ចង់រកភពមាន Alien ដ៏ខ្លាំងក្លា? អ្នកវិទ្យាសាស្ត្រណែនាំឲ្យស្វែងរក «ឧស្ម័នទ្រទ្រង់ចំហេះ» (មានវីដេអូ)

934

(បរទេស)៖ ឈានចូលមកដល់ឆ្នាំ២០២៤ ការស្រាវជ្រាវផ្នែកអវកាស និងវិទ្យាសាស្ត្រនៅតែបន្ត ហើយក្រុមអ្នកវិទ្យាសាស្ត្រនៅលើពិភពលោក សុទ្ធតែជាកម្លាំងចលករដែលកំពុងជួយគាំទ្រដល់ បេសកកម្មមួយនេះ។ បើនិយាយចំពោះដំណើរការស្វែងរក «ភពដែលអាចមានជីវិតរស់នៅ»«ភពអេលៀន» (Alien Planet) ក្នុងប្រព័ន្ធផ្កាយដទៃនៅកាឡាក់ស៊ី Milky Way យើងនេះ ការរិះរកគន្លឹះថ្មីៗពិតជាចាំបាច់ណាស់ ក្នុងការដោះស្រាយសមីការនៅចំពោះមុខ។

(Video From: Cambo Space Edu’s YouTube Channel)

យោងតាមលទ្ធផលសិក្សាថ្មី ប្រចាំដើមខែមករា ឆ្នាំ២០២៤ នេះបានបង្ហាញថា ដើម្បីរកឲ្យឃើញភពអេលៀន នោះក្រុមអ្នកស្រាវជ្រាវត្រូវតែអង្កេតរកមើលវត្តមាន «ឧស្ម័នទ្រទ្រង់ជីវិត និងចំហេះ» ដ៏សំខាន់នោះគឺ អុកស៊ីហ្សែន (Oxygen) នៅក្នុងបរិយាកាសភពទាំងនោះ ព្រមទាំងសញ្ញានៃបច្ចេកវិទ្យារីកចម្រើន (technosignatures) ដែលបញ្ចេញមកពីអរិយធម៌នៃជីវិតភពផ្សេងទាំងអស់នោះ។

(រូបភាពពីបរទេស)

ជុំវិញប្រធានបទខាងលើនេះ ជំនួយការសាស្ត្រាចារ្យផ្នែកតារាសាស្ត្រ លោក Amedeo Balbi មកពីសាកលវិទ្យាល័យ Roma Tor Vergata (អ៊ីតាលី) និងសាស្ត្រាចារ្យផ្នែកតារាសាស្ត្រ-រូបវិទ្យា លោក Adam Frank មកពីសាកលវិទ្យាល័យ Rochester (សហរដ្ឋអាមេរិក) បានពន្យល់រួមគ្នាថា «ភពមួយត្រូវការអុកស៊ីហ្សែនក្នុងបរិយាកាស យ៉ាងហោចណាស់ ១៨% ដើម្បីអាចទ្រទ្រង់អរិយធម៌របស់ Alien នៅភពនោះបាន។ ហេតុផលសម្រាប់ការអះអាងនេះ គឺងាយយល់ប៉ុណ្ណោះ ព្រោះអុកស៊ីហ្សែនជាឧស្ម័នដ៏សំខាន់ សម្រាប់ទ្រទ្រង់ចំហេះ»

លោក Frank បានពន្យល់បែបនេះថា «អ្នកអាចរកឃើញជីវៈចំរុះ… ហើយអ្នកក៏អាចរកឃើញជីវិតឆ្លាតវៃ នៅលើភពដែលមិនសូវមានអុកស៊ីហ្សែន… ប៉ុន្តែ, ប្រសិនបើគ្មានឧស្ម័នទ្រទ្រង់ចំហេះនេះ ឲ្យគ្រប់គ្រាន់តែម្តងនៅលើភពមួយទេ នោះអ្នកនឹងមិនអាចអភិវឌ្ឍបច្ចេកវិទ្យាឲ្យខ្លាំងទៅរួចឡើយ ព្រោះបច្ចេកវិទ្យាដែលកាន់តែខ្លាំងក្លា គឺត្រូវការជាចាំបាច់នូវឥន្ធនៈ និងសមត្ថភាពដុតរំលាយ…»។

