ផ្ទាំងទឹកកកធំជាងគេលើផែនដី (ធំជាងខេត្តស្វាយរៀង) លាចាកទ្វីប Antarctica រហូតហើយ… (មានវីដេអូ)

11,437

(បរទេស)៖ ផ្ទាំងទឹកកក (iceberg) ធំជាងគេលើលោកមានឈ្មោះថា A23a ដែលបានប្រេះចេញពី ធ្នើទឹកកក ហ្វីលឆ្នឺ (Filchner Ice Shelf) នៅជាប់ទ្វីបអង់តាកទិក (Antarctica) តាំងតែពីឆ្នាំ១៩៨៦នោះ មកដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រមើលឃើញថា បានរសាត់ចេញពីទ្វីបអង់តាកទិកហើយ ដោយគ្មានថ្ងៃណាវិលត្រលប់វិញទេ។

A23a មានទំហំជិត ៤,០០០គីឡូម៉ែត្រក្រលា និងកម្រាស់ជិត ៤០០ម៉ែត្រឯណោះ ដែលធំជាងខេត្តស្វាយរៀង នៃប្រទេសកម្ពុជាយើងទៅទៀត (ខេត្តស្វាយរៀងមានផ្ទៃក្រលា = ២,៩៦៦គីឡូម៉ែត្រក្រលា) ឬស្មើនឹងទំហំបុរីញូយ៉ក (NYC) នៃសហរដ្ឋអាមេរិក គុណនឹង ៣។ សម្រាប់អនាគតរបស់ A23a នោះ គឺនឹងត្រូវរលំរលាយនៅក្នុង មហាសមុទ្រខាងត្បូង (Southern Ocean) បន្ទាប់ពីបានរំដោះខ្លួនចេញពីតំបន់ដែនសមុទ្រ វែដឌែល (Weddell Sea) នៅជាប់ទ្វីបអង់តាកទិក។

ការប្រៀបធៀបទំហំ A23a (រូបភាពពី BBC)

A23a ធ្លាប់ជាប់នាមជាផ្ទាំងទឹកកកធំជាងគេ និងរបូតទៅវិញជារឿយៗ បន្ទាប់ពីផ្ទាំងទឹកកកយក្សថ្មីៗបានរបេះចេញ និងរលាយបាត់ទៅវិញ។ ប៉ុន្តែខណៈពេលនៃការរសាត់ចេញពីទ្វីបអង់តាកទិកនេះ វាគឺជាផ្ទាំងទឹកកកមានទំហំធំបំផុតលើលោក ដែលបាននិងកំពុងរសាត់អណ្តែតក្នុងសមុទ្រ, នេះបើតាមការគូសបញ្ជាក់ពីលោក Christopher Shuman អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យរដ្ឋ Maryland សហរដ្ឋអាមេរិក និងមជ្ឈមណ្ឌល Goddard នៃអង្គការ NASA ប្រាប់សារព័ត៌មាន BBC របស់់អង់គ្លេស។

A23a បានក្លាយជាផ្ទាំងទឹកកកធំជាងគេលើលោកឡើងវិញ កាលពីខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីផ្ទាំងទឹកកកយក្សពីមុនគឺ A76a បានរលំរលាយកាន់តែខ្លាំង ក្រោយរសាត់ទៅកាន់តំបន់សមុទ្រទឹកក្តៅ។ A23a បានរបេះចេញពីធ្នើទឹកកកទ្វីបអង់តាកទិក ទាំងស្រុងតាំងតែពីឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែការចាប់ផ្តើមរសាត់ចេញពី ទ្វីបទឹកកកនេះតែម្តង ត្រូវបានរាយការណ៍កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ផ្ទាំងទឹកកកធំជាងគេលើផែនដី (ធំជាងខេត្តស្វាយរៀង) លាចាកទ្វីប Antarctica រហូតហើយ… (មានវីដេអូ)
ផ្ទាំងទឹកកក A23a (រូបភាពពី BBC)

គួររំលឹកថា កាលពីពេលដែលផ្ទាំងទឹកកកយក្ស A68 បានរបេះចេញពីធ្នើទឹកកក Larsen C ice shelf កាលពីខែកក្កដា ឆ្នាំ២០១៧ និងរលាយបាត់ទាំងស្រុងកាលពីខែមេសា ឆ្នាំ២០២១នោះ វាមានទំហំប្រហាក់ប្រហែលនឹង A23a ពេលនេះដែរ ដោយការរលាយអស់កាលណោះ គឺស្មើនឹងការបញ្ចេញទឹក «១ទ្រីលានតោន» ចូលទៅក្នុងសមុទ្រ ហើយជោគវាសនារបស់ A23a ក៏នឹងមិនខុសគ្នាប៉ុន្មានដែរ។

ផ្ទាំងទឹកកកនៅទ្វីបអង់តាកទិក (រូបភាពពីបរទេស)

បើតាមអ្នកវិទ្យាសាស្ត្រខាងលើ បានប្រាប់សារព័ត៌មាន BBC នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ដំណើរកកើតនៃធ្នើទឹកកក និងការប្រេះចេញ រួចរលាយចូលទៅក្នុងសមុទ្រវិញ របស់ផ្ទាំងទឹកធំៗកន្លងមកនេះ គឺជាវដ្តធម្មតានៃផ្ទាំងទឹកកកប្រភេទនេះ ដែលទំនងជាមិនពាក់ព័ន្ធនឹងការប្រែប្រួល អាកាសធាតុភពផែនដីឡើយ។ តែយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រផ្សេងទៀតនៅតែស្តីបន្ទោសថា បញ្ហានេះកើតឡើងដោយសារតែការកើនឡើងកម្តៅភពផែនដី៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Live Science (ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣)

480×240 Banner