ទម្រាំបានរូបថតភពអង្គារ ១សន្លឹកនេះ NASA ប្រើពេលយូរ និងបច្ចេកទេសពិសេស (មានវីដេអូ)
(បរទេស)៖ ប្រសិនបើថ្ងៃអនាគត មនុស្សលោកមានឱកាសធ្វើដំណើរ តាមរយៈយានអវកាសទៅកាន់ភពព្រះអង្គារ (Mars) នោះពួកគេនឹងមើលឃើញ ទិដ្ឋភាពមិនខុសពីរូបភាព ១សន្លឹកនេះឡើយ។ វាជារូបភាពថ្មីដែលត្រូវបានថតដោយ យានអង្កេតភពអង្គារ Odyssey របស់អង្គការ NASA ដែលជាការឆ្លើយតបនឹង ភាពងឿងឆ្ងល់ជាច្រើន អំពីទិដ្ឋភាពនៃបរិយាកាសដ៏ស្តើងរបស់ភពក្រហមនោះ។
Odyssey Orbiter បានផ្តិតរូបភាព១សន្លឹកនេះ នៅពេលវាគោចរនៅរយៈកម្ពស់ ៤០០km ពីផ្ទៃភពអង្គារ ដែលមិនសូវខុសពីរយៈកម្ពស់ដែល ស្ថានីយអវកាសអន្តរជាតិ (ISS) ធ្វើគោចរជុំវិញភពផែនដីនោះឡើយ។ លោកអ្នកអាចគិតថា នេះជារូបភាពសាមញ្ញៗ ប៉ុន្តែទម្រាំបានរូប១សន្លឹកនេះ ក្រុមអ្នកវិទ្យាសាស្ត្របានចំណាយពេលចូលខ្ទង់រាប់ខែ ដើម្បីបញ្ជា និងរង់ចាំយាន Odyssey គោចរទៅដល់ទីតាំងត្រឹមត្រូវមួយ ហើយថតឲ្យបានរូប១សន្លឹកនេះ ដែលអាចយកមកប្រៀបធៀប ជាមួយនឹងរូបភាពបរិយាកាសផែនដី ដែលត្រូវបានថតពីលើ ISS។

ជុំវិញសមិទ្ធផលថ្មីនេះ តារាវិទូ Jonathon Hill មកពីសាកវិទ្យាល័យរដ្ឋ Arizona សហរដ្ឋអាមេរិក បានលើកឡើងថា «ប្រសិនបើមានក្រុមអវកាសយានិក ស្ថិតនៅក្នុងគន្លងគោចរជុំវិញភពអង្គារពេលនោះ ពួកគេក៏នឹងឃើញទិដ្ឋភាពដូចនៅក្នុងរូបភាពនេះដែរ… មិនមានយានអវកាសណាផ្សេងទៀត ធ្លាប់ផ្តិតបានរូបភាព (ពិត) បែបនេះឡើយពីមុនមក…»។
រូបភាព១សន្លឹកនេះ ត្រូវបានថតដោយឧបករណ៍ចម្រាញ់រូបភាព THEMIS (Thermal Emission Imaging System) នៅលើយាន Odyssey។ មូលហេតុដែល NASA បានចំណាយពេលយូរ ដើម្បីផ្តិតរូបភាព១នេះ គឺដោយសារតែកាមេរ៉ារបស់ Odyssey ស្ថិតក្នុងទម្រង់ដែលត្រូវបាន Fixed (បំពាក់ជាប់យាន Odyssey ដោយឲ្យកាណុងវាចង្អុលទៅរកផ្ទៃភពអង្គាររហូតតែម្តង) ព្រោះនេះជាយានដែលគេប្រើប្រាស់ ដើម្បីគូសវាសផែនទីផ្ទៃភពអង្គារ។

អ្នកជំនាញខាងលើបានពន្យល់ទៀតថា ដើម្បីបានរូបភាពបរិយាកាសភពអង្គារ ជាលក្ខណៈទ្រវែងខាងលើនេះ ក្រុមការងារ NASA ត្រូវព្យាយាមបញ្ជាយាន Odyssey ឲ្យផ្អៀងខ្លួនរវាងរហូតដល់ទៅ ៩០ដឺក្រេ ដោយត្រូវឲ្យកាមេរ៉ា THEMIS ចោលកាណុងទៅរកជើងមេឃរបស់ភពអង្គារ ទើបអាចឲ្យវាផ្តិតបាននូវ វត្តមាននៃស្រទាប់បរិយាកាសភពអង្គារ ដូចក្នុងរូបភាពនេះ។
អ្វីដែលកាន់តែពិសេសនោះ រូបភាព១សន្លឹកនេះ មិនមែនកើតចេញពីការថតតែម្តងនោះឡើយ តែគេត្រូវបញ្ជាឲ្យ Odyssey រេទិសដៅសន្សឹមៗ និងបញ្ជាឲ្យវាថតរូបភាពប្រមាណជា ១០សន្លឹក ដើម្បីយកមកផ្គុំឲ្យចេញជារូបភាពលក្ខណៈវែង ១សន្លឹកនេះ។ ដើម្បីផ្តិតរូបភាពនេះបាន អង់តែនរបស់ Odyssey ក៏ត្រូវងាករេពីទិសដៅផែនដីមួយរយៈដែរ ដែលបានធ្វើឲ្យទំនាក់ទំនងជាមួយផែនដី ត្រូវកាត់ផ្តាច់សិន។

គួរបញ្ជាក់់ថា កិច្ចខិតខំប្រឹងប្រែងខាងលើនេះ មិនបានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ខកបំណងនោះឡើយ ដោយពួកគេបានទទួលមកវិញ នូវលទ្ធផលជាគួរជាទីមោទនៈ ប្រចាំចុងឆ្នាំ២០២៣។ បរិយាកាសផែនដីយើង អាចចាត់ទុកថាមានច្រើនស្រទាប់ និងក្រាស់ផងដែរ នោះគឺប្រមាណ ១០,០០០km ឯណោះពីផ្ទៃដី។ ដោយឡែក កម្រាស់នៃបរិយាកាសរបស់ភពអង្គារវិញ គឺស្មើមិនដល់ ១% នៃបរិយាកាសផែនដីឡើយ។ បរិយាកាសភពអង្គារផ្សំពីកាបូនឌីអុកស៊ី (CO2) ប្រមាណ ៩៥%, អាសូត ឬនីដ្រូសែន (Nitrogen) 3%, អាហ្គុន (Argon) ១.៦% និងមានលាយឡំតិចតួចបំផុតដោយ អុកស៊ីហ្សែន (O2), កាបូនម៉ូណូអុកស៊ីដ (Carbon Monoxide), ទឹក (Water) និងឧស្ម័នផ្សេងៗទៀត៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Science Alert/NASA (ថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០២៣)
