តើតំបន់ខ្មៅដ៏ធំលើព្រះអាទិត្យនោះជាអ្វី? អាចបង្កគ្រោះដល់ផែនដីទេ? (យល់ដឹង៤ចំណុច) (មានវីដេអូ)
(បរទេស)៖ លោកអ្នកពិតបានដឹងរួចមកហើយ អំពីដំណើរនៃវដ្តព្រះអាទិត្យ (Sun Cycle) ដែលតែងតែកើតឡើង ១១ឆ្នាំម្តង ហើយសម្រាប់នៅដំណាក់កាលចុងវដ្តដែលត្រូវនឹងឆ្នាំទី ១១ តែម្តង ព្រះអាទិត្យតែងតែបញ្ចេញ ចលនាកញ្ជ្រោលដល់កម្រិតកំពូល ឬអតិបរមា (យើងហៅថា Solar Maximum)។ សម្រាប់វដ្ត ២៥ (Solar Cycle 25) ដែលយើងកំពុងស្ថិតនៅនេះ គឺត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រព្យាករណ៍ជាថ្មីថា នឹងលឿនជាងវដ្តមុនៗ ១ឆ្នាំ នោះគឺវានឹងមកដល់នៅឆ្នាំ២០២៤ មិនមែនឆ្នាំ២០២៥ នោះទេ។
ការឈានចូលដល់ចុងវដ្តបែបនេះ គឺជាពេលវេលាដែលព្រះអាទិត្យ នឹងបញ្ចេញឥទ្ធិពលខ្លាំង គិតចាប់តាំងពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ ហើយមិនចាំបាច់តែឈានចូលដល់ឆ្នាំក្រោយនេះតែម្តងនោះទេ ដោយនៅអំលុងចុងឆ្នាំ២០២៣ នេះ យើងបាននិងកំពុងឃើញព្រះអាទិត្យ បង្ហាញភាពកញ្ជ្រោលជាបណ្តើរៗរួចទៅហើយ។ ការនិយាយអំពីឥទ្ធិពលខ្លាំងនេះ គឺចង់សម្តៅទៅលើការបង្ហាញវត្តមានកាន់តែច្រើននៃ ចំណុចខ្មៅព្រះអាទិត្យ (Sunspots) និងតំបន់ខ្មៅរីករាលដាលធំខ្លាំង ដែលអាចផ្ទុកវត្ថុប៉ុនផែនដីរហូតដល់រាប់សិប ហើយយើងហៅវាថា ប្រហោងខូរ៉ូណា (Coronal Hole)។

១៖ តើប្រហោងខូរ៉ូណា (Coronal Hole) ជាអ្វី?
ប្រហោងខូរ៉ូណា (Coronal Hole) ជាតំបន់ដ៏ធំធេងមួយនៅក្នុងស្រទាប់ ខូរ៉ូណា (Corona) របស់ព្រះអាទិត្យ ដែលមានសម្ពាធទាប និងសីតុណ្ហភាពមិនសូវក្តៅ ដូចតំបន់ជុំវិញវានោះឡើយ។ ប្រហោងប្រភេទៗនេះ តែងតែលេចឡើង នៅរាល់ពេលនៃចុងនៃវដ្តព្រះអាទិត្យ ហើយវាក៏ក្លាយជាសញ្ញាធម្មតាវិញ នៅពេលឈានចូលដើមវដ្តថ្មី។ Coronal Holes ទាំងឡាយ តែលេចឡើងលើផ្ទៃព្រះអាទិត្យ នៅពេលដែលដែនម៉ាញេទិចព្រះអាទិត្យ (magnetic field) បើកចំហនៅត្រង់តំបន់នោះ និងជះឥទ្ធិពលទៅកាន់ប្រព័ន្ធទាំងមូល។
២៖ តើ Coronal Hole អាចបង្កបញ្ហាដល់ភពផែនដីដែរឬទេ?
ប្រសិនបើមានវត្តមាន Coronal Hole ខ្នាតធំណាមួយនៅលើផ្ទៃព្រះអាទិត្យ ហើយវាបើកចំហមករកទិសដៅភពផែនដីនោះ វានឹងក្លាយជាឱកាសដែលខ្យល់ព្រះអាទិត្យ (Solar Wind) ជះមកលើផែនដីយើងជាច្រើនថ្ងៃឯណោះ។ រាល់កើតមាន Coronal Hole ម្តងៗ ក្រុមអ្នកតាមដានសកម្មភាពព្រះអាទិត្យ តែងតែធ្វើការអង្កេតជាប្រចាំថ្ងៃ ដើម្បីសិក្សាផង និងចេញសារព្រមានដល់ បេសកកម្មអវកាសនានាផងដែរ។
ត្រឹម Coronal Hole គឺមិនមែនជាអ្វីដែលយើង ត្រូវព្រួយបារម្ភចំពោះផែនដីឡើយ ប៉ុន្តែអ្វីដែលគួរឲ្យយកចិត្តទុកដាក់បំផុត គឺរាល់ពេល Corona Hole លេចបង្ហាញវត្តមាន ជាពិសេសចំពេលចុងវដ្តព្រះអាទិត្យ (Solar Maximum) បាតុភូតគ្រោះថ្នាក់ផ្សេងទៀត នឹងត្រូវបញ្ចេញពីព្រះអាទិត្យដែរ នោះគឺការជះចេញនូវអណ្តាតភ្លើង ពីស្រទាប់ខូរ៉ូណារបស់ព្រះអាទិត្យ (Coronal Mass Ejections ឬ CMEs)។

