រកឃើញភពថ្មីស្ថិតក្នុង «តំបន់អំណោយផលដល់ការកកើតជីវិត»! វាមានឈ្មោះថា TOI-715 b (មានវីដេអូ)
(បរទេស)៖ ភពស្ថិតក្នុងបេក្ខភាពល្អគួរសម សម្រាប់ការតាមដានរកជីវិតអេលៀន (alien) នៅថ្ងៃអនាគតមួយទៀតហើយ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រប្រកាសរកឃើញ កំពុងគោចរនៅក្នុងប្រព័ន្ធផ្កាយមួយ ដែលស្ថិតនៅមិនសូវឆ្ងាយពី ប្រព័ន្ធព្រះអាទិត្យយើងប៉ុន្មានឡើយ។ ភពនោះត្រូវបានដាក់ឈ្មោះឲ្យថា «TOI-715 b»។
TOI-715 b គឺជាភព Exoplanet ស្ថិតនៅក្នុងជំពូក Super-Earth (ពពួកភពដែលមានទំហំធំជាងផែនដី តែតូចជាងភពណិបទូន) ហើយវាគោចរជុំវិញផ្កាយ TOI-715 ដែលជាប្រភេទតារាក្រហមទំហំតូច (red dwarf star) ដែលមានចម្ងាយប្រមាណ ១៣៧ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ=៩.៤៦ទ្រីលានkm) ខណៈចម្ងាយកម្រិតនេះ មិនត្រូវបានចាត់ទុកថា ឆ្ងាយប៉ុន្មាននោះឡើយ បើយើងសម្លឹងទៅមើលទីចក្រវាល ដែលមិនទាន់អាចកំណត់ព្រំដែនបាននោះ។

ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងទៀតថា TOI-715 b ស្ថិតនៅក្នុង តំបន់អំណោយផលដល់ការកកើតជីវិត ដែលមានលក្ខណៈចង្អៀតបន្តិច (“conservative” habitable zone) ដែលធ្វើឲ្យភពនេះអាចមានទឹករាវ (liquid water) នៅលើផ្ទៃសំបក ជាកត្តាអំណោយផលដល់ការកកើតជីវិត។ ប៉ុន្តែការអាចកកើតជីវិតលើភពមួយបាន ក៏អាស្រ័យលើបរិយាកាសរបស់ភពនោះ និងស្ថានភាពផ្កាយមេរបស់វាផងដែរ។
ទោះបីជាយើងប្រើពាក្យថា habitable zone តែតំបន់ប្រភេទនេះ ក៏មានការបែងចែកនៅក្នុងនោះដែរ នោះគឺតំបន់ចង្អៀត (conservative) និងតំបន់ទូលាយ (optimistic)។ តំបន់ habitable zone បែបទូលាយនឹងអាចឲ្យភពនោះរីករាយជាមួយបរិស្ថានល្អ ដែលផ្តល់ពីផ្កាយមេវាផង និងមានឱកាសអាចឲ្យទឹករាវ ព្រមទាំងបរិយាកាសក្រាស់ ស្រោបជុំវិញភពនោះផង។ ប៉ុន្តែសម្រាប់ habitable zone បែបចង្អៀត (អាចកៀកផ្កាយពេក និងឆ្ងាយផ្កាយពេក) នោះគឺមិនសូវជាល្អខ្លាំងឡើយ។

ភព TOI-715 b ត្រូវបានតេឡេស្កូបអវកាស TESS វែករកឃើញជាផ្លូវការ និងគណនាទៀតថា វាមានអង្កត់ផ្ចិតស្មើនឹង ១.៥ដង នៃប្រវែងអង្កត់ផ្ចិតផែនដី (អង្កត់ផ្ចិតផែនដី = 12,742 km) ហេតុដូច្នេះហើយទើបភព Exoplanet មួយនេះ ត្រូវបានចាត់បញ្ចូលជាពពួក Super-Earth។ យ៉ាងណាក៏ដោយ TOI-715 b មានរយៈពេល១ឆ្នាំដ៏រហ័ស នោះគឺវាគោចរជុំវិញផ្កាយមេរបស់វា ១ជុំប្រើពេលតែ ១៩ថ្ងៃនៃពេលវេលាលើផែនដីប៉ុណ្ណោះ។

លោកស្រី Georgina Dransfield អ្នកដឹកនាំក្រុមអ្នកវិទ្យាសាស្ត្រខាងលើ មកពីសាកលវិទ្យាល័យ Birmingham ចក្រភពអង់គ្លេសបានថ្លែងថា «ការរកឃើញនេះ គឺជាការបោះជំហានទៅមុខដ៏ប្រសើរមួយ ដើម្បីឲ្យយើងឈ្វេងយល់អំពីបុគ្គលិកលក្ខណៈនានា (លើភពដូចជា TOI-715 b) ដែលសមរម្យឲ្យជីវិតកកើតឡើងបាន…»។
- អាចមានភពមួយទៀតក្នុងប្រព័ន្ធ TOI-715
TOI-715 b ត្រូវបានបញ្ជាក់វត្តមានជាផ្លូវការហើយ ប៉ុន្តែនៅមានភពមួយទៀត ដែលស្ថិតក្នុងការតាមដានបន្ត នោះគឺ TOI-715 c (យើងអាចហៅថា បេក្ខភាពភពរង់ចាំការបញ្ជាក់វត្តមានជាផ្លូវការ)។
- ការសង្កេតបន្ថែមដោយ James Webb នឹងជួយយើងឲ្យយល់ដឹងស៊ីជម្រៅ
ការសង្កេតភព TOI-715 b ដ៏ងាយស្រួលដោយ TESS ក៏មានន័យថា ជាឱកាសល្អសម្រាប់ឲ្យ តេឡេស្កូបអវកាស James Webb ធ្វើការសង្កេតបន្តផងដែរ។ TESS អាចត្រឹមដឹងអំពីវត្តមាន ទំហំ ថេរវេលាគោចរ និងគម្លាតរវាងភពនឹងផ្កាយរបស់វាប៉ុណ្ណោះ ហើយការវិភាគបឋមថា ភពនោះអាចទ្រទ្រង់ជីវិតឬអត់ និងអាចជាភពស្ថិតក្នុងជំពូកណា គឺក្រុមអ្នកវិទ្យាសាស្ត្រតែងតែវិភាគទុកមុន ដោយយោងលើទិន្នន័យបឋមទាំងអស់នេះ។
ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសសង្ឃឹមថា Webb អាចនឹងត្រូវប្រើប្រាស់ ដើម្បីឆ្លុះមើលបរិយាកាសភព Exoplanet ដ៏ពិសេសមួយនេះ នោះយើងនឹងអាចដឹងថា តើវាផ្សំឡើងពីសមាសធាតុអ្វីខ្លះ។ ការយល់ដឹងពីធាតុគីមីផ្សំ និងសីតុណ្ហភាពក្នុងបរិយាកាស ពិតជាអាវុធដ៏សំខាន់បំផុត សម្រាប់ឲ្យយើងឈានទៅវិភាគបែបប្រាកដនិយមថា ភពនោះមានស្ថានភាពដូចម្តេចខ្លះ, តើវាអាចមានជីវិត ឬក៏ត្រឹមជាភពពុល ឬជាភពក្តៅហួតហែងជាដើមនោះ។

គួរបញ្ជាក់តាមក្រុមអ្នកវិទ្យាសាស្ត្រខាងលើនេះថា ប្រសិនបើថ្ងៃមុន James Webb ឆ្លុះឃើញមានបរិយាកាស និងទឹកនៅលើភព TOI-715 b នោះលទ្ធភាពដែលយើងអាចចាត់បញ្ចូលភពនេះ ជាភពទ្រទ្រង់ជីវិតកម្រិតខ្ពស់ ក៏នឹងកើនឡើងទៅតាមនោះដែរ។ កន្លងមកនេះ ភពដែលត្រូវបានចាត់បញ្ចូលទៅក្នុង បេក្ខភាពដ៏ល្អបំផុតក្នុងការស្វែងរក ជីវិតដែលអាចកើតមានលើទីឋានដទៃ ក្រៅពីភពផែនដីនោះមានដូចជា ភព K2-18 b, ភព TOI-700d និងភព Trappist-1 e ជាដើម៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Earth (ថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤)
