BREAKING៖ អឺរ៉ុបបញ្ចេញស្នាដៃដំបូងនៃ «ទិដ្ឋភាពចក្រវាលពិតៗ» ផ្តិតដោយ Euclid (មានរូបភាព-វីដេអូ)
(អឺរ៉ុប)៖ នៅថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមការងារគ្រប់គ្រង តេឡេស្កូបអវកាស Euclid របស់អង្គការអវកាសអឺរ៉ុប (ESA) បានបញ្ចេញនូវស្នាដៃដ៏អស្ចារ្យជាផ្លូវការលើកដំបូង នោះគឺបណ្តុំរូបភាពពណ៌ពេញលេញ (Full-color images) របស់ចក្រវាល (Universe) ចំនួន «៥សន្លឹក» ដែលមិនខុសពីក្រុមការងារគ្រប់គ្រង តេឡេស្កូបអវកាស James Webb បានធ្វើ កាលពីខែកក្កដា ឆ្នាំ២០២២ នោះឡើយ។
នៅក្នុងឱកាសនោះ អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ René Laureijs បម្រើការងារឲ្យបេសកកម្ម Euclid បានគូសបញ្ជាក់ថា «យើងមិនដែលបានឃើញ បណ្តុំរូបភាពអវកាសបែបនេះឡើយពីមុនមក… វាពិតជាមានភាពលម្អិតខ្លាំងណាស់។ រូបទាំងអស់នេះក៏ស្រស់ស្អាត និងច្បាស់លាស់ជាងអ្វីដែលយើង ធ្លាប់សង្ឃឹមទុកពីមុនផងដែរ… រូបភាពទាំងនេះបានបង្ហាញនូវ រចនាសម្ព័ន្ធអវកាសជាច្រើន ដែលយើងមិនធ្លាប់បានឃើញ នៅក្នុងតំបន់ដែលយើងបានស្គាល់ច្បាស់រួចទៅហើយ នៃចក្រវាលក្បែរៗយើង»។
ការបង្ហាញរូបភាពអវកាសដំបូងរបស់ Euclid ចំនួន «៥សន្លឹក» នេះ ត្រូវបានធ្វើឡើងនៅទីក្រុង Darmstadt ប្រទេសអាល្លឺម៉ង់ ដោយមានការចូលរួមពី តំណាងមកពីបណ្តាប្រទេសអឺរ៉ុបទាំងឡាយ ដែលជាសមាជិករបស់អង្គការ ESA។ ជាការពិតណាស់ រូបភាពមួយសន្លឹកដំបូងរបស់ Euclid ត្រូវបានបង្ហាញចេញ តាំងតែពីខែកក្កដា ឆ្នាំ២០២៣មកម្ល៉េះ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា រូបមួយនោះមិនសំខាន់ឡើយ ព្រោះវាត្រូវបានផ្តិតយកមិនដល់កម្រិតទី ១ នៃសមត្ថភាពរបស់ Euclid នោះឡើយ។

សម្រាប់រូបភាពទាំង ៥ សន្លឹកខាងក្រោមនេះ គឺជាភាពអស្ចារ្យថ្មីមួយទៀត នៃចក្រវាលប្រកបដោយពណ៌ពេញលេញ (Full-color images of the Universe) ខណៈគោលដៅចម្បងបំផុតរបស់ Euclid គឺការសម្លឹងមើលទៅក្នុងចក្រវាលឲ្យជ្រៅ រហូតដល់ទៅ ១០ពាន់លានឆ្នាំពន្លឺ ដើម្បីឈ្វេងយល់អំពីការកកើតចក្រវាលខ្មៅងងឹត (Dark Universe) មួយនេះ។
- រូបភាពទី១៖ នេះជាទិដ្ឋភាពកាឡាក់ស៊ីបំបាំងកាយ (Hidden Galaxy) ដែលជាកាឡាក់ស៊ីរាងគូទខ្យង និងមានឈ្មោះជាផ្លូវការថា IC 342។ វាមានចម្ងាយខ្ទង់ ១០.៧លានឆ្នាំពន្លឺពីផែនដី។ ប្រសិនបើ IC 342 ភ្លឺខ្លាំង ហើយគ្មានរង្វង់ឌីស (disk) របស់កាឡាក់ស៊ី Milky Way យើងបិទបាំងទេនោះ វត្តមានរបស់កាឡាក់ស៊ីនេះ នឹងមានទំហំប៉ុនព្រះចន្ទ នៅលើផ្ទៃមេឃផែនដីមិនខាន។

- រូបភាពទី២៖ នេះជារូបភាពដែល Euclid ផ្តិតបាន ពេលចោលកាណុងទៅរក កញ្ចុំកាឡាក់ស៊ី Perseus Cluster ហើយអ្វីដែលយើងកំពុងឃើញនេះ គឺកាឡាក់ស៊ីសរុបជាង ១,០០០ ដែលមានចម្ងាយចាប់ពីខ្ទង់ ២៤០លានឆ្នាំពន្លឺពីផែនដី។

- រូបភាពទី៣៖ ចំណុចភ្លឺៗនៅក្នុងរូបភាពនេះ គឺសុទ្ធសឹងតែជាផ្កាយ នៅក្នុងកាឡាក់ស៊ីមិនពេញលក្ខណៈមួយឈ្មោះ NGC 6822 ដែលមានចម្ងាយប្រមាណ ១.៦លានឆ្នាំពន្លឺពីផែនដី។

- រូបភាពទី៤៖ ចំណុចភ្លឺៗ និងចំំរុះពណ៌ក្នុងរូបភាពនេះ គឺជាសុទ្ធសឹងជាផ្កាយ ដែលស្ថិតក្នុងកញ្ចុំផ្កាយមួយមានឈ្មោះថា NGC 6397 ចម្ងាយ ៧,៨០០ឆ្នាំពន្លឺពីផែនដី។ ពួកវាក៏ស្ថិតនៅក្នុងរង្វង់ឌីស (disk) របស់ Milky Way ដូចព្រះអាទិត្យយើងដែរ។

- រូបភាពទី៥៖ នេះគឺជា ណេប៊ុយឡា ក្បាលសេះ (Horsehead Nebula) ដែលតែងតែជាទីចាប់អារម្មណ៍ របស់ក្រុមតារាវិទូ និងអ្នកផ្តិតរូបភាពអវកាស។ បណ្តុំពពកធូលី និងឧស្ម័នរបស់ Horsehead Nebula នេះស្ថិតនៅចម្ងាយខ្ទង់ ១,៥០០ឆ្នាំពន្លឺពីផែនដី និងស្ថិតក្នុងតារានិករ Orion៕

គួរបញ្ជាក់ថា កម្មវិធីអភិវឌ្ឍតេឡេស្កូប Euclid ត្រូវបាន ESA អនុម័តកាលពីឆ្នាំ ២០១១ និងបានចាប់ដំណើរការផលិតកាលពីឆ្នាំ២០១៣ ជាមួយនឹងទឹកប្រាក់ជាង ៦០០លានអឺរ៉ូ (សម្រាប់ឆ្នាំនោះ)។ ការបាញ់បង្ហោះ Euclid ទៅកាន់ទីអវកាស បានកើតមានឡើងកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ និងបានទៅដល់គន្លងគោចរ L2 (Lagrange Point L2) ដែលមានចម្ងាយ ១.៥លានគីឡូម៉ែត្រពីផែនដី នៅរយៈពេល១ខែបន្ទាប់៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/ESA
(រូបភាពទាំងស្រុងពី ESA/Euclid’s team)
