របកគំហើញអវកាសដ៍គួរឲ្យចាប់អារម្មណ៍ទាំង «៨» ប្រចាំឆ្នាំ២០២៣ (សរុបព្រឹត្តិការណ៍)
(បរទេស)៖ ជាការពិតណាស់ ពេញមួយឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍អវកាស និងវិទ្យាសាស្ត្រជាច្រើនបានកើតមានឡើង ប៉ុន្តែយើងសូមលើកយកតែចំនួន ៨ បានហើយដែលគួរឲ្យចាប់អារម្មណ៍បំផុត។ ដូច្នេះសូមប្រិយមិត្តស្វែងយល់ជាបន្តបន្ទាប់ ដូចខាងក្រោមនេះ៖
១៖ កាំរស្មី Gamma កម្រិតខ្លាំងបំផុតជះពីព្រះអាទិត្យ
តេឡេស្កូប High-Altitude Cherenkov Observatory (HAWC) នៅប្រទេសម៉ិកស៊ិក បានចាប់បាន កាំរស្មីហ្គាំម៉ា (Gamma Ray) ប្រកបដោយថាមពលខ្ពស់បំផុត ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រប្រទះឃើញជះចេញមកពីព្រះអាទិត្យ។ វាជាកម្រិតខ្ពស់បំផុត មិនធ្លាប់ត្រូវបានជួបប្រទះនោះឡើយ ដោយថាមពលនោះមានកម្រិតរហូតដល់ទៅ ២០០ ជីហ្គាអេឡិចត្រុងវ៉ុល (gigaelectronvolt) ឬ GeV ដែលស្មើនឹង ២០០ពាន់លាន electronvolts។

វាពិតជាថាមពលពន្លឺ នៅក្នុងកម្រិតខ្លាំងជាទីបំផុត ដែលត្រូវបានចាប់យកក្នុងឆ្នាំ២០២៣ ហើយកាំរស្មីហ្គាំម៉ាប្រភេទនេះ ត្រូវបានបង្កើតឡើងដោយសារតែ កាំរស្មីខូស្មិច (Comic Rays) ដែលជាពន្លឺជះមកពីទីអវកាសឆ្ងាយៗ ចល័តមកប៉ះជាមួយនឹងបរិយាកាសរបស់ព្រះអាទិត្យ នៅក្នុងល្បឿនស្ទើរតែស្មើនឹងល្បឿននៃពន្លឺទៅហើយ (ពន្លឺរត់ក្នុងល្បឿនជិត ៣០០,០០០kmក្នុង១វិនាទី)។
២៖ ការផ្ទុះដ៏មហិមាបំផុតនៅក្នុងចក្រវាល (Universe)
កាលពីខែឧសភា ឆ្នាំ២០២៣ ក្រុមតារាវិទូបានចាប់បានករណីផ្ទុះ ដ៏ខ្លាំងមហិមាបំផុត ចេញពីកាឡាក់ស៊ីមួយស្ថិតនៅចម្ងាយ ៨ពាន់លានឆ្នាំពន្លឺពីយើង ហើយនេះក៏មានន័យថា ពន្លឺនោះបានធ្វើដំណើររយៈពេល ៨ពាន់លានឆ្នាំ ទើបមកដល់ភពផែនដីផងដែរ។ ករណីផ្ទុះខានេះមានឈ្មោះថា AT2021lwx ត្រូវបានចាប់យកដោយតេឡេស្កូប ZTF (Zwicky Transient Facility) នៅរដ្ឋកាលីហ្វ័រញ៉ា និងតេឡេស្កូប ATLAS នៅរដ្ឋហាវ៉ៃ នៃសហរដ្ឋអាមេរិក។

