BREAKING៖ ទីបំផុត SpaceX ធ្វើតេស្ត Starship ទៅកាន់គន្លងគោចរផែនដីជាលើកទី២! (មានវីដេអូ)
(អាមេរិក)៖ ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX បានចាប់ផ្តើមការធ្វើតេស្ត នាវាអវកាស Starship ឲ្យហោះឡើងទៅកាន់គន្លងគោចរជុំវិញភពផែនដីជាលើកទី ២ (Starship Orbital Flight Test 2) ហើយ ដោយ Starship មានរហស្សនាមថា «Ship 25» ត្រូវបានដាក់បន្តុបពីលើរ៉ុក្កែតយក្ស Super Heavy ដែលមានរហស្សនាមថា «Booster 9» (សរុបចូលគ្នាមានទម្ងន់ជាង ៥,០០០តោន និងកម្ពស់ ១២១ម៉ែត្រ) នៅវេលាម៉ោង ៧៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ (ម៉ោងនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង ៨៖០០នាទីយប់ថ្ងៃដដែល (ម៉ោងនៅប្រទេសកម្ពុជា)។
ក្រោយការពន្យារពេលតែបន្តិចប៉ុណ្ណោះ នាវាអវកាស Ship 25 ត្រូវបានរ៉ុក្កែត Booster 9 បញ្ឆេះម៉ាស៊ីនរ៉ាប់ទ័រ (Raptor) ទាំង ៣៣គ្រឿងរបស់តែម្តង រុញច្រានទៅដល់រយៈកម្ពស់ដែលត្រូវផ្តាច់ខ្លួន នៅរយៈពេល ២នាទី និង ៥០វិនាទី ក្រោយការហោះឡើងពីផ្ទៃដី នៅក្នុងរយៈកម្ពស់ ៧៥គីឡូម៉ែត្រ។ ក្រោយផ្តាច់ខ្លួន រ៉ុក្កែត Super Heavy នោះត្រូវបានកំណត់ឲ្យទម្លាក់ខ្លួន (កម្ទេចចោល) នៅក្នុងឈូងសមុទ្រម៉ិកស៊ិក ហើយនេះជាភាពជោគជ័យក្នុងដំណាក់កាលទី ១ (First Stage ឬ Hot-Stage) ដែលកាលពីការធ្វើតេស្តលើកទី ១ មិនអាចសម្រេចបានឡើយ។

យ៉ាងណាក៏ដោយ ចូលមកដល់ដំណាក់កាលទី ២ (Second Stage) ដែល Starship ត្រូវប្រឹងត្បុលឡើងទៅទីអវកាសដោយប្រើម៉ាស៊ីន Raptor ទាំង ៦គ្រឿងរបស់វានោះ គឺមិនបានសម្រេចឡើយ ដោយក្រោយការហោះឡើងទៅដល់រយៈកម្ពស់ ១៤៩គីឡូម៉ែត្រ (ក្រោយរយៈពេល ៨នាទីនៃការហោះឡើងពីផ្ទៃដី) វាក៏ធ្លាក់ចុះមកវិញបន្តិចដល់រយៈកម្ពស់ ១៤៨គីឡូម៉ែត្រវិញ ហើយ Ship 25 មួយនេះក៏បានដាច់ការទាក់ទងតែម្តង។ ដោយឡែកវាជាលើកដំបូងហើយសម្រាប់នាវា Starship ក្នុងការចូលទៅដល់ទីអវកាស (Space)។

គួរបញ្ជាក់ថា Starship មានបំពាក់ប្រព័ន្ធមួយហៅថា “automated flight termination system” ដែលវាអាចបំផ្លាញខ្លួនឯងចោលលើអាកាសបាន ក្នុងករណីមានភាពមិនប្រក្រតីកើតឡើង។ ដូច្នេះសរុបសេចក្តីមក Starship បានបំផ្ទុះខ្លួនឯងបាត់ទៅហើយ៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និងវីដេអូ៖ NASA Space Flight / SpaceX
