ហេតុអ្វីបានជាឆ្នាំ «២០២៣» ក្តៅខ្លាំងម្ល៉េះ? ចុះឆ្នាំ «២០២៤» នេះវិញ? (មានវីដេអូ)
(បរទេស)៖ ក្រោយការបូកសរុបទិន្នន័យគ្រប់ជ្រុងជ្រោយ ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ពិតជាជាប់នាមថា ជាឆ្នាំដែលក្តៅបំផុតនៅក្នុងកំណត់ត្រា ដោយបានបំបែកកំណត់ត្រាចាស់កាលពីឆ្នាំ២០២២ ហើយក៏ដូចទៅនឹងការរំពឹងទុកពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុផងដែរ។ ប៉ុន្តែរឿងរ៉ាវនៅមិនទាន់ចប់ឡើយ ដោយក្រុមអ្នកស្រាវជ្រាវនិយាយថា ឆ្នាំ២០២៤នេះអាចនឹងអាក្រក់ជាងឆ្នាំ២០២៣ទៅទៀត ទោះបីជាអាចស្ថិតក្នុងកម្រិតតិចតួចក្តី។
សីតុណ្ហភាពសកលក្នុងខែមករា ឆ្នាំ២០២៤នេះ ជាពិសេសនៅក្នុងមហាសមុទ្រ គឺខ្ពស់ជាងកម្រិតមធ្យម សម្រាប់ឆ្នាំទូទៅរួចជាស្រេចទៅហើយ។ លំនាំនៃអាកាសធាតុ បណ្តាលមកពីបាតុភូត អ៊ែល នីញ៉ូ (El Niño) នៅតែកំពុងបន្ត ហើយក្នុងនោះ ចរន្តទឹកក្តៅដែលចល័តទៅកាន់ ភាគខាងកើតមហាសមុទ្រសមុទ្រប៉ាស៊ីហ្វិក នៅត្រង់តំបន់ត្រូពិចនោះ ក៏កំពុងឈានចូលឆ្នាំទី ២ របស់វាផងដែរ ដែលជាធម្មតាបាតុភូតបែបនេះ គឺជាការជំរុញការកើនឡើងកំដៅផែនដី។

កត្តាទាំងអស់នេះ និងកត្តារួមផ្សំផ្សេងៗទៀតបង្ហាញថា ក្នុងឆ្នាំ២០២៤ នេះ យើងអាចនឹងឃើញផលប៉ះពាល់ទាំងទៅលើធាតុអាកាសប្រចាំថ្ងៃ និងគំរូអាកាសធាតុជារួម នៅក្នុងកម្រិតខ្លាំងជាងឆ្នាំ ២០២៣ ខណៈដែលមនុស្សនៅតែបន្តបំភាយឧស្ម័នផ្ទះកញ្ចក់ ចូលក្នុងបរិយាកាស។
«យើងដឹងថា ឆ្នាំ ២០២៤ នឹងមានរលកកម្តៅកើតឡើង… ប៉ុន្តែ, សម្រាប់ពេលណា និងកន្លែងណាខ្លះដែលនឹងកើតឡើងនោះ យើងនៅមិនអាចទាយទុកជាមុនបានឡើយ…»។ នេះបើតាមការលើកឡើងរបស់លោកស្រី Samantha Burgess នាយករងនៃសេវាកម្មតាមដាន ការប្រែប្រួលអាកាសធាតុឈ្មោះ «Copernicus» នៅឯមជ្ឈមណ្ឌលអឺរ៉ុប សម្រាប់ការព្យាករណ៍អាកាសធាតុកម្រិតមធ្យម នៅក្នុងក្រុង Reading របស់ចក្រភពអង់គ្លេស។
- ការកើនឡើងកម្តៅលើសពីកម្រិត ដែលត្រូវបានព្យាករណ៍ទុក
យោងតាមតួលេខដែលត្រូវបានចេញផ្សាយ នៅក្នុងសប្តាហ៍ទី ២ នៃខែមករានេះ ដោយស្ថាប័នតាមដានអាកាសធាតុនានាលើលោក សីតុណ្ហភាពកម្រិតមធ្យមលើផ្ទៃផែនដី កាលពីអំលុងឆ្នាំ ២០២៣ គឺមាន ១.៣៤ ទៅ ១.៥៤ អង្សាសេ លើសកម្រិតមធ្យមកាលពីអំលុងឆ្នាំ ១៨៥០-១៩០០ ដែលជារយៈពេលមុនឧស្សាហកម្មរីកលូតលាស់ (មុនពេលសកម្មភាពបំពុលបរិយាកាសដោយមនុស្ស ចាប់ផ្តើមឡើងខ្ពស់)។
