គួរឲ្យខ្លាច… «យានរបស់ NASA ថតបានចលនាកញ្ជ្រោល និងផ្ទាំងខ្មៅដ៏ធំលើផ្ទៃព្រះអាទិត្យ» ដែលជាបាតុភូត…
(អាមេរិក)៖ យានអវកាសមួយគ្រឿងរបស់ NASA ដែលកំពុងឃ្លាំមើលព្រះអាទិត្យ បានផ្តិតយកទិដ្ឋភាពដ៏កម្រមួយ កើតមានឡើងនៅផ្ទៃរបស់វា ដែលអ្នកវិទ្យាសាស្ត្របានអះអាងថា វាជា «Encircling Filament»។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយអវកាស- វិទ្យាសាស្ត្រ Space.com នៅរសៀលថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
សរសៃ ឬកុំសួលអណ្តាតភ្លើងដ៏ចម្លែក និងកម្រខាងលើ ត្រូវចាប់យករូបភាពបានដោយយានអវកាស SDO របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីចន្លោះថ្ងៃទី២៩ និងទី៣១ ខែតុលា ហើយវាបានលេចឡើងក្នុងទម្រង់ជារូបធាតុក្រមៅ និងងងឹតមួយខ្សែ កួចព័ទ្ធជុំវិញតំបន់សកម្មមួយ នៅលើផ្ទៃនៃព្រះអាទិត្យ។ មន្ត្រីអង្គការ NASA បានឲ្យដឹងថា មានតែប៉ុន្មានពេលប៉ុណ្ណោះ ដែលពួកគេបានប្រទះឃើញវា នៅក្នុងរូបរាងដូចជារង្វង់ដូចនេះឡើង។
សរសៃសូឡាគឺជាដុំពពកភ្លើង ដែលរសាត់អណ្តែតពាសពេញពីលើផ្ទៃព្រះអាទិត្យ និងគ្រប់គ្រងចលនាដោយដែនម៉ាញេទិចរបស់វា ក៏ប៉ុន្តែពួកវាជាទូទៅមានរាងវែងអន្លាយៗ ទើបទម្រង់ដូចរង្វង់លើកនេះ ដែលថតបានដោយយាន SDO ទាក់ទាញចំណាប់អារម្មណ៍ក្រុមអ្នកវិទ្យាសាស្ត្រ ទោះបីជាវាពុំមានគុណតម្លៃផ្នែកវិទ្យសាស្ត្រអ្វីក៏ដោយ។

គួរបញ្ជាក់ថា យានអវកាស Solar Dynamics Observatory ដែលមានតម្លៃ ៨៥០លានដុល្លារ ត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០១។ វាមានតួនាទីសំឡឹងមើលទៅព្រះអាទិត្យដោយឥតអាក់ខានឡើយ ដើម្បីកត់ត្រានូវអាកាសធាតុរបស់ផ្កាយមួយដួងនេះរបស់យើង ហើយជួយអ្នកវិទ្យសាស្ត្រក្នុងការសិក្សាស្វែងយល់ និងតាមដានព្រឹត្តិការណ៍អាកាសនៃព្រះអាទិត្យ៕
![]()
![]()