ប្រសិនបើមាន CME មួយជះមកកាន់ទិសដៅភពផែនដី នោះវាប្រៀបបីដូចជា ការកើតមានព្យុះព្រះអាទិត្យ (Solar Storm) ដែលបោកមកលើផែនដីយ៉ាងដូច្នោះដែរ។ ទោះបីជាមនុស្សលើផែនដី មានស្រទាប់បរិយាកាសការពារ និងដែនម៉ាញេទិចដ៏ខ្លាំងក្លានៃផែនដី ដែលអាចទប់ទល់រលកធាតុវិទ្យុសកម្មដ៏កំណាចទាំងនោះក្តី ក៏ប្រាកដណាស់ផ្កាយរណបនានាអាចនឹងជួបបញ្ហា (ដូចបទពិសោធន៍ក្រុមហ៊ុន SpaceX ធ្លាប់បានជួបប្រទះ) និងចរន្តអគ្គិសនីអាចនឹងត្រូវកាត់ផ្តាច់ (ដូចនៅប្រទេសកាណាដា ធ្លាប់បានឆ្លងកាត់) ប៉ុន្តែភាពគ្រោះថ្នាក់ទាំងអស់នេះ អាចត្រូវបានចាត់ទុកថា គឺជារឿងដ៏កម្របំផុត។
៣៖ តើមនុស្សលោកត្រូវការពារខ្លួន ឬអាចរងគ្រោះដោយសារ Coronal Hole ឬទេ?
យោងតាមការអង្កេតកន្លងមកនេះ Coronal Holes ទាំងឡាយ ដែលផ្លុំខ្យល់មកកាន់ផែនដីក្នុងល្បឿនជាង ៣លានគីឡូម៉ែត្រក្នុងមួយម៉ោងនោះ ត្រឹមតែអាចបង្កជាពន្លឺសំរាំងប៉ូល ឬអូរ៉ូរ៉ា (Aurora) និងធ្វើឲ្យផ្កាយរណបខ្លះ រអាក់រអួល ព្រោះតែការគេចទៅរកគន្លងគោចរសុវត្ថិភាពប៉ុណ្ណោះ។ សម្រាប់ស្ថានភាពបែបនេះ គឺយើងអាចសន្មត់ថា Coronal Holes មិនមែនជាបាតុភូតដែលមនុស្សត្រូវភ័យខ្លាច ឬក៏អាចបង្កគ្រោះថ្នាក់ដល់មនុស្សលើផែនដីឡើយ។

៤៖ តើ Coronal Hole ដែលទើបលេចចេញនៅចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០២៣ នេះអាចបង្កបញ្ហាឬទេ?
ដូចអ្វីដែលបានរៀបរាប់ខាងលើនេះរួចមកហើយ នោះគឺ Coronal Hole ដែលត្រូវបានប្រទះឃើញលើផ្ទៃព្រះអាទិត្យ និងបែរមុខមករកភពផែនដីយើងនេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ដែលមានប្រវែងប្រមាណ ៨០០,០០០km (អាចផ្ទុកវត្ថុប៉ុនភពផែនដីបានចំនួន ៦០) នោះ មិនបានបង្កបញ្ហាអ្វីដល់មនុស្សលើផែនដីឡើយ។ មនុស្សលោកត្រឹមតែអាចរីករាយ នឹងការបង្ហាញវត្តមាននៃពន្លឺ Aurora កាលពីថ្ងៃទី០៤ និងទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឬអាចយូរជាងនេះ នៅតំបន់ប៉ូលទាំងពីររបស់ផែនដីប៉ុណ្ណោះ តែយ៉ាងណាឥទ្ធិពលនៃ CME និង Coronal Hole ដ៏ធំនោះ ក៏នឹងធ្វើឲ្យពន្លឺ Aurora រាលដាលកាន់តែច្រើន និងបង្ហាញពណ៌កាន់តែក្រហមផងដែរ។

គួររំលឹកថា ពន្លឺសំរាំងប៉ូល (Aurora) ដែលនៅប៉ូលខាងជើងគេហៅថា Aurora Borealis (Northern Lights) និងប៉ូលខាងត្បូងហៅថា Aurora Australis (Southern Light) កើតឡើងដោយសារតែភាគល្អិត (Charged Particles) ជះចេញពីមកពីខ្យល់ព្រះអាទិត្យ ឬព្យុះព្រះអាទិត្យ ធ្វើប្រតិកម្មជាមួយភាគល្អិតក្នុងបរិយាកាសផែនដី ពីលើតំបន់ប៉ូលទាំងពីរ ហើយវាបង្ហាញវត្តមានច្រើន ឬតិច គឺអាស្រ័យទៅលើកម្រិតខ្លាំង ឬខ្សោយ នៃឥទ្ធិពលដែលជះចេញពីព្រះអាទិត្យនោះឯង។ តែយ៉ាងណា នៅពេលព្យុះបោកបក់មកខ្លាំង និងបណ្តាក់គ្នាពេក ក៏អាចធ្វើឲ្យដែនម៉ាញេទិចផែនដី ប្រឹងធ្វើការកាន់តែខ្លាំងទៅតាមនោះដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NOAA/EarthSky.org (ថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០២៣)
