NASA ប្រកាស «ពន្យារពេល» នាំមនុស្សទៅជាន់ដីព្រះចន្ទដល់ឆ្នាំ២០២៦ និងប្រាប់គ្រប់គ្នាពីមូលហេតុ
(អាមេរិក)៖ អង្គការ NASA នៃសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤ថា គម្រោងនាំមនុស្សទៅកាន់ឋានព្រះចន្ទជាថ្មី ដើម្បីបោះមូលដ្ឋានស្នាក់នៅដំបូងនោះ ត្រូវបានសម្រេចពន្យារពេលរហូតដល់ឆ្នាំ២០២៦ ហើយបេសកកម្មដែលនឹងត្រូវធ្វើឡើងមុននេះ ក៏នឹងត្រូវពន្យារពេលដូចគ្នា។
យោងតាមលោក Jim Free សហការីនៃប្រធានអង្គការ NASA បានថ្លែងថា «ការពន្យារពេលនេះ គឺដោយសារតែអង្គការអវកាសនេះ គិតគូរទៅលើសុវត្ថិភាពរបស់អវកាសយានិកជាចម្បង ទាំងនៅពេលពួកគេចាកចេញពីផែនដី និងត្រឡប់មកកាន់ផែនដីវិញ»។

យោងតាមប្រធាន NASA លោក Bill Nelson ថ្លែងថា «បេសកកម្ម Artemis 2 ដែលជាគម្រោងដឹកនាំអវកាសយានិក ៤រូប តាមរយៈយានអវកាស Orion ទៅគោចរជុំវិញព្រះចន្ទ នៅខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រឡប់មកកាន់ផែនដីវិញ (ដោយគ្មានការចុះចតលើព្រះចន្ទ) ត្រូវពន្យារពេលទៅដល់ខែកញ្ញា ឆ្នាំ២០២៥។ រីឯបេសសកកម្ម Artemis 3 ដែលគ្រោងដឹកនាំអវកាសយានិក ទៅចុះចតជាលើកដំបូងនៅប៉ូលខាងត្បូងព្រះចន្ទ នៅចុងឆ្នាំ២០២៥ នោះ ត្រូវពន្យារពេលទៅកាន់ខែកញ្ញា ឆ្នាំ២០២៦។ ដោយឡែកចំពោះបេសកកម្ម Artemis 4 វិញ គឺស្ថិតក្នុងកាលបរិច្ឆេទដដែល នោះគឺខែកញ្ញា ឆ្នាំ២០២៨»។

គួរបញ្ជាក់ថា បញ្ហាចម្បងដែលបាននាំឲ្យអង្គការ NASA សម្រេចចិត្តពន្យារពេលជាថ្មីដូចខាងលើនេះ គឺក្រោយពីក្រុមការងារបច្ចេកទេសរបស់ខ្លួន បានធ្វើការត្រួតពិនិត្យយ៉ាងលម្អិតចំពោះទិន្នន័យសុវត្ថិភាព ទៅលើបេសកកម្ម Artemis 1 កាលពីចុងឆ្នាំ២០២២ ដែលបានប្រើប្រាស់យាន Orion គ្មានមនុស្សជិះ ហោះទៅកាន់ឋានព្រះចន្ទ និងត្រឡប់មកវិញ ហើយទម្លាក់ខ្លួនបុកបរិយាកាសភពផែនដីនោះ។

ជុំវិញបញ្ហាបង្កប់ក្នុងបេសកកម្ម Artemis 1 នោះគឺទៅលើប្រព័ន្ធខែលទប់ល្បឿន (Heat Shield) ដោយពីដំបូងឡើយក្រុមជំនាញបានសន្មត់ថា បេសកកម្មនេះបានសម្រេចជោគជ័យ ប៉ុន្តែតាមការពិតផ្នែកជាច្រើននៃ Heat Shield របស់យាន Orion បានឆាបឆេះ និងរបេះចេញ អំលុងការធ្លាក់បុកបរិយាកាសផែនដីនោះទៅហើយ។ បើតាមអ្នកជំនាញ NASA ការឆាបឆេះ និងសឹករិចរិលនៃខែលទប់កម្តៅ ក្នុងកម្រិតច្រើនបែបនេះ មិនមែនជាអ្វីដែលពួកគេធ្លាប់បានរំពឹងទុកនោះឡើយ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤)
