«ប្រព័ន្ធផ្កាយ និងភពចម្លែក» ស្ថិតនៅចម្ងាយ៥១ឆ្នាំពន្លឺ កំពុងផ្តល់មេរៀនថ្មីដល់ក្រុមតារាវិទូ (មានវីដេអូ)
(បរទេស)៖ ក្រុមតារាវិទូទើបតែបានរកឃើញ ភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) មួយ ឬគេប្រើរហស្សនាមថ្មីឲ្យវាថា Extrasolar Planet គោចរជុំវិញផ្កាយ១ដួងដ៏តូច និងមានកម្តៅខ្សោយជាងព្រះអាទិត្យយើង ហើយបើក្រុមតារាវិទូគិតអំពី ស្ថានភាពរបស់ប្រព័ន្ធផ្កាយ និងភពជាទូទៅ ផ្កាយ និងភព Exoplanet ថ្មីនេះ កំពុងតែផ្តល់នូវមន្ទិលថ្មីមួយចំពោះទ្រឹស្តី ដែលត្រូវបានចែងកន្លងមក អំពីរបៀបនៃការកកើតផ្កាយ និងភព។
ភពដែលយើងកំពុងនិយាយនេះមានឈ្មោះថា LHS 3154 b ស្ថិតនៅក្នុងប្រព័ន្ធផ្កាយ LHS 3154 ដែលមានចម្ងាយ ៥១ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm)។ LHS 3154 b មានម៉ាស់ស្មើនឹង ១៣ដង នៃម៉ាស់ភពផែនដីយើង ដែលប្រហាក់ប្រហែលទៅនឹង ម៉ាស់របស់ភពណិបទូន (Neptune) តែម្តង។ ប៉ុន្តែ, LHS 3154 b គោចរជុំវិញផ្កាយមួយដួង ដែលមានម៉ាស់ស្រាលជាងម៉ាស់ព្រះអាទិត្យយើង រហូតដល់ទៅ ៩ដងឯណោះ។

ប្រការនេះមានន័យថា សមាមាត្ររវាងភព LHS 3154 b និងផ្កាយមេរបស់វា គឺលើសពីសមាមាត្ររវាងផែនដី និងព្រះអាទិត្យរហូតដល់ទៅ ១០០ដង ដែលកម្រិតនេះពិតជាពិបាកឲ្យក្រុមអ្នកស្រាវជ្រាវជឿថា អាចកើតមានទៅរួចណាស់។ នេះជាប្រព័ន្ធផ្កាយដំបូងហើយនៅក្នុងចក្រវាល ដែលមានផ្កាយមានម៉ាស់ស្រាល តែអាចរ៉ាប់រងភពដែលមានម៉ាស់ហួសប្រមាណពេក បើធៀបនឹងប្រព័ន្ធផ្កាយផ្សេងៗទៀត បូករួមទាំងប្រព័ន្ធព្រះអាទិត្យយើងផ្ទាល់។
ជុំវិញលទ្ធផលសិក្សាថ្មីនេះ អ្នកជំនាញមួយរូបឈ្មោះ វើន វីលឡាមែន (Verne M. Willaman) មកពីសាកលវិទ្យាល័យរដ្ឋ ភែនស៊ីវេនៀ សហរដ្ឋអាមេរិក និងតារាវិទូមួយរូបទៀតឈ្មោះ ស៊ូវរ៉ាត់ មហាទេវ៉ាន់ (Suvrath Mahadevan) បានគូសបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍រួមមួយថា «របកគំហើញថ្មីនេះ កំពុងធ្វើឲ្យយើងភ្ញាក់រលឹកថា យើងពិតជាមានការយល់ដឹងតិចតួចណាស់ អំពីចក្រវាលនេះ… យើងមិនដែលគិតថា នឹងមានភពដ៏ធ្ងន់ តែអាចគោចរជុំវិញផ្កាយដ៏ស្រាលបែបនោះឡើយ (បើធៀបនឹងប្រព័ន្ធផ្កាយទាំងអស់ ដែលយើងបានស្គាល់កន្លងមក)»។

គួរបញ្ជាក់ថា លទ្ធផលអង្កេត និងសិក្សាថ្មីខាងលើនេះ ពិតណាស់កំពុងនាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រ គិតគូរឡើងវិញអំពីគំរូម៉ូដែលនៃការកកើតផ្កាយ និងភព ដែលត្រូវបានចងក្រងជាកម្មវិធីសិក្សាកន្លងមក។ យោងតាមទ្រឹស្តីបច្ចុប្បន្ន បើយើងគិតពីម៉ាស់ដ៏ស្រាលរបស់ផ្កាយ LHS 3154 វាមិនអាចមានលទ្ធភាពឲ្យបន្ទះឌីសធូលី-ឧស្ម័ន នៃភពចាប់កំណើត (Protoplanetary Disk) ប្រមូលផ្តុំគ្នា រហូតដល់បង្កើតចេញជាភពមានម៉ាស់ធ្ងន់ខ្លាំងដូច LHS 3154 b នោះឡើយ។ ក្រុមអ្នកវិទ្យាសាស្ត្របានប្តេជ្ញាថា ពួកគេនឹងព្យាយាមសិក្សាបន្តទៀត ដើម្បីរកឲ្យឃើញនូវរបៀបដែលប្រព័ន្ធផ្កាយចម្លែកមួយនេះកកើតឡើងពីដំបូងៗ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០២៣)