តាមពិតទៅ Asteroid Terrestrial-impact Last Alert System (ATLAS) មានតួនាទីអង្កេតអាចម៍ផ្កាយ និងវត្ថុអវកាសនានាប៉ុណ្ណោះ តែវាអាចបានចាប់បានករណីផ្ទុះ AT2021lwx នេះជាលើកដំបូង។ AT2021lwx នេះមិនមែនបង្កឡើងដោយបន្ទុះស៊ូពើណូវ៉ា (Supernova) ដែលតែងតែពុះកញ្ជ្រោលខ្លាំងមួយរយៈ និងស្ងប់ទៅវិញចាប់ពីរាប់សប្តាហ៍ទៅរាប់ខែនោះឡើយ តែវាជាឥទ្ធិពលជះចេញពីប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) មួយ ដែលកំពុងតែប្រមូលផ្តុំរូបរាង តាមរយៈការស្រូបយកពពកធូលី និងឧស្ម័នជុំវិញខ្លួនវា ហើយពន្លឺដល់ខ្លាំងរបស់វានៅតែបន្តជះមកជាបន្តបន្ទាប់។
៣៖ កូនឧទ្ធម្ភាគចក្រ Ingenuity របស់ NASA ហោះហើរក្នុងរយៈពេលយូរបំផុត
បើហៅឲ្យពីរោះគឺ «កូនឧទ្ធម្ភាគចក្រ» តែតាមការពិតគឺដ្រូន (Drone)។ Ingenuity របស់ NASA ដែលបានទៅដល់ភពអង្គារ តាំងតែពីដើមឆ្នាំ២០២១នោះ បានហោះហើរសរុបចំនួន ៦៧លើក គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅលើផ្ទៃបាតរណ្តៅ Jezero នៃអឌ្ឍគោលខាងជើងភពព្រះអង្គារ (Mars)។ ក្នុងចំណោមការហោះសាកល្បងខាងលើនេះ លើកទី ៥៩ (កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣) ត្រូវបានចាត់ទុកជា «កំណត់ត្រាហោះហើរយូរបំផុត» របស់ Ingenuity ដោយសម្រេចបាន ២នាទី និង ២២វិនាទី។

Ingenuity បានសម្រេចសមិទ្ធផលដដែលនេះម្តងទៀត នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ជាមួយនឹងរយៈចម្ងាយហោះហើរ ៥៧៩ម៉ែត្រ និងរយៈកម្ពស់ចាប់ពីជាង ១០ម៉ែត្រ ទៅជាង ២០ម៉ែត្រពីផ្ទៃដី។ គិតត្រឹមថ្ងៃទី១៧ ខែធ្នូ Ingenuity ដើរដោយថាមពលព្រះអាទិត្យ សម្រេចបានការហោះហើរ ១២១នាទី និងប្រវែង ១៥.៣គីឡូម៉ែត្រ ខណៈរយៈកម្ពស់ខ្ពស់បំផុតដែលវាអាចសម្រេចបានគឺ ២៤ម៉ែត្រពីផ្ទៃដី។
៤៖ NASA ប្រកាសអំពី «រដូវក្តៅដ៏ក្តៅបំផុត» ក្នុងរយៈពេល ១២៣ឆ្នាំ
មជ្ឈមណ្ឌលស្រាវជ្រាវ Goddard របស់អង្គការ NASA បានប្រកាសថា រដូវក្តៅនៃឆ្នាំ២០២៣ នេះសម្រាប់តំបន់អឌ្ឍគោលខាងជើង បានក្លាយជារដូវក្តៅដ៏ក្តៅបំផុត នៅក្នុងកំណត់ត្រា គិតចាប់តាំងពីការធ្វើកំណត់ត្រាបានកើតមានឡើង នៅឆ្នាំ១៨៨០។ សីតុណ្ហភាពដ៏ក្តៅលើភពផែនដី នៅក្នុងឆ្នាំ២០២៣នេះ បានកើតមានឡើងព្រោះតែសកម្មភាពរបស់មនុស្សលើដី និងឥទ្ធិពលនៃបាតុភូត អ៊ែល នីញ៉ូ (El Niño) ដែលជួយជំរុញកម្តៅលើផ្ទៃមហាសមុទ្រ។