លោកស្រី Sarah Kapnick ប្រធានក្រុមអ្នកវិទ្យាសាស្ត្រ នៃរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិសហរដ្ឋអាមេរិក (NOAA) ដែលមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានថ្លែងថា «ការមើលឃើញទិន្នន័យនេះ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល»។ យោងតាមសេវា Copernicus ជារៀងរាល់ថ្ងៃនៃឆ្នាំ ២០២៣ គឺផ្ទៃផែនដីបានរងសីតុណ្ហភាពយ៉ាងហោចណាស់ ១អង្សាសេ ក្តៅជាងកម្រិតមធ្យមកាលពីមុនសម័យឧស្សាហកម្មរីកលូតលាស់។ ឆ្នាំ ២០២៣ គឺជាលើកទីមួយដែលមនុស្សលោកបានជួបប្រទះសីតុណ្ហភាពក្តៅបែបនេះ និងជាកំណត់ត្រាថ្មីផងដែរ។
ការប៉ាន់ប្រមាណដ៏ច្បាស់លាស់ គឺប្រែប្រួលទៅតាមសំណុំទិន្នន័យដែលត្រូវបានប្រើប្រាស់ ប៉ុន្តែការវិភាគទាំងអស់បានសន្និដ្ឋានជារួមថា សីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមរបស់ពិភពលោក គឺនៅជិត ឬពេលខ្លះបានលើសពីដែនកំណត់ ១.៥អង្សាសេ ដែលប្រទេសនានាធ្លាប់បានប្តេជ្ញាថា នឹងព្យាយាមទប់ស្កាត់ឲ្យបាននៅក្នុង «កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥» ដើម្បីជួយទប់ស្កាត់ផលប៉ះពាល់ដ៏អាក្រក់បំផុត នៃការប្រែប្រួលអាកាសធាតុ នោះរួចទៅហើយ។

ការិយាល័យនៃសេវាកម្មអាកាសធាតុជាតិ «Met» ដែលមានមូលដ្ឋាននៅទីក្រុង Exeter នៃចក្រភពអង់គ្លេស កំពុងព្យាករណ៍ថា នៅឆ្នាំ ២០២៤ នេះ ពិតជាមានឱកាសដែលសីតុណ្ហភាព ជាមធ្យមរបស់ផ្ទៃផែនដីអាចឆ្លងផុតរនាំង ១.៥អង្សាសេ។ លោក Nick Dunstone អ្នកវិទ្យាសាស្ត្រអាកាសធាតុនៅការិយាល័យ Met ដែលដឹកនាំការងារនេះបានអះអាងថា «នេះជាលើកទីមួយហើយដែលពួកយើង ធ្វើការព្យាករណ៍បែបនេះ»។
តែយ៉ាងណា ការហក់រំលងរនាំង ១.៥អង្សាសេ ដែលនឹងអាចកើតឡើង សម្រាប់រយៈពេលតែមួយឆ្នាំ (២០២៤) បែបនេះ នឹងមិនមែនមានន័យថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវរលំរលាយទាំងស្រុងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវបានបកស្រាយថា កម្រិតចាប់ផ្ដើមបែបនេះ (សំដៅដល់ការលើសរនាំង ១.៥អង្សាសេ) ត្រូវតែកើតឡើងក្នុងរយៈពេលចាប់ពីមួយទសវត្សរ៍ ឬលើសពីនេះទៀត ទើបអាចចាត់ទុកថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥នោះបានទទួលបរាជ័យ។
ប៉ុន្តែផលប៉ះពាល់នានាលើអាកាសធាតុ និងភាពពុសកញ្ច្រោលខ្លាំងបំផុត នៃធាតុអាកាសក្នុងឆ្នាំ២០២៣ ពិតជាសបញ្ជាក់អំពីរបៀបដែលមនុស្សជាតិ បានធ្វើឲ្យភពផែនដីមានការប្រែប្រួលយ៉ាងពិតប្រាកដ។ លោក Ruth Cerezo Mota អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុ ប្រចាំនៅសាកលវិទ្យាល័យជាតិ NAUM ក្នុងទីក្រុង Mérida ប្រទេសម៉ិកស៊ិក មានលើកឡើងថា «នេះគ្រាន់តែជាការប្រមើលមើលជាមុន នូវអ្វីដែលអាចនឹងកើតឡើងប៉ុណ្ណោះ ប្រសិនបើយើងមិនធ្វើសកម្មភាពទប់ស្កាត់ឥឡូវនេះ»។