លោក Balbi និងលោក Frank បានពន្យល់ទៀតថា «កម្រិតអុកស៊ីហ្សែន ១៨% នៅក្នុងបរិយាកាសភពមួយ គឺអាចឲ្យយើងគណនាទៅរកសមត្ថភាពពួក អេលៀន នៅលើភពនោះ ដែលអាចមានក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយ៉ាងសំបូរបែប ដោយមិនមានការរាំងស្ទះ ហើយមនុស្សលោកយើងក៏អាចអង្កេតវត្តមានពួកគេបាន តាមរយៈរលកសញ្ញាវិទ្យុ (radio signals) ដែរ។ ប្រការនេះក៏រាប់បញ្ចូលទាំងការអង្កេត ពន្លឺជះពីទីក្រុងនៅផ្នែកពេលយប់របស់ភពនោះ (ដូចអ្វីដែលមានលើផែនដីយើង), ការបញ្ចេញពន្លឺក្រហមអាំងហ្វ្រា (Infrared) ពីសំណង់អវកាសនៃពួកអេលៀន ឬមួយក៏ស្រមោលនៃសំណង់ធំៗ (នៅទីអវកាសជុំវិញភព) ដែលជះស្រមោលមកកាន់ទិសដៅយើង ពេលភពនោះគោចរកាត់ពីមុខផ្កាយវាជាដើម…»។

គំនិតខាងលើនេះ ក៏ចូលរួមជាមួយគំនិតរបស់ក្រុមអ្នកវិទ្យាសាស្ត្រដទៃទៀតផងដែរ នៅក្នុងការសិក្សាអំពីការស្វែងរកជីវិតអេលៀន ក្នុងនោះមានទាំងការសិក្សាអំពី ជីវិតឆ្លាតវៃនៅភពដទៃ ដែលអាចពង្រីកអរិយធម៌ពួកគេ តាមរយៈសមត្ថភាពច្នៃឧបករណ៍ទំនើបៗ និងជីវិតអេលៀន ដែលអាចគ្រប់គ្រងជោគវាសនារបស់ពួកគេ ដោយបញ្ចៀសភាពរលំរលាយជាដើម។ ដូច្នេះហើយទើបមានទ្រឹស្តី “Great Filter” ឡើងមក ដែលជាទស្សនៈត្រូវបានបង្កើតឡើងដំបូងដោយ លោក Robin Hanson អំលុងពេលដែលលោកលើកឡើង អំពីបច្ចេកវិទ្យា ឬឧបករណ៍នានាដែលអនុញ្ញាតឲ្យជីវិតឆ្លាតវៃគ្រប់គ្រង និងពង្រីកអរិយធម៌របស់ពួកគេជាដើមនោះ។

រូបតំណាងភព Exoplanet (រូបភាពពី NASA)

