលឃើញបាតុភូតបែបនេះម្តងទៀតឡើយ រហូតដល់ឆ្នាំ ២០៤៦ ឬស្មើនឹង ២៣ឆ្នាំទៀត។ ទស្សនាវីដេអូពន្យល់អំពីសូរ្យគ្រាសចិញ្ចៀនភ្លើង ដែលនឹងកើតឡើងនៅទ្វីបអាមេរិក៖
គិតត្រឹមថ្ងៃទី១០ ខែតុលានេះ គឺនៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍សូរ្យគ្រាសចិញ្ចៀនភ្លើង ឬកងភ្លើងដ៏កម្រ (Annular Solar Eclipse) នឹងកើតឡើងពីលើទឹកដីសហរដ្ឋអាមេរិក ដោយតំបន់ជាច្រើននឹងមើលឃើញពេញលេញ (១០០%) តែម្តង នូវបាតុភូតដែលនឹងកើតឡើង នៅថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣ ដោយចាប់ផ្តើមពីម៉ោង ៩៖១៣នាទីព្រឹក ម៉ោងនៅរដ្ឋ Oregon ភាគពាយ័ព្យសហរដ្ឋអាមេរិក (ត្រូវនឹងម៉ោង ១១៖១៣នាទីយប់ថ្ងៃដដែលម៉ោងនៅកម្ពុជា) រួចនឹងបិទបញ្ចប់ទៅវិញនៅម៉ោង ១២៖០៣នាទីថ្ងៃត្រង់ ម៉ោងនៅរដ្ឋ Texas (ត្រូវនឹងម៉ោង ១២៖០៣នាទីអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ម៉ោងនៅកម្ពុជា)។

គួរបញ្ជាក់ថា ខាងលើនេះ គឺជាព្រឹត្តិការណ៍សូរ្យគ្រាសចិញ្ចៀនភ្លើង ដែលនឹងកើតឡើងលើតំបន់អាមេរិកខាងជើង អាមេរិកកណ្តាល និងអាមេរិកខាងត្បូងប៉ុណ្ណោះ ហេតុដូច្នេះប្រទេសកម្ពុជាយើងដែលស្ថិតនៅទ្វីបអាស៊ី នឹងមិនអាចមើលឃើញដោយផ្ទាល់ឡើយ តែអាចទស្សនាបានតាមរយៈការ Live នៅក្នុងវែបសាយ និងគណនីបណ្តាញសង្គមអាមេរិកជាច្រើនជាពិសេសគឺអង្គការ NASA និងសារព័ត៌មាន SPACE ជាដើម ដែលនឹងចាប់ផ្តើមនៅម៉ោង ១១៖១៣នាទីយប់ថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣ (ម៉ោងនៅប្រទេសកម្ពុជា)៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Independent (ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣)
