ជោគជ័យថ្មីសម្រាប់ឥណ្ឌា ដែលកំពុងត្រៀមកសាងស្ថានីយអវកាស និងបញ្ជូនមនុស្សទៅព្រះចន្ទនៅឆ្នាំ២០៤០ (មានវីដេអូ)
(ញូដេលី)៖ នៅទីបំផុតការធ្វើតេស្តយាន Capsule (មិនមានមនុស្សជិះ) ដែលអាចដឹកមនុស្សបានរបស់ អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា (ISRO) បានសម្រេចជោគជ័យជាស្ថាពរហើយ នៅកំលុងម៉ោង ១០ព្រឹក ថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣នេះ (ម៉ោងនៅរដ្ឋធានីញូដេលី)។
ការធ្វើតេស្តខាងលើនេះ បានកើតមានឡើងនៅឯមូលដ្ឋានបាញ់បង្ហោះយានរបស់ ISRO ស្ថិតនៅលើកោះ Sriharikota នៃជ្រោយសមុទ្រ Bengal ហើយក្រោយការហោះឡើងទៅលើអាកាស និងធ្លាក់ចុះលើផ្ទៃសមុត្រវិញ តាមរយៈឆ័ត្រយោង (ស្រដៀងយាន Orion របស់ NASA/Boeing) នាវារបស់កងទ័ពជើងទឹកឥណ្ឌា បានទៅស្រង់យក។

Capsule ខាងលើនេះ ត្រូវបានដាក់ឈ្មោះថា Sanskrit ដែលមានន័យថា «យានជិះទៅកាន់មេឃា» ស្ថិតនៅក្នុងកម្មវិធីអភិវឌ្ឍ ដើម្បីកសាងស្ថានីយអវកាស Gaganyaan ផ្ទាល់ខ្លួនរបស់ឥណ្ឌា ដែលចំណាយទឹកប្រាក់រហូតដល់ទៅ ១ពាន់លានដុល្លារសហរដ្ឋអាមេរិក។

យាន Sanskrit នឹងដឹកក្រុមអវកាសយានិកឥណ្ឌាដំបូង ទៅកាន់ទីអវកាសក្នុងរយៈកម្ពស់ ៤០០គីឡូម៉ែត្រពីផ្ទៃផែនដី នៅឆ្នាំ២០២៤ ខណៈឥណ្ឌាគ្រោងកសាងស្ថានីយអវកាស Gaganyaan ឲ្យបានរួចរាល់នៅឆ្នាំ២០៣៥ ហើយការដឹកនាំអវកាសយានិកឥណ្ឌាដំបូងទៅកាន់ព្រះចន្ទ នឹងកើតឡើងនៅឆ្នាំ២០៤០៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ BBC/ISRO/SPACE