ក្រុមអ្នកវិទ្យាសាស្ត្ររបស់ Goddard បានធ្វើការគណនាកម្រិតកម្តៅ នៅលើភពផែនដី ដោយយកស្ថិតិកម្តៅកម្រិតមធ្យមនៅចន្លោះទសវត្សរ៍ ១៩៥០ និង ១៩៨០ មកធ្វើការប្រៀបធៀប។ គិតតែអំលុងខែសីហា ឆ្នាំ២០២៣ ប៉ុណ្ណោះ សីតុណ្ហភាពលើផែនដីបានកើនឡើងកម្តៅ លើសពីកម្រិតធម្មតារហូតដល់ទៅ ១.២អង្សាសេ។ រលកកម្តៅក្នុងឆ្នាំ២០២៣នេះ បានវាយលុកតំបន់ជាច្រើនដូចជា ទ្វីបអាមេរិកខាងជើង អាមេរិកខាងត្បូង អឺរ៉ុប និងអាស៊ីជាដើម។
ជាការពិតណាស់ ការប្រែប្រួលអាកាសធាតុនៅតែកំពុងបន្ត ព្រោះមនុស្សតែកំពុងបញ្ចេញកាបូនឌីអុកស៊ីត និងឧស្ម័នផ្ទះកញ្ចក់ផ្សេងៗទៀត ទៅក្នុងបរិយាកាសផែនដី ហើយវានឹងកាន់តែអាក្រក់ខ្លាំងជាងនេះ ប្រសិនបើយើងមិនព្រមកាត់បន្ថយ ប្រកបដោយប្រសិទ្ធភាព។
៥៖ ទឹកកកជុំវិញទ្វីបអង់តាកទិក (Antarctica) មានកម្រិតទាបបំផុត
លទ្ធផលសិក្សារួមគ្នារវាងអង្គការ NASA និងមជ្ឈមណ្ឌលជាតិប្រមូលទិន្នន័យទឹកកក និងព្រិល (NSIDC) នៃសាកលវិទ្យាល័យរដ្ឋ Colorado សហរដ្ឋអាមេរិកបានបង្ហាញ នៅក្នុងឆ្នាំ២០២៣ ថា បរិមាណទឹកកកលើដែនសមុទ្រនៅជុំវិញទ្វីបអង់តាកទិក (Antarctica) បានធ្លាក់ចុះមកដល់កម្រិតទាបបំផុតមិនធ្លាប់មាន ខណៈនៅសមុទ្រទឹកកកអាកទិក (Arctic) វិញក៏មានស្ថានភាពស្រដៀងគ្នានេះដែរ។

យោងតាមការអង្កេតចុងក្រោយកាលពីអំលុងខែកញ្ញា ទឹកកកនៅលើដែនសមុទ្រ ព័ទ្ធជុំវិញទ្វីបអង់តាកទិកមានប្រមាណតែ ១៦.៩៦លានគីឡូម៉ែត្រក្រលាប៉ុណ្ណោះ ដែលនេះជាចំនួនទាបបំផុត គិតចាប់តាំងពីការចាប់ផ្តើមធ្វើកំណត់ត្រាមក។ ដោយឡែកកំណត់ត្រាទាបបំផុតពីមុន គឺកាលពីឆ្នាំ១៩៨៦ តែមានបរិមាណខ្ពស់ជាង ឆ្នាំ២០២៣ នេះប្រមាណ ១.០៣លានគីឡូម៉ែត្រក្រលា។
ការបាត់បង់ចំនួនទឹកកក ដែលតែងកកើតតាមរដូវនៅលើផ្ទៃសមុទ្រ ជុំវិញទ្វីបអង់តាកទិក ក៏ដូចជាមហាសមុទ្រទឹកកកអាកទិកនេះ កើតឡើងដោយសារការកើនឡើងនៃសីតុណ្ហភាពក្នុងបរិយាកាសផែនដី ដែលបង្កឡើងដោយសកម្មភាពមនុស្ស។ ទឹកកកលើផែនដីពិតជាសំខាន់ ព្រោះពួកវាក៏ជួយបំផ្លាតឥទ្ធិពលពីព្រះអាទិត្យ ត្រលប់ទៅកាន់ទីអវកាសវិញខ្លះដែរ។
៦៖ អវកាសយានិក NASA បង្កើតកំណត់ត្រាថ្មី ក្នុងការស្នាក់នៅទីអវកាសយូរបំផុត
អវកាសយានិកអាយុ ៤៧ឆ្នាំមួយរូប គឺលោក Frank Rubio របស់អង្គការ NASA បានចុះមកដល់ផែនដីវិញហើយ តាមរយៈបន្ទប់ (Capsule) Soyuz MS-23 របស់អង្គការអវកាសរុស្ស៊ី ROSCOSMOS ក្រោយពីបានស្នាក់នៅទីអវកាស រយៈពេលយូរបំផុតមិនធ្លាប់មានក្នុងកំណត់ត្រា សម្រាប់សហរដ្ឋអាមេរិក។

