ពន្យារពេលទៀត? NASA ទំនងជាមិនអាចនាំមនុស្ស ទៅជាន់ដីព្រះចន្ទនៅឆ្នាំ២០២៥ (មានវីដេអូ)

743

(បរទេស)៖ ការិយាល័យគណនីយ្យភាព នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក (GAO) ត្រូវបានដកស្រង់សេចក្តីប្រកាស នៅថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣ នេះថា ការដឹកនាំក្រុមអវកាសយានិក NASA ទៅកាន់ឋានព្រះចន្ទ ដែលត្រូវបានពន្យារពេលម្តងរួចទៅហើយពីចុងឆ្នាំ២០២៤ ទៅកាន់ចុងឆ្នាំ២០២៥ វិញនោះ នាពេលខាងមុខនេះទំនងជានឹងត្រូវពន្យារពេលជាថ្មីទៀត ដោយសារតែគម្រោងធំៗមួយចំនួន នៅតែមិនទាន់សម្រេចបានលទ្ធផលនៅឡើយ។

យោងតាមការគណនារបស់ក្រុមអ្នកអង្កេតរហ័ស ទៅលើផែនការគោលរបស់បេសកកម្ម អាតេមីស (Artemis) នៃអង្គការ NASA បូករួមទាំងការពន្យារពេលក្នុងការអភិវឌ្ឍ យានសម្រាប់ចុះចតផ្ទាល់លើព្រះចន្ទ និងសំលៀកបំពាក់អវកាស អាកស្យូម (Axiom) សម្រាប់ក្រុមអវកាសយានិកពេលទៅកាន់ទីនោះ គឺពិតជានឹងមិនអាចឲ្យបេសកកម្ម នាំក្រុមអវកាសយានិកដំបូង ទៅបោះមូលដ្ឋានស្រាវជ្រាវអចិន្ត្រៃយ៍លើព្រះចន្ទ អាចកើតឡើងនៅចុងឆ្នាំ ២០២៥ ទៅរួចឡើយ។

ពន្យារពេលទៀត? NASA ទំនងជាមិនអាចនាំមនុស្ស ទៅជាន់ដីព្រះចន្ទនៅឆ្នាំ២០២៥ (មានវីដេអូ)
(រូបភាពពីបរទេស)

ទីភ្នាក់ងារ GAO បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អង្គការ NASA និងដៃគូសហការរបស់ខ្លួន បានបោះជំហានជាច្រើនរួចមកហើយ ក្នុងនោះរួមមានការសម្រេចបាននូវ ជោគជ័យធំៗកន្លងមកនេះ ប៉ុន្តែពួកគេនៅតែកំពុងជួបបញ្ហាប្រឈមជាច្រើនទៀត ក្នុងនោះមានដូចជា ការអភិវឌ្ឍប្រព័ន្ធចុះចតមនុស្សលើព្រះចន្ទ (Human Landing System ឬ HLS) និងសំលៀកបំពាក់អវកាស (Spacesuits) ឲ្យទាន់ពេល។ ជាលទ្ធផល GAO បានវិភាគថា បេសកកម្ម អាតេមីស ៣ (Artemis III) ទំនងជានឹងមិនអាចកើតឡើងនៅចុងឆ្នាំ២០២៥ នោះទេ»។

(រូបភាពពី SpaceX)

តាមការត្រួតពិនិត្យរបស់ក្រុមជំនាញ GAO ពួកគេអាចគណនាថា បេសកកម្មនាំមនុស្សទៅជាន់ឋានព្រះចន្ទដោយ NASA ខាងលើនេះ នឹងអាចទៅរួចនៅដើមឆ្នាំ២០២៧។ យ៉ាងណាក៏ដោយ អង្គការ NASA មិនទាន់បញ្ចេញព័ត៌មានណាមួយថា ខ្លួននឹងមានការពន្យារពេល ដូចក្រុមការងារ GAO បានវាយតម្លៃនោះឡើយ។ ទោះជាបែបនេះក្តី ការសន្និដ្ឋានដូចអ្វីដែល GAO បានបញ្ចេញពេលនេះ ក៏មិនមែនជាលើកទី១នោះដែរ។

(រូបភាពពី NASA)

គួរបញ្ជាក់ថា សម្រាប់បេសកកម្ម អាតេមីស ១ (Artemis 1) របស់ NASA នោះគឺការបញ្ជូនយានទទេ (យាន Orion ផលិតដោយ Boeing) ទៅគោចរជុំវិញព្រះចន្ទ រួចត្រលប់មកកាន់ផែនដីវិញនោះ បានសម្រេចតាមផែនការ ១០០% កាលពីចុងឆ្នាំ២០២២ ហើយសម្រាប់ចុងឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ គឺនឹងដល់ពេលបេសកកម្ម អាតេមីស ២ (Artemis II) ចូលមកដល់ ដោយក្រុមអវកាសយានិកមានគ្នា ៤រូប ត្រូវជិះយាន អូរ៉ាយអិន (Orion) ចេញពីផែនដី រួចទៅធ្វើគោចរជុំវិញព្រះចន្ទ ទើបត្រលប់មកកាន់ផែនដីវិញ (ដោយមិនមានការចុះចតលើផ្ទៃព្រះចន្ទនោះទេ)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ CBS News/GAO (ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣)

480×240 Banner