- ឆ្នាំ២០២៣ ជាការបំបែកកំណត់ត្រាច្រើនមុខ
សេវាកម្មប្រមូល និងផ្តល់ទិន្នន័យអាកាសធាតុផ្សេងៗគ្នាយល់ស្របដូចគ្នាថា «ថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៣ គឺជាថ្ងៃក្តៅបំផុតក្នុងកំណត់ត្រា» ហើយខែកក្កដានោះ ក៏ជាខែក្តៅបំផុតនៅក្នុងកំណត់ត្រា និងប្រចាំឆ្នាំ២០២៣ ផងដែរ។ បន្ថែមពីនេះខែមិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា និងធ្នូ នៃឆ្នាំ២០២៣ គឺជាសុទ្ធតែជាខែដ៏ក្តៅបំផុត មិនធ្លាប់មាននៅក្នុងកំណត់ត្រាដូចគ្នា។ នៅពេលដែលក្រុមអ្នកស្រាវជ្រាវ រួមបញ្ចូលគ្នានូវកំណត់ត្រាស្តីពីសីតុណ្ហភាព តាមវិធីសាស្ត្រទំនើប ជាមួយនឹងកំណត់ត្រានៃសីតុណ្ហភាពពីមុន ពួកគេបានរកឃើញថា ២០២៣ ប្រហែលជាឆ្នាំដ៏ក្តៅបំផុត ក្នុងរយៈពេលយ៉ាងហោចណាស់ ១០០,០០០ឆ្នាំចុងក្រោយនេះ។
លោកស្រី Burgess បាននិយាយថា កត្តាជាច្រើនបានរួមចំណែកដល់ភាពក្តៅខ្លាំងនៃឆ្នាំ ២០២៣ ក្នុងនោះរួមបញ្ចូលទាំង «ឧស្ម័នផ្ទះកញ្ចក់» ដែលមនុស្សជាតិបាននិងកំពុងបន្ត បញ្ចេញទៅក្នុងបរិយាកាស ហើយកាលពីក្នុងឆ្នាំ ២០២៣ យើងបានឃើញការបំភាយឧស្ម័នកាបូនិច ខ្ពស់បំផុតមិនធ្លាប់មាននោះគឺ ៣៦.៨ ពាន់លានតោន ដោយសារការដុតឥន្ធនៈហ្វូស៊ីល ក៏ដូចជាមហាសមុទ្រកើនឡើងកម្តៅខុសពីធម្មតា។
បន្ថែមពីខាងលើនេះ ការផ្ទុះភ្នំភ្លើងនៅប្រទេសដីកោះ តុងហ្គា នៃភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីឆ្នាំ ២០២២ ដែលបានចាក់បំភាយចំហាយទឹកប្រកបដោយកំដៅ ចូលទៅក្នុងបរិយាកាសផែនដី ក៏ជាកត្តារួមផ្សំផងដែរ។ ដោយឡែកការផ្លាស់ប្តូរបទប្បញ្ញត្តិ នៃការដឹកជញ្ជូនតាមសមុទ្រនៅឆ្នាំ ២០២០ ដែលកាត់បន្ថយបរិមាណនៃការបំពុលខ្យល់ដោយសារធាតុស្ពាន់ធ័រឌីអុកស៊ីត ដែលបញ្ចេញទៅក្នុងបរិយាកាស បានដើរមួយផ្នែកដែរក្នុងការធ្វើឲ្យបរិយាកាសឡើងកម្តៅ។ យើងដឹងហើយថា ទោះបីជាភាគល្អិតស្ពាន់ធ័រឌីអុកស៊ីត ប៉ះពាល់ដល់សុខភាពមនុស្សក៏ដោយ តែពួកវាក៏អាចមានឥទ្ធិពលមួយផ្នែក ធ្វើឲ្យអាកាសធាតុត្រជាក់ផងដែរ។
កត្តាចម្បងមួយទៀតនោះគឺ អ៊ែល នីញ៉ូ (El Niño) ដែលបានកើតឡើងយ៉ាងឆាប់រហ័សខុសពីធម្មតា កាលពីពាក់កណ្តាលឆ្នាំ ២០២៣។ យោងតាមលំនាំនេះបង្ហាញថា ភពផែនដីនៅដើមឆ្នាំ ២០២៤នេះ កំពុងស្ថិតនៅ ឬជិតឈានដល់កម្រិតកំពូលនៃឥទ្ធិពលរបស់ អ៊ែល នីញ៉ូ ហើយ។ លោកស្រី Burgess បានថ្លែងបែបនេះថា «ផ្ទៃមហាសមុទ្រនៅទូទាំងពិភពលោក នឹងមើលឃើញរលកកម្តៅជាបន្តបន្ទាប់ នាប៉ុន្មានខែខាងមុខនេះ»។

