យល់យ៉ាងណាដែរ? នេះជា «ខែលទប់ឥទ្ធិពលព្រះអាទិត្យ» ដែលអាចសង្គ្រោះផែនដី (មានវីដេអូ)
(បរទេស)៖ បច្ចុប្បន្ននេះ គំនិតនៃការទប់ទល់ការកើនឡើងកម្តៅនៃភពផែនដី បាននិងកំពុងអនុវត្តតែចំពោះសកម្មភាព នៅលើភពផែនដីផ្ទាល់តែប៉ុណ្ណោះ ដូចជាការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់, ការសម្អាតសំរាមទាំងលើដី និងក្នុងទឹក, ការងាកមកប្រើប្រាស់ថាមពលកកើតឡើងវិញ និងពង្រីកបរិស្ថានបៃតងជាដើម។ ចុះបើយើងងាកមកធ្វើអ្វីផ្សេង នៅក្រៅពីផ្ទៃផែនដីវិញ តើអាចទៅរួចដែរឬទេ?
ហេតុដូច្នេះហើយទើបគំនិតថ្មីមួយបានលេចឡើង នោះគឺការដំឡើង «ខែលអវកាសទប់ឥទ្ធិពលព្រះអាទិត្យ» (space-based sunshade)។ តាមពិតទៅ គំនិតបែបនេះត្រូវបានរំលេចចេញជាច្រើនឆ្នាំមកហើយ ទាំងពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រផ្លូវការផង និងពីអ្នកសិក្សាឯករាជ្យមួយចំនួនផង ប៉ុន្តែថ្មីៗ មូលនិធិអន្តរជាតិមួយមានឈ្មោះ Planetary Sunshade Foundation (PSF) បានទាក់ទាញចំណាប់អារម្មណ៍ អំពីប្រធានបទនេះឡើងកាន់តែខ្លាំង។

បើតាមមូលនិធិខាងលើនេះ Sunshade នឹងមានគុណសម្បត្តិ ២ នោះគឺទី១៖ ទប់ទល់ រលកធាតុវិទ្យុសកម្ម (solar radiation) ជះចេញពីព្រះអាទិត្យ និងទី២៖ ដោះស្រាយការប្រែប្រួលអាកាសធាតុ នៅលើភពផែនដី។ PSF ក៏ចង់ឲ្យអន្តរជាតិ មើលឃើញខែលទប់ឥទ្ធិពលព្រះអាទិត្យនេះ ជាគន្លឹះដ៏សំខាន់ក្នុងការទប់ទល់ ការប្រែប្រួលអាកាធាតុផែនដី ដែលកំពុងវិវត្តទៅមុខជាលំដាប់នោះផងដែរ។
- តើការបង្កើត Sunshade ពិតជាអាចជួយភពផែនដីឬ?
លោក Morgan Goodwin នាយកប្រតិបត្តិរបស់មូលនិធិ PSF បានពន្យល់ប្រាប់សារព័ត៌មាន SPACE ថា លោកបង្កើតគំនិតអភិវឌ្ឍន៍សំណង់ Sunshade នេះឡើង ព្រោះផែនការដែលពិភពលោកបាននិងកំពុងជំរុញបច្ចុប្បន្ន នោះគឺការកាត់បន្ថយសកម្មភាពនានា ដែលបញ្ចេញធាតុពុលកាបូន ទៅកាន់បរិយាកាសផែនដីនោះ នឹងមិនមាននិរន្តរភាព ហើយក៏មិនអាចធ្វើឲ្យផែនដីនេះ សុខសានបានយូរអង្វែងប៉ុន្មាននោះដែរ។
លោក Goodwin បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីកាត់បន្ថយផ្តល់ប៉ះពាល់អាក្រក់ៗ ទៅលើបរិយាកាសផែនដី ពិភពលោកត្រូវតែបញ្ឈប់ឲ្យបានលឿននូវ ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល, ដកធាតុកាបូនចេញពីបរិយាកាស និងកំណត់បរិមាណធាតុវិទ្យុសកម្ម ដែលជះពីព្រះអាទិត្យ មកកាន់ភពផែនដី។ អនុវត្តរបៀបទាំងអស់នេះរួមគ្នា គឺដើម្បីឆ្ពោះទៅរកកាត់បន្ថយធាតុវិទ្យុសកម្ម ដូច្នេះ sunshade មានគុណសម្បត្តិច្រើនណាស់»។
- តើ sunshade អាចលេចរូបរាងឡើងដូចម្តេច?
ខែលទប់ឥទ្ធិពលព្រះអាទិត្យ Sunshade នឹងក្លាយសំណង់ដ៏ធំមហាសាលមួយ នៅក្នុងទីអវកាស ដោយស្ថិតនៅក្នុងគន្លងគោចរ L1 (Lagrange-1 Point) របស់ភពផែនដី ដែលមានចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពរបស់យើងនេះ។ ប្រសិនបើវាត្រូវបានយកទៅដាក់ នៅទីតាំងដូចដែលគេចង់បាននោះមែន នោះវានឹងអាចទប់ឥទ្ធិពលអាក្រក់មួយចំនួនពីព្រះអាទិត្យមិនឲ្យជះមកលើភពផែនដី តាមរយៈការបំផ្លាតពន្លឺ និងកម្តៅទាំងនោះទៅកាន់ទីអវកាសវិញ។

