មិនដឹងធ្លាក់ចំទីណាទេ…! យានអវកាសចិន «ដែលខូចខាត» នឹងធ្លាក់ចុះមកផែនដី នៅអំឡុង ៤ខែខាងមុខនេះ មានទម្ងន់…
(ឡុងដ៍)៖ ពេលវេលាជាក់លាក់បន្ថែម ត្រូវបានកំណត់មកហើយ ដោយស្ថានីយ៍អវកាសចិន Tiagong-1 កំពុងតែចល័តសំដៅចុះមកកាន់ភពផែនដី ក្នុងលក្ខណៈមួយ ដែលមិនអាចគ្រប់គ្រងបានឡើយ ហើយទោះបីជាផ្នែកភាគច្រើនរបស់វានឹងត្រូវឆេះរលាយអស់ នៅពេលឈានចូលដល់បរិយាកាសផែនដីក៏ដោយ បំណែកធំៗជាមួយទម្ងន់រហូតដល់ ១០០គីឡូក្រាម អាចនឹងនៅតែត្រូវធ្លាក់មកលើផ្ទៃផែនដី នៅចន្លោះខែមករា និងខែមីនា ឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

បន្ទាប់ពីត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាស កាលពីឆ្នាំ២០១១ ក្រុមមន្រ្តីរដ្ឋាភិបាលចិនបានសម្រេចបោះចង់ចោលកម្មវិធី Tiagong-1 នេះចោលវិញ នៅឆ្នាំ២០១៦ ដោយសារតែការបរាជ័យផ្នែកមេកានិច របស់ស្ថានីយ៍អវកាសនេះ។ ដោយឡែក ក្រុមទីភ្នាក់អវកាសអឺរ៉ុប ESA បានបញ្ជាក់ថា ស្ថានីយ៍ Tiagong-1 នឹងវិលធ្លាក់ត្រឡប់មករកផែនដីវិញ ប៉ុន្តែវាអាចនឹងបង្កជាហានិភ័យដល់ទីក្រុង និងបណ្ដាប្រទេសមួយចំនួនដូចជា អារ៉ាប៊ីសាអូឌីត អេស្ប៉ាញ អ៊ីតាលី តួកគី ឥណ្ឌា និងតំបន់ខ្លះរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ហេតុការណ៍នេះត្រូវគេរំពឹងថា នឹងមិនបង្កឲ្យមានមនុស្សរងគ្រោះធ្ងន់ធ្ងរឡើយ ហើយគេក៏មិនទាន់អាចដឹងពីទីតាំង ដែលបំណែកនៃស្ថានីយ៍អវកាសនេះ នឹងធ្លាក់មកលើផែនដីដែរ ដោយសារតែផ្ទៃនៃភពរបស់យើង ត្រូវបានគ្របដណ្តប់ប្រមាណ ៧១ភាគរយ ដោយមហាសមុទ្រនោះ បំណែករបស់ Tiagong-1 នឹងធ្លាក់ចំផ្ទៃទឹកជាជាងផ្ទៃដី។ ចំណែកឯ ESA ក៏បានអះអាងដែរថា ខ្លួននឹងរៀបចំយុទ្ធនាការអន្តរជាតិ ឃ្លាំមើលការត្រឡប់មកផែនដីវិញនៃ Tiagong-1 នៅដើមឆ្នាំ២០១៨។

ទោះបីធ្លាប់មានបទពិសោធន៍ក្នុងរឿងដដែលនេះ ពីសំណាក់ភ្នាក់ងារអវកាសអាមេរិក និងរុស្ស៊ី កាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ក៏ដោយ ប៉ុន្តែលើកនេះបំណែកយានដែលធ្លាក់មក គឺមានទម្ងន់រហូតដល់ទៅ ១០០គីឡូក្រាម ប្រសិនបើវាធ្លាក់មកដល់ផ្ទៃផែនដី ហើយអ្នកជំនាញខ្លះក៏បានព្រមានផងដែរថា យើងមិនត្រូវគិតថា វានឹងធ្លាក់ក្នុងមហាសមុទ្រដូចពេលមុនៗនោះឡើយ ព្រោះលទ្ធភាពដែលវាអាចបង្កគ្រោះថ្នាក់ ក៏នៅតែមានដែរ៕
