កុំឲ្យខកខានណា! ឆាប់ៗនេះ «ទស្សនាភពព្រហស្បតិ៍ និងសុក្រ នៅកៀកគ្នាបំផុត» និងបញ្ចេញពន្លឺខ្លាំងលើផ្ទៃមេឃ…
(អាមេរិក)៖ កុំខកខានឲ្យសោះណា នៅទៀបភ្លឺថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា នាសប្តាហ៍ក្រោយនេះ ភពព្រហស្បតិ៍ ដែលជាភពយក្សប្រចាំប្រព័ន្ធព្រះអាទិត្យ និងភពសុក្រដែលជាប្អូនស្រីបង្កើតរបស់ផែនដីយើង នឹងធ្វើគោចរមកតំបន់កៀកគ្នាបំផុតលើផ្ទៃមេឃ ដែលអាចយើងឃើញនូវ ពន្លឺរបស់ភពទាំងពីរភ្លឺប្រហាក់ប្រហែលគ្នា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអង់គ្លេស MEN អង់គ្លេស នាយប់ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។

ទស្សនីយ៍ភាពដ៏អស្ចារ្យខាងលើនេះ គឺមិនចាំបាច់មានតេឡេស្កូប ឬកែវយឺតអ្វីឡើយ ប៉ុន្តែអ្នកត្រូវប្រាកដថា ផ្ទៃមេឃនឹងស្រឡះ ហើយពេលវេលាដែលអាចមើលឃើញច្បាស់នោះ គឺនៅពេលទៀបភ្លឺថ្ងៃទី១៣ ខែវិច្ឆិកា (៤០នាទី មុនថ្ងៃរះ) ដែលអាចនៅចន្លោះម៉ោង ៤៖៣០នាទី ទៅម៉ោង ៥៖៣០នាទី ព្រឹកព្រហាមតែម្តង។ ដូច្នេះលោកអ្នក មានតែដាក់នាឡិការោទ៍ប៉ុណ្ណោះ ទើបមិនអាចបង្កឲ្យខកខាន ឱកាសពិសេសដ៏កម្រមាននេះ។

ទីតាំង៖ នៅវេលាដូចខាងលើនេះ លោកអ្នកអាចសម្លឹងមើលទៅផ្ទៃមេឃទិសអាគ្នេយ៍ (ខាងកើតឈាងខាងត្បូង) នៅទីតាំងរាងឃ្លាតពីជើងមេឃខ្ពស់បន្តិច។ សូមកុំរង់ចាំដល់ផ្ទៃមេឃភ្លឺខ្លាំង ឬព្រះអាទិត្យរះ នោះលោកអ្នកមិនអាចមើលឃើញច្បាស់ទេ។

ចំណេះដឹងបន្ថែមពីនេះគឺភពព្រហស្បតិ៍ ស្ថិតនៅជាភពទី ៥ នៃប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពីភពអង្គារ ប៉ុន្តែយើងត្រូវឆ្លងខ្សែក្រវាត់អាចម៍ផ្កាយដ៏គ្រោះថ្នាក់សិន ទើបអាចទៅដល់ភពឧស្ម័នយក្សនេះ។ សម្រាប់ភពសុក្រវិញ គឺជាភពទីពីរបន្ទាប់ពីភពពុធ ដែលជាភពដ៏ក្តៅជាងគេបំផុតក្នុងប្រព័ន្ធព្រះអាទិត្យនេះ ហើយវាមានទំហំប្រហាក់ប្រហែលនឹងផែនដី ហេតុដូច្នេះទំហំរបស់វា និងភពព្រហស្បតិ៍ គឺខុសគ្នាជាង ១,៣០០ដង ឯណោះ។

សម្រាប់មូលហេតុដែលបណ្តាលឲ្យភពនេះ មានពន្លឺខ្លាំងជាងភពព្រហស្បតិ៍ ទោះបីជាទំហំតូចជាងភពព្រហស្បតិ៍ជាង ១,៣០០ដងក៏ដោយនោះ គឺព្រោះតែវាស្ថិតនៅជិតផែនដីខ្លាំងបំផុត ជាងភពណាៗទាំងអស់ ដែលជាមធ្យមគឺ ៩០លានគីឡូម៉ែត្រ ខណៈដែលភពព្រហស្បតិ៍ និងផែនដី គឺមានចម្ងាយពីគ្នាជាមធ្យម ៧៧៨លានគីឡូម៉ែត្រឯណោះ។ ដូច្នេះទោះបីជាមានមាឌធំមែន តែបើនៅឆ្ងាយពីគ្នាបែបនេះ ក៏យើងនៅតែមើលឃើញពន្លឺតូចប៉ុណ្ណោះលើផ្ទៃមេឃ។

ចំណុចពិសេសចុងក្រោយនេះ គឺហេតុដែលភពទាំងពីរនេះ ឬភពសៅរ៍ និងពុធ ផងដែរ តែងតែបញ្ចេញពន្លឺខ្លាំងជាងគេជាងឯងក្នុងប្រព័ន្ធព្រះអាទិត្យនោះ ក៏ព្រោះតែផ្ទៃពពកសៗ ឬពណ៌មាសស្រាលៗ និងផ្ទៃដីពណ៌ស (សម្រាប់ភពពុធ) នៅទីទាំងនោះជាប់ជានិច្ច ហើយនៅពេល ដែលពន្លឺព្រះអាទិត្យជះចំនោះ វានឹងចោលពន្លឺមកវិញខ្លាំងជាងភពផ្សេងៗ៕
