ស្វែងយល់! កំហុសតែមួយវិនាទី «ធ្វើឲ្យយានរុករកអឺរ៉ុប ធ្លាក់ខ្ទេចខ្ទីលើភពព្រះអង្គារ» ដែលវាមានតម្លៃរហូតដល់…
(ប៉ារីស)៖ ទោះបីជារឿងនេះ បានកើតមានឡើងរយៈពេលជាងមួយឆ្នាំទៅហើយក្តី តែការចងចាំ និងសោកស្តាយពីសំណាក់ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ដែលខំចំណាយពេលរាប់ឆ្នាំ និងធនធានរហូតដល់ទៅ ១ពាន់លានដុល្លារ ដើម្បីផលិតយាន Schiaparelli នេះឡើង នៅតែមានដក់ជាប់ក្នុងប្រអប់ទ្រូងជានិច្ច ប៉ុន្តែកាលណោះយើងខ្ញុំមិនបានធ្វើការបកស្រាយលម្អិតនោះឡើយ អំពីកត្តាចម្បង ដែលបានបង្កជាការធ្លាក់យានដ៏ថ្លៃថ្លានេះ ខ្ទេចខ្ទីលើដីភពអង្គារ និងត្រូវយានរបស់ NASA ថតរូបកន្លែងធ្លាក់បាននោះ។ នេះបើតាមការដកស្រង់ពី Space News នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

រំលឹកដល់ថ្ងៃដែល Schiaparelli ធ្លាក់ និងផ្ទុះឆេះខ្ទេចខ្ទី គឺនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ពេលវេលាលើភពផែនដី ហើយបើតាមក្រុមជំនាញរបស់ ESA កំហុសបច្ចេកទេសតែ ១វិនាទី តែប៉ុណ្ណោះ បានបង្កចេញជារឿងដ៏គួរឲ្យសោកស្តាយបំផុត ប្រចាំប្រវត្តិសាស្ត្រ នៃផ្នែកអវកាស ដោយនោះគឺការគណនាខុស ឬ Error ប្រព័ន្ធកុំព្យូ័រ អំឡុងពេលដែល Schiaparelli កំពុងតែធ្វើការចុះចត លើផ្ទៃភពអង្គារ ដែលមានផ្ទៃបរិយាកាសស្តើងបានតែ ១ភាគរយ នៃបរិយាកាសផែនដី ដែលពិតជាផ្តល់ផលវិបាកខ្លាំងដល់ការចុះចតយានម្តងៗនោះ។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ រយៈពេលជាងមួយខែក្រោយដែលយាន Schiaparelli បានធ្លាក់នោះ ESA បានចេញមុខបកស្រាយថា គឺដោយសារកំហុសផ្នែកឧបករណ៍គណនាចរន្តដែលមាននៅក្នុងយាននោះ (IMU) ដោយវាធ្វើការចាប់យកទិន្នន័យខុស បញ្ជូនទៅកាន់ប្រព័ន្ធកុំព្យូទ័រដែលគ្រប់គ្រងយានខាងលើនេះ នៅលើផែនដី។ ប្រការនេះបាននាំឲ្យវា ធ្វើការរលាស់ឆ័ត្រយោង ដើម្បីបន្ថយល្បឿនយានមុនកាលកំណត់ នាំឲ្យយានទាំងមូលគ្រប់គ្រងលែងបាន ទើបធ្លាក់ទាំងកម្រោលចុះទៅលើភពអង្គារតែម្តង។

ដោយសារតែការគណនាខុសរបស់ IMU ដែលអ្នកវិទ្យាសាស្ត្រអះអាងថា «ជាកំហុសតែមួយវិនាទីនេះ» ទើបធ្វើឲ្យប្រព័ន្ធកុំព្យូទ័រ ដែលគ្រប់គ្រងលើការបញ្ជាយាន Schiaparelli គិតថា យាននេះជិតដល់ពេលចុះចតមែនទែនហើយ ទើបវាធ្វើការរលាស់ឆ័ត្រយោង និងដំណើរការប្រព័ន្ធបាញ់ឧស្ម័នបន្ថយល្បឿន ទាំងដែលតាមការពិតទៅ គឺយាននោះស្ថិតនៅរយៈកម្ពស់រហូតដល់ទៅ ៣.៧គីឡូម៉ែត្រ ពីលើផ្ទៃភពអង្គារ ដែលនៅឆ្ងាយពីរយៈកម្ពស់ នឹងត្រូវចុះចតពិតប្រាកដ។

បច្ចុប្បន្ននេះ ESA កំពុងតែធ្វើកិច្ចសហការ ជាមួយនