ប្រសិនបើ NASA ទទួលថវិកាមិនគ្រប់ នោះបេសកកម្មទៅដឹក Sample ពីភពអង្គារមកផែនដី នឹងជួបបញ្ហា

419

(បរទេស)៖ បេសកកម្មនាំយកគំរូតាង ឬសំណាកពីភពព្រះអង្គារ មកកាន់ភពផែនដី ឬយើងហៅថា Mars Sample Return (MSR) ពេលនេះកំពុងមើលឃើញស្រមោលនៃបញ្ហាធំហើយ ព្រោះតែថវិកាជាតិនៃសហរដ្ឋអាមេរិក សម្រាប់អង្គការ NASA ដែលកំពុងត្រូវសភាដាក់ស្ថិតនៅក្នុងភាពមិនច្បាស់លាស់

ជុំវិញបញ្ហានេះ លោកស្រី Sandra Connelly ជំនួយការរងនៃរដ្ឋបាលទទួលបន្ទុកផ្នែកវិទ្យាសាស្ត្ររបស់ NASA បានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពី MSR នៅឯគណកម្មាធិការប្រឹក្សាយោបល់ ស្តីពីវិទ្យាសាស្ត្រភពរបស់ NASA ហៅកាត់ថា PSAC កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា «NASA បានចាត់ចែងក្រុមការងារចំនួន ៣ ឲ្យធ្វើការងារពាក់ព័ន្ធនឹង MSR ដើម្បីឲ្យពួកគេកាត់បន្ថយសកម្មភាពនានាវិញសិន ពាក់ព័ន្ធនឹងបេសកកម្មនេះ»

បេសកកម្ម Mars Sample Return (រូបភាពពី ESA)

វាកំពុងបង្កផលប៉ះពាល់លើផ្នែកយ៉ាងធំធេង ដោយតែភាពមិនច្បាស់លាស់កំពុងកើនឡើង ទៅលើចំនួនថវិកាដែលកម្មវិធី Mars Sample Return នឹងត្រូវទទួលបាន ក្រោយសភាធ្វើការអនុម័ត ទៅលើកញ្ចប់ថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ នោះ។ ប្រាកដណាស់ សភាតំណាងរាស្ត្រអាមេរិក នឹងអនុម័តថវិកា ៩៤៩.៣លានដុល្លារ តបតាមការស្នើពេញលេញរបស់ NASA ទៅលើគម្រោង MSR នេះ ប៉ុន្តែសម្រាប់ព្រឹទ្ធសភាវិញ គឺចង់ផ្តល់ឲ្យ NASA តែ ៣០០លានដុល្លារប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះទេ ព្រឹទ្ធសភាអាមេរិកថែមទាំងបានបោះពាក្យសម្តីថែមទៀត ដោយតម្រូវឲ្យ NASA ពិចារណាថា តើចង់ «កាត់បន្ថយការចំណាយ» លើគម្រោង MSR ឬមួយក៏ចង់ «លុបចោល» ប្រសិនបើការចំណាយសរុបឈានដល់កម្រិត ៥.៣ពាន់លានដុល្លារនោះ។ យ៉ាងណាក៏ដោយ ក្រុមការងារឯករាជ្យមួយធ្លាប់បានវាយតម្លៃថា បេសកកម្មនាំយក sample ពីភពអង្គារមកកាន់ផែនដី យ៉ាងហោចណាស់ក៏ត្រូវចំណាយចាប់ពី ៨-១១ពាន់លានដុល្លារអាមេរិកដែរ ទើបអាចចប់សព្វគ្រប់។

បេសកកម្ម Mars Sample Return (រូបភាពពី NASA)

ជុំវិញបញ្ហាខាងលើនេះ លោកស្រី Sandra Connelly បានឆ្លើយតបថា «ការកាត់បន្ថយថ្លៃចំណាយ និងការងារ» លើបេសកកម្ម MSR គឺជាមធ្យោបាយមួយ ដើម្បីបញ្ចៀសសេណារីយ៉ូអាក្រក់ ប្រសិនបើ NASA ទទួលបានត្រឹមតែថវិកា ដូចចំនួនដែលព្រឹទ្ធសភាចង់ផ្តល់ឲ្យនោះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន NASA កំពុងតែស្ថិតក្នុង ការបំពេញការងារបណ្តើរៗផង និងស្វែងរកដំណោះស្រាយផងដែលគេហៅថា Continuing Resolution (CR) ហើយកម្មវិធី CR នេះនឹងត្រូវបញ្ចប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឆាប់ៗខាងមុននេះហើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Space News (ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣)

480×240 Banner