NASA និង Berkeley ត្រៀមកសាង «មជ្ឈមណ្ឌលអវកាស» នៅ Silicon Valley រដ្ឋកាលីហ្វ័រញ៉ា
(បរទេស)៖ ទីភ្នាក់ងារអវកាសជាតិសហរដ្ឋអាមេរិក (NASA) និងសាកលវិទ្យាល័យ Berkeley រដ្ឋកាលីហ្វ័រញ៉ា ទើបតែបានប្រកាសអំពីផែនការក្នុងការកសាង មជ្ឈមណ្ឌលអវកាស (Space Center) នៅតំបន់ Silicon Valley ដ៏មានសក្តានុពលបំផុតនៃរដ្ឋភាគនិរតីមួយនេះ ដោយនឹងត្រូវចំណាយថវិការហូតដល់ ២ពាន់លានដុល្លារ។ តើ Space Center មួយនេះនឹងមានអ្វីពិសេសខ្លះ?
គម្រោងបង្កើតមជ្ឈមណ្ឌលអវកាសខាងលើនេះ ស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ Berkeley និងមជ្ឈមណ្ឌលស្រាវជ្រាវ Ames របស់ NASA ដែលមានរយៈពេលជាង ២០ឆ្នាំមកហើយ ខណៈមជ្ឈមណ្ឌលថ្មីនេះ នឹងមានឈ្មោះជាផ្លូវការថា Berkeley Space Center។
Berkeley Space Center នឹងក្លាយជាថ្នាលបណ្តុះបណ្តាលមនុស្សជំនាន់ថ្មី ឲ្យមានសមត្ថភាពពិតប្រាកដលើវិស័យអវកាស រាប់ទាំងជំនាញធ្វើជាវិស្វករ និងអ្នកស្រាវជ្រាវ រហូតដល់ពាណិជ្ជករ ស្របពេលដែលឧស្សាហកម្មអវកាសឯកជន កាន់តែមានការរីកដុះដាលខ្លាំងឡើងទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅលើពិភពលោក។
ជុំវិញគម្រោងខាងលើនេះ លោក Eugene Tu នាយករបស់ Ames បានលើកឡើង តាមរយៈសេចក្តីថ្លែងការណ៍ជាមួយសាកលវិទ្យាល័យ Berkeley ថា «គោលដៅ ២ នៃបេសកកម្មរបស់ NASA គឺ៖ ការបំផុសគំនិតដល់អ្នកស្រាវជ្រាវជំនាន់ក្រោយ និងការផ្សព្វផ្សាយអំពីបច្ចេកវិទ្យា និងការស្រាវជ្រាវរបស់យើង សម្រាប់ជាប្រយោជន៍សាធារណៈ»។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលអវកាសខាងលើនេះ នឹងត្រូវចាប់ផ្តើមការសាងសង់នៅឆ្នាំ២០២៦ បន្ទាប់បញ្ចប់ការត្រួតពិនិត្យផលប៉ះពាល់ផ្នែកបរិស្ថាន។ សាកលវិទ្យាល័យ Berkeley នឹងគ្រប់គ្រងប្រមាណ ១០% នៃផ្ទៃសរុប ១៣០,០០០ម៉ែត្រក្រលា របស់មជ្ឈមណ្ឌលថ្មីនេះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣)