យល់ដឹងមូលហេតុដែល Betelgeuse ឡើងចុះពន្លឺ, តើវានឹងផ្ទុះមែនឬ? (លទ្ធផលសិក្សាថ្មី) (មានវីដេអូ)

699

(បរទេស)៖ ផ្កាយយក្សក្រហម ប៊ីធែលជូស (Betelgeuse) នៅតែកំពុងស្ថិតក្នុងមន្ទិល ព្រមទាំងការបារម្ភលាយឡំគ្នា ពីសំណាក់មនុស្សជាតិលើភពផែនដី ព្រោះតែយើងអាចមើលឃើញវារាល់រាត្រី ហើយអ្វីដែលសំខាន់បំផុតនោះ គឺក្រុមតារាវិទូធ្លាប់បានព្យាករណ៍ថា វានឹងផ្ទុះ (Supernova) ខណៈការភ្ញាក់ផ្អើល និងតាមដានព័ត៌មានរបស់ផ្កាយនេះ បានកើតឡើងតាំងតែពីដើមឆ្នាំ២០១៩ មកម្ល៉េះ។

ឥលូវនេះ គឺចុងឆ្នាំ២០២៣ ហើយ ដោយក្រុមអ្នកសិក្សាអន្តរជាតិមួយ ទើបតែបានចេញមុខ ដើម្បីពន្យល់ហេតុផលសមរម្យថ្មីមួយទៀត ដែលអាចជាលើកចុងក្រោយ ទៅលើមូលហេតុដែល Betelgeuse ឡើងចុះពន្លឺ ដ៏ចម្លែកបំផុត (the Great Dimming Event) នោះ។ ការពន្យល់នេះ គឺហាក់ដូចជាច្រានចោល នូវរាល់ការព្យាករណ៍ទាំងអស់ពីមុនដែលថា ផ្កាយមានចម្ងាយខ្ទង់ ៦៥០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ), ម៉ាស់ធ្ងន់ជាងព្រះអាទិត្យ ១៥ដង និងមាឌធំជាងព្រះអាទិត្យ ៧០០ដងមួយនេះ នឹងកើតមានបន្ទុះស៊ូពើណូវ៉ា (Supernova)

លទ្ធផលអង្កេតលើផ្កាយ Betelgeuse ដោយក្រុមតារាវិទូអន្តរជាតិ (រូបភាពពីបរទេស)

យោងទៅលើរូបភាពថ្មីៗ ដែលត្រូវបានបញ្ចេញដោយតេឡេស្កូបរបស់មន្ទីរអង្កេតតារា នៃអង្គការអឺរ៉ុប ESO កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមតារាវិទូអាចយល់បានយ៉ាងច្បាស់ថា កម្រិតពន្លឺ និងស្ថានភាពរបស់ផ្កាយ Betelgeuse បានឈានទៅរកសភាពដើម ដូចកាលពីមុនពេលកើតមាន ព្រឹត្តិការណ៍ថយចុះពន្លឺដែលបានចាប់ផ្តើមកាលពីដើមឆ្នាំ២០១៩ នោះវិញហើយ។ ដូច្នេះពួកគេបានសន្មត់ថា ការព្យាករណ៍ថា Betelgeuse បានឲ្យសញ្ញាជិតផ្ទុះនោះ គឺមិនត្រឹមត្រូវឡើយ

រូបភាពថ្មីៗរបស់ Betelgeuse គឺត្រូវបានថតដោយក្រុមអ្នកសិក្សាមួយ មកពីសាកលវិទ្យាល័យ Université Côte d’Azur នៃប្រទេសបារាំង ដោយប្រើប្រាស់ឧបករណ៍ អង្កេតពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម MATISSE (Multi Aperture mid-Infrared Spectroscopic Experiment) នៅលើតេឡេស្កូប VLT (the Very Large Telescope) របស់អង្គការអឺរ៉ុប ESO ស្ថិតនៅប្រទេសឈីលី។ ក្រុមការងារនេះ បានអង្កេតផ្កាយ Betelgeuse ចាប់តាំងពីវាមិនទាន់ប្រែប្រួលពន្លឺ រហូតដល់ពន្លឺវាថយចុះយ៉ាងគំហុក និងចុងបញ្ចប់ពន្លឺវាក៏ប្រែមកសភាពធម្មតាវិញ (ចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែធ្នូឆ្នាំ២០២០ និងតំណាក់កាលបន្តបន្ទាប់ទៀត)

ទីតាំងនៃផ្កាយ Betelgeuse លើផ្ទៃមេឃផែនដី (រូបភាពពីបរទេស)

ក្រុមអ្នកសិក្សាខាងលើនេះបានពន្យល់ថា កាលពីដើមឆ្នាំ ២០១៩ យើងបានគិតថា ផ្កាយ Betelgeuse ចុះថយពន្លឺ តែតាមការពិតទៅខ្លួនផ្កាយនោះ មិនបានថយចុះពន្លឺអ្វីធំដុំឡើយ។ ការស្រអាប់ពន្លឺពេលមើលពីផែនដីទៅនោះ គឺដោយសារតែកម្ទេចធូលីនៃសារធាតុមួយប្រភេទ ដែលទំនងជា ស៊ីលីខុន ម៉ូណូអុកស៊ីត (Silicon Monoxide) ត្រូវបាន Betelgeuse ជះចេញទៅជុំវិញខ្លួនវា ក្រោយពីការកើតមានករណីផ្ទុះជះយ៉ាងកម្រោលមួយ ដែលអាចត្រូវបានបង្កឡើងដោយ ការចុះថយសីតុណ្ហភាពយ៉ាងគំហុក នៅតំបន់ណាមួយនៃផ្ទៃអណ្តាតភ្លើងរបស់តារាយក្សក្រហមនោះ។

យល់ដឹងមូលហេតុដែល Betelgeuse ឡើងចុះពន្លឺ, តើវានឹងផ្ទុះមែនឬ? (លទ្ធផលសិក្សាថ្មី) (មានវីដេអូ)
រូប 3D នៃពពកឧស្ម័នបាំងពន្លឺផ្កាយ Betelgeuse (រូបភាពពី NASA)

យោងតាមក្រុមអ្នកសិក្សានៃសាកលវិទ្យាល័យបារាំង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការប្រែប្រួលនៃរចនាសម្ព័ន្ធបរិយាកាសក្រៅបំផុត (photosphere) របស់ Betelgeuse និង Silicon Monoxide គឺជាកត្តាចម្បងដែលបានជំរុញហេតុការណ៍ ២ ទៀតកើតឡើងជាបន្តបន្ទាប់ នោះគឺចំណុចត្រជាក់ (cold spot ឬ dark spot) និងការជះចេញនូវពពកឧស្ម័ន (cloud of dust)»។ ប្រការនេះបាននាំឲ្យ Betelgeuse ថយចុះពន្លឺដល់កម្រិតខ្ពស់បំផុត ៦០% ក្នុងពេលមួយរយៈ (គិតចាប់ពីអំលុងខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែមីនា ឆ្នាំ២០២០) ហើយនៅពេលពពកធូលីចល័តទៅបាត់អស់ ទើបពន្លឺរបស់ Betelgeuse កើនឡើងមកវិញបន្តិចម្តងៗ និងឈានដល់កម្រិតធម្មតាតែម្តងនៅអំលុងខែមេសា ឆ្នាំ២០២៣ ដូចនៅមុនព្រឹត្តិការណ៍ the Great Dimming Event

រូបភាព 3D នៃលទ្ធផលអង្កេតដោយ Hubble កាលពីខែសីហា ឆ្នាំ២០២០ (រូបភាពពី NASA/ESA)

យ៉ាងណាក៏ដោយ ខាងលើនេះ ក៏មិនមែនជាលទ្ធផលនៃការសិក្សា ដែលមានលក្ខណៈថ្មីសុទ្ធសាធនោះដែរ។ យោងតាមលទ្ធផលអង្កេតរបស់ តេឡេស្កូបអវកាស Hubble នៃអង្គការ NASA និង ESA បានបង្ហាញចេញកាលពីខែសីហា ឆ្នាំ២០២០ ថា ព្រឹត្តិការណ៍ផ្ទុះជះសារធាតុនានាចេញពីផ្ទៃ Betelgeuse (ក្រុមតារាវិទូខ្លះបានហៅថា ជាការផោម) បានធ្វើឲ្យទីអវកាសនៅផ្នែកបែររកផែនដី ត្រូវបិទបាំងដោយពពកធូលី ហេតុដូច្នេះទើបការមើលពីផែនដីទៅវិញ ឃើញហាក់បីដូចជា Betelgeuse នោះស្រអាប់ គ្រាន់តែកាលណោះក្រុមតារាវិទូមិនអាចកំណត់បានពីប្រភេទជាក់លាក់នៃព្រឹត្តិការណ៍ និងពពកធូលីប៉ុណ្ណោះ៕

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា) (រក្សាសិទ្ធិនៃការបកប្រែ)
ប្រភព៖ SPACE/the Royal Astronomical Society (ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣)

480×240 Banner