PSF បានសង្កត់ធ្ងន់ថា ការដំឡើង sunshade នៅទីតាំងខាងលើនេះ ពិតជាអាចទៅរួច ព្រោះបច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្ត្រ មានបច្ចេកវិទ្យាស្រដៀងគ្នានេះរួចជាស្រេចទៅហើយ នោះគឺ «Solar Sail»។ យោងតាមមូលនិធិនេះ ការសាងសង់ sunshade អាចនឹងត្រូវអនុវត្តឡើងតាមវិធីសាស្ត្រ ២ដំណាក់កាលនោះគឺទី១៖ យើងអាចបញ្ជូនសំណង់គោលដំបូងចេញផែនដី ទៅកាន់គន្លងគោចរដែលត្រូវបានកំណត់។ សម្រាប់ទី២៖ យើងអាចបញ្ជូនគ្រឿងបរិក្ខាបន្ត ពីភពផែនដីទៅធ្វើការផ្សាភ្ជាប់ជាមួយសំណង់គោលនោះជាបន្តបន្ទាប់ ឬក៏យើងអាចប្រើប្រាស់ធនធានពីទីអវកាស (អាចជាព្រះចន្ទនៅថ្ងៃអនាគត) ដើម្បីផលិត និងផ្គង់ជាបន្តបន្ទាប់។

ដូចក្នុងរូបភាពនេះបានបញ្ជាក់, បើនិយាយតែទៅលើទំហំ នោះ Sunshade នឹងមិនមែនតូចឡើយ ហើយគេហៅវាថា កោះ (island)។ កោះមួយត្រូវមានអង្កត់ផ្ចិត ៤៥០km ហើយមនុស្សលោកត្រូវកសាងយ៉ាងហោចណាស់ ៤ ទៅ ២២ កោះ ដើម្បីអាចទប់ទល់ឥទ្ធិពលព្រះអាទិត្យ និងធ្វើឲ្យភពផែនដីរក្សាតុល្យភាពកម្តៅតាមការចង់បាន។ គម្រោងដ៏ធំមហិមានេះ អាចថានឹងពិបាកទៅរួច ហើយក៏នឹងចំណាយពេលយូរសែនយូរ (អាចចូលខ្ទង់សតវត្សរ៍) ប្រសិនបើចង់ឲ្យសម្រេចតាមគោលដៅពេញលេញ។
- តើនេះជាការបោកបញ្ឆោតធម្មជាតិឬ?
ទោះជាគំនិតខាងលើនេះ ហាក់ដូចជាល្អខ្លាំង និងស្របតាមបទដ្ឋានបច្ចេទេស ព្រមទាំងផ្នែកវិទ្យាសាស្ត្រ តែជំនឿបែបអភិរក្សយ៉ាងមុតមាំមួយនៅតែលេចឡើង នោះគឺ «អ្នកមិនគួរបោកបញ្ជោតធម្មជាតិ ដែលជាមេនៃអ្វីៗគ្រប់យ៉ាងនោះឡើយ»។ យ៉ាងណាក៏ដោយ លោក Goodwin បានឆ្លើយតបទៅកាន់ទស្សនៈនេះវិញថា «អរិយធម៌មនុស្សលោកយើង អាចបន្តរស់រានទៅមុខទៀតបាន គឺពឹងផ្អែកទៅសមត្ថភាពរបស់យើង ក្នុងការផ្លាស់ប្តូរអ្វីមួយប្រកបដោយប្រាជ្ញា និងយល់ដឹងពីរបៀបដែលខ្លួនយើង ត្រូវធ្វើអន្តរកម្មជាមួយភពផែនដីរបស់យើង»។

