យាន Peregrine តម្លៃជិត «៨០លានដុល្លារ» នឹងធ្លាក់មកផែនដីវិញ ក្រោយការបរាជ័យទៅព្រះចន្ទ (មានវីដេអូ)

1,638

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសឯកជននៃសហរដ្ឋអាមេរិក Astrobotic បានប្រកាសកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ថា យានរបស់ខ្លួនឈ្មោះ Peregrine ដែលបានទទួលបរាជ័យ ក្នុងការបញ្ជូនទៅកាន់ឋានព្រះចន្ទនោះ នឹងទម្លាក់ខ្លួនចូលក្នុងបរិយាកាសផែនដី ដើម្បីកម្ទេចចោលជាកិច្ចបង្ហើយបេសកកម្មនេះ។ បេសកកម្មទី១ (Peregrine Mission 1) នេះ ត្រូវបានអង្គការ NASA ប្រគល់ឲ្យ Astrobotic រ៉ាប់រងការផលិតកាលពីខែឧសភា ឆ្នាំ២០១៩ ជាមួយនឹងទឹកប្រាក់សរុប ៧៩.៥លានដុល្លារសហរដ្ឋអាមេរិក

(Video From: Cambo Space Edu’s YouTube Channel)

យាន Peregrine ជាប្រភេទ Lander ផ្ទុក Rover ចល័តខ្នាតតូចមួយគ្រឿង សម្រាប់ចុះចត និងស្រាវជ្រាវនៅតំបន់មួយនៃប៉ូលខាងត្បូងព្រះចន្ទ ត្រូវបានរ៉ុក្កែត Vulcan Centaur rocket របស់ក្រុមហ៊ុន United Launch Alliance (ULA) នៃសហរដ្ឋអាមេរិក បាញ់បញ្ជូនចេញពីផ្ទៃផែនដី កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ (ពេលវេលានៅរដ្ឋ Florida ភាគអាគ្នេយ៍សហរដ្ឋអាមេរិក) Peregrine គឺជាយានដំបូងផលិតដោយក្រុមហ៊ុនឯកជន និងស្ថិតក្នុងគម្រោងជាមួយ បេសកកម្ម Artemis របស់អង្គការ NASA។ ពីដំបូងឡើយ Lander មួយនេះ បានគ្រោងធ្វើឲ្យសហរដ្ឋអាមេរិកបញ្ជូនយាន ទៅចុះចតលើផ្ទៃព្រះចន្ទជាថ្មី ដែលមិនធ្លាប់មានក្នុងរយៈពេល ៥០ឆ្នាំ

យាន Peregrine ជួបបញ្ហា (រូបភាពពី Astrobotic)

ប៉ុន្តែ, ក្រោយការបាញ់បង្ហោះរួចបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ កាមេរ៉ាលើយាន Peregrine បានថតបានស្នាមប្រេះបែកលើតួយាននេះ និងក្រោយការសិក្សាទិន្នន័យលម្អិតបន្ថែម ទើបក្រុមជំនាញលើផែនដីដឹងថា នោះជាការលេចធ្លាយឥន្ធនៈ ដែលនាំឲ្យមុខងារមួយចំនួន ជាពិសេសការកាច់ចង្កូតយាន ក៏ដូចជាការដាក់ឲ្យដំណើរការ ប្រព័ន្ធស្រូបថាមពលព្រះអាទិត្យ (Solar Panel) ត្រូវជាប់គាំង។ នៅទីបំផុតក្រុមហ៊ុន Astrobotic ក៏បានប្រកាសថា បេសកកម្មនេះទទួលបរាជ័យហើយ

យាន Peregrine ត្រូវបានបំពាក់លើរ៉ុក្កែតរបស់ ULA (រូបភាពពី NASA)

យោងតាមសេចក្តីប្រកាសព័ត៌មានចុងក្រោយ លើគណនី X (Twitter) របស់ក្រុមហ៊ុន Astrobotic បានឲ្យដឹងថា «ការព្យាករណ៍កន្លងមករបស់យើងបានជួបប្រទះបញ្ហាច្រើន ព្រោះតែការលេចធ្លាយឥន្ធនៈពីតួយាន (Peregrine) ហើយវាក៏កំពុងបន្ថែមភាពមិនច្បាស់លាស់ លើការគណនាអំពីគន្លងគោចររបស់យាននេះផងដែរ។ ការវាយតម្លៃចុងក្រោយរបស់យើងឥឡូវនេះគឺ យាននេះកំពុងស្ថិតក្នុងដំណើរ នៃការទម្លាក់ខ្លួនកាន់ភពផែនដីវិញ ដោយវានឹងឆាបឆេះអស់ក្នុងបរិយាកាស (អំលុងការធ្លាក់មកវិញ និងបុកបរិយាកាសផែនដី)»។