- ភពផែនដីនៅឆ្នាំ២០២៤ (ការព្យាករណ៍លើស្ថានភាពអាក្រក់ ដែលនឹងអាចកើតឡើង)
និយាយយ៉ាងខ្លី បើតាមក្រុមអ្នកតាមដាន និងព្យាករណ៍អាកាសធាតុរបស់អន្តរជាតិបានអះអាងថា នៅរយៈពេលពេញមួយឆ្នាំ ២០២៤ ស្ថានភាពអាកាសធាតុ នឹងបន្តភាពក្តៅពីឆ្នាំ ២០២៣ ដដែល ប៉ុន្តែអាចនឹងមានស្ថានភាពអាក្រក់ជាងក្នុងកម្រិតតិចតួច។ យោងតាមស្ថាប័ន NOAA នៃសហរដ្ឋអាមេរិក បានចេញលទ្ធផលព្យាករណ៍ថ្មី នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤នេះថា «មានឱកាស ៣០% ដែលឆ្នាំ ២០២៤ នេះនឹងក្តៅខ្លាំងជាងឆ្នាំ ២០២៣ ខណៈមានឱកាសដល់ទៅ ៩៩% ឯណោះដែលឆ្នាំ ២០២៤ នឹងត្រូវជាប់ក្នុងកំណត់ត្រានៃឆ្នាំក្តៅបំផុតទាំង៥»។
អង្គការឧតុនិយមអន្តរជាតិ (WMO) បានប្រកាសថា បាតុភូត អ៊ែល នីញ៉ូ ដែលបានលេចចេញនៅពាក់កណ្តាលឆ្នាំ២០២៣ នោះ នឹងបន្តអូសបន្លាយមកដល់ឆ្នាំ២០២៤ នេះ ហើយក៏អាចនឹងធ្ងន់ធ្ងរជាងឆ្នាំ ២០២៣ ផងដែរ។ ពិភពលោកទាំងមូល នឹងជួបប្រទះនូវរលកកម្តៅ ដែលនឹងបញ្ចេញឥទ្ធិពលខ្លាំងចាប់ពីអំលុងខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៤ (ដូចការអះអាងខាងដើមអត្ថបទថា យើងមិនអាន់អាចកំណត់កម្រិត និងទីតាំងដែលអាចរងគ្រោះដោយរលកកម្តៅនៅឡើយទេ)។ សីតុណ្ហភាពលើពិភពលោក នឹងកើនឡើងក្នុងកម្រិត ១.៣៤អង្សាសេ ទៅ ១.៥៨អង្សាសេ (១.៤៦អង្សាសេជាកម្រិតមធ្យម) ពីលើកម្រិតមធ្យមនៃសម័យកាលមុនឧស្សាហកម្មរីកលូតលាស់លើផែនដី (Pre-industrial ចាប់ពីឆ្នាំ១៨៥០-១៩០០)។

គួរបញ្ជាក់ថា លោកអ្នកគ្មានជម្រើសអ្វីផ្សេងក្រៅពីការត្រៀមខ្លួន ប្រឈមមុខចំពោះអ្វីដែលនឹងអាចកើតឡើងនោះឡើយ។ សម្រាប់រដូវក្តៅដ៏អាក្រក់នៅក្នុងឆ្នាំ២០២៤ នេះ លោកអ្នកអាចការពារសុខភាពរាងកាយខ្លួនឯង និងក្រុមគ្រួសារ តាមវិធីសាស្ត្រដូចខាងក្រោម៖
- ទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ទោះបីមិនទាន់ស្រែកទឹកក្តី
- ព្យាយាមជ្រកក្នុងម្លប់ឲ្យខាងតែបាន
- ត្រូវពាក់មួក ឬបាំងឆ័ត្រ ពេលចេញក្រៅប៉ះនឹងកម្តៅថ្ងៃផ្ទាល់
- រក្សាចរន្តខ្យល់ចេញចូល នៅក្នុងកន្លែងដែលអ្នកជ្រកកោណ
- ព្យាយាមធ្វើឲ្យបន្ទប់ ឬលំនៅដ្ឋានរបស់អ្នកត្រជាក់ ដោយមិនបាច់ប្រើម៉ាស៊ីនត្រជាក់
- ព្យាយាមបង្កើនបរិស្ថានបៃតង (ដាំដើមឈើ) នៅភូមិឋានដែលអ្នករស់នៅ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NATURE/DW/NOAA/WMO (ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤)