បើតាមក្រុមអ្នកវិទ្យាសាស្ត្រខាងលើនេះ ភពដែលផលិតអុកស៊ីហ្សែន ក្រោមកម្រិត ១៨% ទៅកាន់បរិយាកាស នឹងមិនអាចឲ្យការទ្រទ្រង់ចំហេះនានាប្រព្រឹត្តទៅដោយរលូន និងយូរអង្វែងនោះឡើយ ព្រោះវានឹងនាំឲ្យរាំងស្ទះដល់ការផលិតលោហធាតុ ដោយសារតែការគ្មានអុកស៊ីហ្សែនគ្រប់គ្រាន់ ក្នុងការដុតចំហេះឥន្ធនៈហ្វូស៊ីល។ ទោះបីជាស្ថានភាពបែបនេះ នឹងធ្វើឲ្យភពនោះមានបរិយាកាសស្អាតបរិសុទ្ធសម្រាប់ជីវិត និងធម្មជាតិលើភពនោះក្តី តែងាកទៅលើវិស័យឧស្សាហកម្ម ឬការអភិវឌ្ឍប្រព័ន្ធវិទ្យុទាក់ទងទៅវិញទៅមក ឬក៏ដើម្បីឲ្យមនុស្សលោកយើង អាចចាប់បានសញ្ញាទាំងនោះ គឺពិតជាពិបាកទៅរួច។

គួរបញ្ជាក់ថា ការសិក្សាអំពីភព Exoplanet ដែលអាចមានជីវិតអេលៀននៅលើនោះ តែងតែមានភាពស្មុគស្មាញ ប៉ុន្តែយើងមានភពផែនដីជាគំរូម៉ូដែលជាប់ជានិច្ច។ ជាការពិតណាស់ កម្រិតអុកស៊ីហ្សែនក្នុងបរិយាកាសផែនដីគឺ ២១% ប៉ុន្តែនៅរយៈពេលដំបូងៗក្រោយផែនដីកកើត អុកស៊ីហ្សែនទំនងជាមានត្រឹមតែ ០.០០១% តែប៉ុណ្ណោះ។ ការស្វែងរកវត្តមានអុកស៊ីហ្សែន នៅលើ Exoplanet គួរតែក្លាយជាអាទិភាព នៅក្នុងការវែករកជីវិត Alien ប្រកបដោយបច្ចេកវិទ្យាជឿនលឿន ដោយយកចាប់ពីកម្រិតអុកស៊ីហ្សែន ១៨% នៅក្នុងបរិយាកាសឡើងទៅ។

ចង់រកភពមាន Alien ដ៏ខ្លាំងក្លា? អ្នកវិទ្យាសាស្ត្រណែនាំឲ្យស្វែងរក «ឧស្ម័នទ្រទ្រង់ចំហេះ» (មានវីដេអូ)
រូបតំណាងភពអេលៀនមានបច្ចេកវិទ្យាជឿនលឿន (Courtesy: NASA/Jay Freidlander)

យ៉ាងណាក៏ដោយ លទ្ធផលសិក្សាថ្មីនេះក៏បានរកឃើញលទ្ធផល ដែលយើងត្រូវគិតសម្រាប់ថ្ងៃអនាគតផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ទោះបីជាជីវិតនៅលើផែនដីទំនងជា អាចរក្សាវត្តមានបានជាង ១ពាន់លានឆ្នាំទៀត (ប្រសិនបើបច្ចេកវិទ្យាទំនើបអាចការពារពូជពង្សយើងបាន) ក៏បញ្ហាប្រឈមផ្សេងៗទៀត នៅតែមានដដែល។ ពេលដែលព្រះអាទិត្យកាន់តែចាស់ កម្តៅដែលជះលើភពផែនដីនឹងកាន់តែខ្លាំង ហើយផែនដីនឹងថមថយបរិមាណអុកស៊ីហ្សែន និងសំណើមដោយឯកឯង។ តែយ៉ាងណា កុំថាឡើយរយៈពេល ១ពាន់លានឆ្នាំនោះ ទោះបីជាត្រឹម ១ពាន់ឆ្នាំក៏អាចចាត់ទុកថា យូរខ្លាំងបំផុតដែរក្នុងការឲ្យមនុស្សលោករិះរកវិធី ដើម្បីរក្សាពូជពង្សរបស់ខ្លួន ហើយយើងនៅតែត្រូវចាកចេញពីភពផែនដី ទៅរស់នៅទីឋានផ្សេងៗទៀត៕

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤)

480×240 Banner