អាចម៍ផ្កាយ Apophis ឬអាទិទេពនៃស្បៃអន្ធការ នឹងមកដល់នៅឆ្នាំ២០២៩… (មានវីដេអូ)
(បរទេស)៖ ឈានមកដល់ឆ្នាំ២០២៤ នេះមានន័យថា ថ្ងៃដែលអាចម៍ផ្កាយ អាផូហ្វីស (Apophis) ឬអាទិទេពនៃស្បៃអន្ធការ (God of Darkness) នឹងគោចរមកកៀកភពផែនដីបំផុតនោះ ក៏កាន់តែជិតមកដល់ដែរ។ កាលពីការទម្លាក់ប្រអប់ស្តុកសំណាក (sample) របស់អាចម៍ផ្កាយ ប៊ែននូ (Bennu) លើភពផែនដីកាលពីខែកញ្ញា ឆ្នាំ២០២៣ នោះ យានអវកាស OSIRIS-REx បានប្តូរឈ្មោះទៅជា OSIRIS-APEX រួចធ្វើដំណើរបន្តទៅរក Apophis នោះឯង ស្ថិតក្នុងគោលដៅសិក្សាអំពីអាចម៍ផ្កាយមួយនោះ នៅពេលវាហោះមកកៀកភពផែនដីបំផុត។
ការហោះកៀកផែនដីលើកចុងក្រោយរបស់ Apophis គឺកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នៅក្នុងគម្លាត ១៦.៨៥លានkm ពីផែនដី។ គម្លាតបែបនេះមិនចាត់ទុកថា កៀកប៉ុន្មាននោះឡើយ ប៉ុន្តែដោយយោងលើការគណនា អំពីឥរិយាបថនៃគន្លងគោចររបស់ Apophis អាចម៍ផ្កាយនេះនឹងហោះមកកៀកផែនដីជាថ្មី នៅក្នុងឆ្នាំ២០២៩ ហើយការហោះមកកៀកនៅពេលនោះ នឹងស្ថិតក្នុងកម្រិតកៀកភពយើងខ្លាំងស្ទើរមិនគួរឲ្យជឿឡើយ។

ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA បានគណនាថា Apophis ដែលត្រូវបានរកឃើញកាលពីឆ្នាំ២០០៤ នោះនឹងគោចរមកកាន់កៀកផែនដីបំផុត តែក្នុងគម្លាតខ្ទង់ ៣២,០០០Km ប៉ុណ្ណោះពីផ្ទៃភពរបស់យើង ឬកៀកជាងគម្លាតរវាងផែនដី និងព្រះចន្ទរហូតដល់ទៅជាង ១០ដងឯណោះ។ យើងនៅមិនទាន់ភ្លេចឡើយថា ក្រោយការរកឃើញ Apophis ជាលើកដំបូងកាលពីឆ្នាំ២០០៤ នោះ អាចម៍ផ្កាយនេះត្រូវបានគេគណនាថា មានឱកាសប្រមាណ ២.៧% ដែលអាចបុកភពផែនដីនៅឆ្នាំ២០២៩ ហើយការប្រកាសចេញនូវលទ្ធផលកាលណោះ បានធ្វើឲ្យសារព័ត៌មានអន្តរជាតិចាប់អារម្មណ៍ និងចុះផ្សាយយ៉ាងព្រោងព្រាត ហើយថែមទាំងបានបង្កការព្រួយបារម្ភផងដែរ។
ប៉ុន្តែ, អស់កាលជាងមួយទសវត្សរ៍ក្រោយមក ជាពិសេសនៅក្រោយការហោះមកកៀកផែនដីនៅឆ្នាំ២០២១ ក្រុមអ្នកវិទ្យាសាស្ត្របានគណនាលើគន្លងគោចរ Apophis តាមប្រព័ន្ធកុំព្យូទ័រដោយល្អិតល្អន់ជាងមុន និងចេញលទ្ធផលថា ភាគរយដែល Apophis នឹងអាចបុកភពភពផែនដីនោះ គឺស្ទើរតែគ្មានសោះ ឬអាចនិយាយថា 0% តែម្តង នៅពេលវាគោចរមកកៀកភពយើងជាថ្មី ដែលនឹងកើតឡើងនៅថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០២៩ (ពេលវេលានៅអាមេរិក) នោះ។

គួរបញ្ជាក់ថា នៅក្នុងដំណើរគោចរមកម្តងទៀតនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០៣៦ Apophis នឹងគោចរមកដល់គម្លាត ៨.៤លានkm ពីភពផែនដី។ ប្រការនេះមានន័យថា ក្រុមអ្នកវិទ្យាសាស្ត្រត្រូវតែសិក្សាឲ្យបានច្បាស់ អំពីបុគ្គលិកលក្ខណៈនៃគន្លងគោចរដែលមិនថិតថេររបស់ Apophis ឲ្យបានទាន់ពេលវេលា។ ដោយហេតុនេះហើយ ទើបបេសកកម្ម OSIRIS-APEX នឹងធ្វើការសិក្សាភ្លាមៗលើ Apophis នៅពេលវាហោះកៀកផែនដីបំផុត នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៩ ដើម្បីឈ្វេងយល់លើឥរិយាបថរបស់អាចម៍ផ្កាយ ជាមួយនឹងកម្លាំងទំនាញផែនដី។
ចំពោះសំនួរថា តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើ Apophis ដែលមានអង្កត់ផ្ចិតជិត ៤០០ម៉ែត្រ បុកផែនដីនៅឆ្នាំ២០២៩ ឬឆ្នាំវាមកកៀកជាបន្តបន្ទាប់ទៀតនោះ អង្គការ NASA បានគណនាថា តំបន់ចាប់ពី ២០០-៣០០km ពីចំណុចដែល Apophis បុកចំនោះ នឹងរងភាពវិនាសខ្ទេចខ្ទី រាប់ទាំងជីវិតមនុស្ស សត្វ រុក្ខជាតិ និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់។ មនុស្សរស់នៅតំបន់មួយចំនួនលើផែនដី អាចនឹងមើលឃើញ Apophis ហោះកៀកផែនដីបំផុតដោយភ្នែកទទេនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៩ ក្នុងនោះមានដូចជា ទ្វីបអឺរ៉ុប, អាហ្វ្រិកខាងជើង និងអាស៊ីខាងលិចជាដើម (អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ តួកគី និងអ៊ីរ៉ាក់…)៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Earth/NASA (ថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤)