លោក Frank Rubio បានបង្កើតកំណត់ត្រាថ្មី ក្នុងនាមជាអវកាសយានិកសហរដ្ឋអាមេរិក ដែលបានស្នាក់នៅទីអវកាសយូរបំផុតរហូតដល់ទៅ ៣៧១ថ្ងៃ លើសម្ចាស់កំណត់ត្រាចាស់ គឺអវកាសយានិកអាមេរិក Mark Vande ដែលសម្រេចបាន ៣៥៥ថ្ងៃ។
៧៖ រកឃើញប្រហោងខ្មៅ (Black Hole) ដែលមានវ័យចំណាស់បំផុត
នៅក្នុងឆ្នាំ២០២៣ តេឡេស្កូបអវកាស James Webb បានអង្កេតឃើញប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) មួយ នៅក្នុងកាឡាក់ស៊ី CEERS 1019។ Black Hole នោះបានកកើតឡើង ១៣.៣ពាន់លានឆ្នាំមកហើយ ឬមានន័យថា វាបានកកើតឡើងនៅអំលុង ៥៧០លានឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍ Big Bang។

Supermassive Black Hole ខាងលើនេះមានម៉ាស់ស្មើនឹងម៉ាស់ព្រះអាទិត្យយើង ៩លានដង ឬស្មើនឹងម៉ាស់ Black Hole មហាយក្សនៅកណ្តាលកាឡាក់ស៊ី Milky Way របស់យើងគុណនឹង ២។ គិតលើអាយុរបស់វា ប្រហោងខ្មៅមហាយក្សរបស់កាឡាក់ស៊ី CEERS 1019 ពិតជាមានវ័យចំណាស់បំផុត មិនធ្លាប់ជួបប្រទះ។ ការប្រើប្រាស់រយៈពេលខ្លី ដើម្បីប្រមូលផ្តុំរូបរាងរហូតដល់ ៩លានដងនៃម៉ាស់ព្រះអាទិត្យបែបនេះ កំពុងបង្កជាក្តីមន្ទិលយ៉ាងខ្លាំង ចំពោះរបៀបនៃការកកើត Supermassive Black Hole មួយនោះ។
៨៖ ជាផ្កាយបរាជ័យ ឬជាភពធំជ្រុល? James Webb រកឃើញ Brown Dwarfs តូចបំផុត និងតែលតោល
នៅអំលុងខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារគ្រប់គ្រង James Webb បានបង្ហាញអំពីវត្ថុអវកាស ដែលមិនមែនជាផ្កាយទូទៅ (Star) ហើយក៏មិនមែនជាភព (Planet) ដោយពួកវាគឺជា ផ្កាយតឿពណ៌ត្នោត (Brown Dwarf)។ Brown Dwarf ជាវត្ថុអវកាសដែលមានម៉ាស់ធ្ងន់ជាងភពយក្ស (Giant Planet) នានា តែតូចជាងផ្កាយកម្រិតតូច (Small Star) ហើយពន្លឺរបស់វាស្រទន់ខ្លាំង ដោយទាល់តែប្រើវិធីសាស្ត្រសម្លឹងជាលក្ខណៈពន្លឺក្រហមអាំងហ្វ្រា (Infrared Light) ទើបអាចបញ្ជាក់វត្តមានរបស់ពួកវាបាន។

ផ្កាយតឿពណ៌ត្នោត (មានម៉ាស់ស្ថិតនៅចន្លោះរវាង ផ្កាយតូចបំផុត និងភពធំបំផុត) តូចបំផុតទាំង ៣ ខាងលើនេះ មានម៉ាស់ប្រមាណពី ៣ ទៅ ៤ដង នៃម៉ាស់របស់ភពព្រហស្បតិ៍ (Jupiter) ប៉ុណ្ណោះ។ សម្រាប់តារាលំដាប់តូចបំផុត (Small Star) នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ ត្រូវបានក្រុមតារាវិទូហៅថា Red Dwarf ឬផ្កាយតូចពណ៌ក្រហម ឧទាហរណ៍ ផ្កាយ Proxima Centauri និង Trappist-1 ជាដើម។ Brown Dwarf ទាំង ៣ នេះត្រូវបានរកឃើញនៅពេល James Webb ផ្តិតរូបភាពកញ្ចុំផ្កាយ IC 348 ដែលមានអាយុ ៥លានឆ្នាំ និងចម្ងាយខ្ទង់ ១,០០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានKm)៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣)