ជាក់ស្តែងគំនិតអំពីការតតាំងនឹងធម្មជាតិ ឬកែប្រែស្ថានការណ៍របស់ធម្មជាតិនេះ មិនមែនទើបតែមានឡើយ។ ស្ថាប័នរដ្ឋអាមេរិកដូចជា NOAA (រដ្ឋបាលមហាសមុទ្រ នាវាចរណ៍ និងបរិយាកាសជាតិ) ព្រមទាំងសាកលវិទ្យាល័យ និងវិទ្យាស្ថានល្បីៗផ្សេងទៀត បានរួមគ្នាបង្កើតគំនិតដូចជា ការកសាងតំបន់បង្កើតចំណាំងផ្លាតនៅលើដីផ្ទាល់, ការបង្កើតពពកសិប្បនិមិត្ត ដែលអាចបង្កើតចំណាំងផ្លាត, ការបង្កើតឧស្ម័នសិប្បនិមិត្ត នៅស្រទាប់ស្ត្រាតូសនៃបរិយាកាស ដើម្បីបង្កើតចំណាំងផ្លាត ឬទប់កម្តៅអាក្រក់ និងវិធីសាស្ត្របង្កើនវត្តមានពពក cirrus ជាដើម ដែលមានគោលធំតែមួយ នោះគឺរុញច្រានឥទ្ធិពលអាក្រក់ពីព្រះអាទិត្យ ទៅកាន់បរិយាកាសវិញខ្លះ ដើម្បីបង្កើតឲ្យបាននូវតុល្យភាពកម្តៅលើភពផែនដី។
គួរបញ្ជាក់ថា ឆ្នាំ២០២៣ បានជាប់នាមជាឆ្នាំដ៏ក្តៅបំផុតថ្មីមួយរួចទៅហើយ បន្ទាប់ឆ្នាំ២០២២ ដែលបានជាប់កំណត់ត្រានេះពីមុន។ ដោយឡែកសម្រាប់ឆ្នាំ២០២៤ ឆាប់ៗខាងមុខ ភពផែនដីក៏នឹងត្រូវរងគ្រោះដោយសារឥទ្ធិពលនៃបាតុភូតក្តៅស្ងួត អ៊ែល នីញ៉ូ (El Nino) ព្រមទាំងឥទ្ធិពលនៃវដ្តព្រះអាទិត្យ (Solar Cycle) មកលើស្រទាប់ខែលម៉ាញេទិចថែមទៀត។ ការកើនឡើងកម្តៅលើផែនដីកាន់តែខ្លាំង នឹងធ្វើឲ្យមនុស្សកាន់តែចង់បាន វិធីសាស្ត្រទប់ទល់ឲ្យបានកាន់តែឆាប់ និងប្រកបដោយប្រសិទ្ធភាព។

តែយ៉ាងណាបើតាមលោក Goodwin បានបញ្ជាក់ជាចុងក្រោយថា ទោះបីជាអាចទៅរួច ឬមួយក៏អត់ ក៏គំនិតអំពី sunshade នេះ នៅតែជាគន្លឹះដ៏ភ្លឺថ្លាមួយ ដែលត្រូវបានដាក់តម្កល់លើតុរួចជាស្រេច គ្រាន់តែពេលនេះកិច្ចពិភាក្សាអំពីវាមិនទាន់ត្រូវបានកំណត់ប៉ុណ្ណោះ៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា) (រក្សាសិទ្ធិនៃការបកប្រែ)
ប្រភព៖ SPACE (ថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣)