យាន Peregrine មុនការបាញ់បង្ហោះ (រូបភាពពី NASA/Astrobotic)

ទោះជាយ៉ាងណា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Pittsburgh នៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិកមួយនេះ មិនបានបញ្ជាក់អំពីពេលវេលាច្បាស់លាស់ ដែលដំណើរការនៃការទម្លាក់ខ្លួនរបស់ Peregrine ចូលមកកាន់បរិយាកាសផែនដីវិញអាចកើតឡើងនោះឡើយ ព្រោះក្រុមការងាររបស់ខ្លួនកំពុងបន្តតាមដានវាឡើយ។ ជុំវិញសំនួរដែលថា តើវានឹងបង្កគ្រោះថ្នាក់ដល់មនុស្សលើផែនដីដែរឬទេ? ចម្លើយយ៉ាងខ្លីគឺ «ទេ»

យាន Peregrine តម្លៃជិត «៨០លានដុល្លារ» នឹងធ្លាក់មកផែនដីវិញ ក្រោយការបរាជ័យទៅព្រះចន្ទ (មានវីដេអូ)
យាន Peregrine ដែលបានគ្រោងចុះចតលើព្រះចន្ទ (រូបភាពពី NASA/Astrobotic)

គួរបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមករា, មួយថ្ងៃប៉ុណ្ណោះក្រោយយាន Peregrine បានជួបបញ្ហា, ប្រធានអង្គការ NASA គឺលោក Bill Nelson បានប្រកាសថា «បេសកកម្ម Artemis 2 ដែលជាគម្រោងដឹកនាំអវកាសយានិក ៤រូប តាមរយៈយានអវកាស Orion ទៅគោចរជុំវិញព្រះចន្ទ នៅខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រឡប់មកកាន់ផែនដីវិញ (ដោយគ្មានការចុះចតលើព្រះចន្ទ) ត្រូវពន្យារពេលទៅដល់ខែកញ្ញា ឆ្នាំ២០២៥។ រីឯបេសសកកម្ម Artemis 3 ដែលគ្រោងដឹកនាំអវកាសយានិក ទៅចុះចតជាលើកដំបូងនៅប៉ូលខាងត្បូងព្រះចន្ទ នៅចុងឆ្នាំ២០២៥ នោះ ត្រូវពន្យារពេលទៅកាន់ខែកញ្ញា ឆ្នាំ២០២៦។ ដោយឡែកចំពោះបេសកកម្ម Artemis 4 វិញ គឺស្ថិតក្នុងកាលបរិច្ឆេទដដែល នោះគឺខែកញ្ញា ឆ្នាំ២០២៨»។

រូប 3D នៃយាន Orion ទម្លាក់ខ្លួនចូលបរិយាកាសផែនដី (រូបភាពពី NASA/Boeing)

យ៉ាងណាក៏ដោយ រឿង ២ នេះហាក់មិនពាក់ព័ន្ធគ្នាឡើយ ព្រោះការពន្យារពេលនៃបេសកកម្ម Artemis ទៅព្រះចន្ទខាងលើនេះ បានកើតឡើងក្រោយក្រុមជំនាញ NASA រកឃើញបញ្ហាបង្កប់ក្នុងបេសកកម្ម Artemis 1 នោះគឺទៅលើប្រព័ន្ធខែលទប់ល្បឿន (Heat Shield)។ ពីដំបូងឡើយក្រុមជំនាញបានសន្មត់ថា បេសកកម្មនេះបានសម្រេចជោគជ័យ ប៉ុន្តែតាមការពិតផ្នែកជាច្រើននៃ Heat Shield របស់យាន Orion បានឆាបឆេះ និងរបេះចេញ អំលុងការធ្លាក់បុកបរិយាកាសផែនដីនោះទៅហើយ។ បើតាមអ្នកជំនាញ NASA ការឆាបឆេះ និងសឹករិចរិលនៃខែលទប់កម្តៅក្នុងកម្រិតច្រើនបែបនេះ មិនមែនជាអ្វីដែលពួកគេធ្លាប់បានរំពឹងទុកនោះឡើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/Astrobotic/NASA (ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤)

480×240 Banner