NASA បញ្ចេញលទ្ធផលបឋម ក្រោយការបើកប្រអប់ស្តុក «សំណាកអាចម៍ផ្កាយ Bennu» (មានវីដេអូ)

820

(អាមេរិក)៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ អង្គការ NASA នៃសហរដ្ឋអាមេរិក បានធ្វើការបើកបង្ហាញជាសាធារណៈនូវប្រអប់ស្តុក (capsule) គំរូងតាង ឬសំណាក (sample) របស់អាចម៍ផ្កាយ Bennu ដែលយាន OSIRIS-REx បានចំណាយពេលជាច្រើនឆ្នាំ និងចល័តក្នុងរយៈចម្ងាយរាប់ពាន់លានគីឡូម៉ែត្រ ទើបអាចយកមកទម្លាក់លើភពផែនដីយើងបាន។

កម្មវិធីបើក capsule ផ្ទុក sample យកបានពី Bennu (រូបភាពពី NASA)

មុនការបើក Capsule នោះ ក្រុមជំនាញ NASA ធ្លាប់បានបញ្ជាក់រួចហើយថា sample ទាំងអស់មានទម្ងន់ប្រមាណ ២៥០ក្រាម លើសផែនការដើមដែលគ្រោងយកឲ្យបានតែ ៦០ក្រាមប៉ុណ្ណោះ។ នៅក្នុងការបើកប្រអប់ ដែលមានការ Live ផ្ទាល់តាមរយៈវែបសាយ និងគណនី YouTube ក៏ដូចជា Facebook ផ្លូវការរបស់ NASA នោះ គ្រប់គ្នាបានឃើញកម្ទេចកម្ទីថ្មដែលជាសំណាករបស់ Bennu នៅក្នុង capsule រាងមូលដូចប្រអប់នំ Danisa។

កម្មវិធីបើក capsule ផ្ទុក sample យកបានពី Bennu (រូបភាពពី NASA)

អង្គការ NASA បានបញ្ចេញលទ្ធផលជាបឋមថា «sample របស់ Bennu ទាំងអស់នេះ ពោពេញដោយសមាសធាតុកាបូន (carbon) ច្រើនជាងការរំពឹងទុក ហើយក៏មាននូវម៉ូលេគុលទឹកដ៏សម្បូរបែបមួយ នៅក្នុងសំណាកដែលមានអាយុកាលប្រមាណ ៤.៥ពាន់លានឆ្នាំ (ដំណាលនឹងការកកើតផែនដី និងប្រព័ន្ធព្រះអាទិត្យទាំងមូល) នេះផងដែរ។ ២មុខនេះរួមបញ្ចូលគ្នា ក៏អាចមានន័យថា សមាសធាតុដែលជាមូលដ្ឋានគ្រឹះក្នុងបង្កើតជីវិតលើភពផែនដី ក៏អាចត្រូវបានកាក់ទុក នៅក្នុងដុំថ្មអវកាសដូចជា Bennu នោះដែរ»។

NASA បញ្ចេញលទ្ធផលបឋម ក្រោយការបើកប្រអប់ស្តុក «សំណាកអាចម៍ផ្កាយ Bennu» (មានវីដេអូ)
Capsule ផ្ទុក sample យកបានពី Bennu (រូបភាពពី NASA)

លទ្ធផលបឋមទាំងនេះ គឺសមស្របទៅនឹងគោលដៅរបស់ NASA និងអង្គការអវកាសដទៃទៀត ក្នុងការស្រាវជ្រាវរកប្រភពដើម នៃជីវិតនៅលើភពផែនដី។ សម្រាប់ការបែងចែក sample ទៅកាន់ដៃគូអន្តរជាតិ នឹងត្រូវធ្វើឡើងនៅរយៈពេល ៦ខែបន្ទាប់ ដោយក្នុងនោះ NASA នឹងរក្សាទុកខ្លួនឯង ៧០% ដើម្បីធ្វើការពិសោធន៍នៅរយៈពេល ២ឆ្នាំទៅមុខទៀត, ២៥% នឹងត្រូវបែងចែកទៅកាន់អ្នកវិទ្យាសាស្ត្រជាង ២០០នាក់ មកពីស្ថាប័នសរុបចំនួន ៣៥ របស់អន្តរជាតិ, ៤% ប្រគល់ឲ្យអង្គការអវកាសកាណាដា (CSA) និង ០.៥%ទៀត ប្រគល់ឲ្យអង្គការអវកាសជប៉ុន (JAXA)។

Capsule ផ្ទុក sample យកបានពី Bennu (រូបភាពពី NASA)

គួរបញ្ជាក់ថា អំលុងពេល ២សប្តាហ៍ បន្ទាប់ពីការយកបាន sample នេះ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការត្រួតពិនិត្យឆាប់រហ័ស ទៅលើកម្ទេចអាចម៍ផ្កាយនេះ តាមរយៈឧបករណ៍មីក្រូស្កូប, កាំរស្មីអ៊ិច (X-ray) និងការវិភាគគីមីសាស្ត្រផងដែរ។ NASA ក៏បានបង្កើតគំរូ 3D តាមកុំព្យូទ័រទៅលើភាគល្អិតមួយ ក្នុងចំណោមភាគល្អិតនានារបស់ sample ដើម្បីបង្ហាញឲ្យគ្រប់គ្នាឃើញត្រួសៗ អំពីផ្ទៃក្នុងដ៏សម្បូរបែប របស់ភាគល្អិតនោះផងដែរ។ ហេតុដូច្នេះហើយទើបក្នុងតំណាក់កាលបឋមនេះ ក្រុមអ្នកវិទ្យាសាស្ត្របានប្រកាសពីការរកឃើញវត្តមាននៃកាបូន និងទឹក នៅក្នុង Sample នោះតែម្តង៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣)

480×240 Banner