James Webb ឆ្លុះមើលភព Gliese 367 b ដែលនៅលើនោះ «១ឆ្នាំស្មើមិនដល់៨ម៉ោង» (មានវីដេអូ)

856

(បរទេស)៖ លទ្ធផលនៃការសង្កេតដោយតេឡេស្កូបអវកាស James Webb ទៅលើភព Gliese 367 b ដែលមានចម្ងាយត្រឹមតែ ៣១ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានKm) ត្រូវបានបញ្ជូនទៅកាន់ មូលដ្ឋានស្តុកទុកឯកសារព្រាង arXiv របស់អន្តរជាតិហើយ ដោយក្នុងនោះ យើងក៏អាចធ្វើការស្វែងយល់បាន ចំពោះភពដែលតេឡេស្កូបអវកាស TESS បានឆ្លុះរកឃើញនោះផងដែរ។

(Video From: Cambo Space Edu’s YouTube Channel)

តាមរយៈទិន្នន័យក្រោយពី James Webb បានអង្កេតភព Gliese 367 b នេះអស់ ១២.៧ម៉ោង ដែលស្មើនឹង ១.៦ជុំនៃដំណើរគោចររបស់ភពថ្ម (Rocky Planet) មួយនេះជុំវិញផ្កាយមេរបស់វា ក្រុមតារាវិទូបានសន្មត់ថា Gliese 367 b មានពណ៌ក្រមៅ, សីតុណ្ហភាពក្តៅ និងស្ទើរតែគ្មានបរិយាកាសនោះឡើយ។ ភពដែលយើងអាចហៅយ៉ាងខ្លីថា GJ 367 b នេះ ត្រូវបាន TESS រកឃើញកាលពីខែធ្នូ ឆ្នាំ២០២១ នៅជុំវិញផ្កាយ Gliese 367 Añañuca ជាផ្កាយតូចលំដាប់ M-dwarf ដែលមានទំហំ និងម៉ាសជិតស្មើពាក់កណ្តាលនៃទំហំ និងម៉ាស់ព្រះអាទិត្យយើង។

តេឡេស្កូបអវកាស TESS និង James Webb (រូបភាពពីបរទេស)

និយាយចំពោះលទ្ធផលអង្កេតររបស់ TESS លើភព GJ 367 b គឺតារាវិទូបានដឹងថា វាមានម៉ាស់ស្មើនឹង ០.៦៧ដង នៃម៉ាស់ភពផែនដី និងមានទំហំតូចជាងផែនដីយើង ៣០% ខណៈការគោចរវិញ គឺកៀកនឹងផ្កាយមេវាខ្លាំង ដែលនាំឲ្យមួយឆ្នាំរបស់ GJ 367 b ស្មើតែ ៧.៧ម៉ោង ប៉ុណ្ណោះ ហើយបងប្អូនរបស់ភពនេះ ២ទៀតក៏ត្រូវបាន TESS រកឃើញផងដែរ នោះគឺ GJ 367 c និង GJ 367 d

ប្រព័ន្ធផ្កាយ Gliese 367 (រូបភាពពីបរទេស)

ងាកទៅកាន់លទ្ធផលពី James Webb វិញ គឺត្រូវបានដឹកនាំ និងស្រាវជ្រាវដោយ ក្រុមតារាវិទូដឹកនាំដោយលោក Michael Zhang មកពីសាកលវិទ្យាល័យ Chicago សហរដ្ឋអាមេរិក តាមរយៈឧបករណ៍អង្កេតពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម (MIRI) នៅលើ Webb នោះ។ ដូចយើងដឹងហើយថា James Webb មានសមត្ថភាពអង្កេតរកមើល វត្តមាននៃបរិយាកាស ក៏ដូចជាធាតុផ្សំក្នុងបរិយាកាសរបស់ភព Exoplanets នៅពេលភពទាំងនោះ គោចរកាត់ពន្លឺផ្កាយរបស់ពួកវា។

ក្រុមតារាវិទូខាងលើនេះបានរកឃើញថា «ភព GJ 367 b ស្ទើរតែគ្មានបរិយាកាស, គ្មានចរន្តនៃការផ្ទេរកម្តៅ ហើយផ្ទៃរបស់ភពនេះមានលក្ខណៈខ្មៅងងឹត។ សីតុណ្ហភាពនៅផ្នែកដែលក្តៅបំផុតរបស់ភពនេះគឺជាង ១,៤៥០អង្សាសេ និងអាចចុះទាបបំផុតត្រឹមជាង ៥៧០អង្សាសេ»។

James Webb ឆ្លុះមើលភព Gliese 367 b ដែលនៅលើនោះ «១ឆ្នាំស្មើមិនដល់៨ម៉ោង» (មានវីដេអូ)
រូបតំណាងភព Gliese 367 b (រូបភាពពីបរទេស)

គួរបញ្ជាក់តាមទិន្នន័យកាលពីឆ្នាំ២០២១ ដោយ TESS បានបង្ហាញថា វាអាចទៅរួចដែលបរិយាកាសដ៏ស្តើងរបស់ GJ 367 b សុទ្ធតែជាឧស្ម័នកាបូនឌីអុកស៊ីត (Carbon Dioxide) ប៉ុន្តែដោយសារតែទិន្នន័យទទួលបានពី Webb បានបង្ហាញថា ផ្នែកពេលថ្ងៃភពថ្មនេះ (មួយចំហៀងភពដែលបែររកផ្កាយវាជានិច្ច) អាចពោពេញដោយកម្អែលភ្លើងយ៉ាងក្តៅគគុកនោះ ទើបក្នុងអត្ថបទព្រាង ដែលត្រូវបានបញ្ជូនទៅកាន់ arXiv សន្មត់ថា ភពថ្មនេះគ្មានបរិយាកាសនោះឡើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ PHYS.ORG (ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤)

480×240 Banner