មិនមែនផ្កាយ, មិនមែនភព, នេះជា «Brown Dwarf» ដែល James Webb ទើបវែករកឃើញ (មានវីដេអូ)

849

(បរទេស)៖ មិនមែនជាផ្កាយទូទៅ (Star) ហើយក៏មិនមែនជាភព (Planet) តែពួកវាគឺជា ផ្កាយតឿពណ៌ត្នោត (Brown Dwarf)។ យើងសូមហៅពួកវាបែបនេះសិន ព្រោះវត្ថុអវកាសប្រភេទនេះ ទើបត្រូវបានរកឃើញនាប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ Brown Dwarf ជាវត្ថុអវកាសដែលមានម៉ាស់ធ្ងន់ជាងភពយក្ស (Giant Planet) នានា តែតូចជាងផ្កាយកម្រិតតូច (Small Star) ហើយពន្លឺរបស់វាស្រទន់ខ្លាំង ដោយទាល់តែប្រើវិធីសាស្ត្រសម្លឹងជាលក្ខណៈពន្លឺក្រហមអាំងហ្វ្រា (Infrared Light) ទើបអាចបញ្ជាក់វត្តមានរបស់ពួកវាបាន។

ហេតុដូច្នេះហើយ ទើបនៅក្នុងរូបភាពថ្មីរបស់តេឡេស្កូបអវកាស James Webb ដែលត្រូវបានផ្តិតដោយឧបករណ៍អង្កេតពន្លឺក្រហមអាំងហ្វ្រាជិត (NIRCam) នោះ ទើបអាចឲ្យក្រុមតារាវិទូរកឃើញ Brown Dwarf ចំនួន ៣ ឯណោះ ហើយនេះជាលើកដំបូងដែលក្រុមតារាវិទូ បានរកឃើញវត្ថុអវកាសប្រភេទនេះ ស្ថិតនៅក្នុងលក្ខណៈតែលតោល ឬយើងហៅជាភាសាអង់គ្លេសថា Free Floating Brown Dwarf

រូបភាពថ្មីលើកញ្ចុំផ្កាយ IC 348 (Credit: NASA, ESA, CSA, STScI, K. Luhman (Penn State University), and C. Alves de Oliveira (ESA))

យោងតាមអង្គការ NASA ផ្កាយតឿពណ៌ត្នោត (មានម៉ាស់ស្ថិតនៅចន្លោះរវាង ផ្កាយតូចបំផុត និងភពធំបំផុត) ទាំង ៣ ខាងលើនេះ មានម៉ាស់ប្រមាណពី ៣ ទៅ ៤ដង នៃម៉ាស់របស់ភពព្រហស្បតិ៍ (Jupiter)។ សម្រាប់តារាលំដាប់តូចបំផុត (Small Star) នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ ត្រូវបានក្រុមតារាវិទូហៅថា Red Dwarf ផ្កាយតូចពណ៌ក្រហម ហើយយើងក៏ធ្លាប់បានយល់ដឹងអំពីប្រព័ន្ធផ្កាយប្រភេទនេះរួចមកហើយ មានដូចជា ផ្កាយ Proxima Centauri និង Trappist-1 ជាដើម។

ទីតាំងរបស់ Brown Dwarf ទាំង ៣ (Credit: NASA, ESA, CSA, STScI, K. Luhman (Penn State University), and C. Alves de Oliveira (ESA))

គួរបញ្ជាក់ថា Brown Dwarf ទាំង នេះត្រូវបានរកឃើញនៅពេល James Webb ផ្តិតរូបភាពកញ្ចុំផ្កាយ IC 348 ដែលមានអាយុ ៥លានឆ្នាំ និងចម្ងាយខ្ទង់ ១,០០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានKm)។ ការរកឃើញ Free Floating Brown Dwarf នេះ ក៏កំពុងធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រចោទសួរគ្នាឯងវិញថា តើនេះអាចជាការរកឃើញ «ភពតែលតោល ឬ Rogue Planet» ដូចដែលយើងធ្លាប់រកឃើញពីមុនដែរឬទេ? ដើម្បីបកស្រាយចម្ងល់នេះបាន ក្រុមអ្នកវិទ្យាសាស្ត្រមានតែត្រូវ ព្យាយាមសិក្សាស្រាវជ្រាវបន្តទៀតប៉ុណ្ណោះ។

មិនមែនផ្កាយ, មិនមែនភព, នេះជា «Brown Dwarf» ដែល James Webb ទើបវែករកឃើញ (មានវីដេអូ)
(Credit: NASA, ESA, CSA, STScI, K. Luhman (Penn State University), and C. Alves de Oliveira (ESA))

សម្រាប់អ្វីដែលក្រុមតារាវិទូអាចឆ្លើយបានពេលនេះ គឺពួកគេមិនទាន់ដឹងថា តើ Brown Dwarf ខ្នាតតូចដូចខាងលើនេះ បានកកើតឡើងដោយរបៀបណាឲ្យប្រាកដនោះឡើយ។ ពួកគេនឹងត្រូវសិក្សាបន្តទៀត ដើម្បីធ្វើការកំណត់ជំពូកឲ្យបានច្បាស់លាស់ ចំពោះវត្ថុអវកាសប្រភេទនេះ។ បើតាមការវិភាគត្រួសៗលើរូបភាពថ្មីនេះ ផ្កាយនានានៅក្នុងកញ្ចុំ IC 348 នោះសុទ្ធតែមានអាយុក្មេងៗ និងមានម៉ាស់ស្រាលៗ ហេតុដូច្នេះពួកវាអាចបង្កើតភពយក្សឡើងមក ឬក៏អាចមានផ្កាយភ្លោះជាគូនឹងពួកវាដែលបានបរាជ័យ មិនអាចប្រមូលផ្តុំម៉ាស់គ្រប់គ្រាន់ ទើបនៅទីបំផុតពួកវាបានរបូតចេញពីប្រព័ន្ធ រួចក្លាយទៅជា Brown Dwarf តែម្តង៕

ភាពខុសគ្នានៃ ភព, Brown Dwarf និង ផ្កាយ (រូបភាពពី EarthSky)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣)

480×240 Banner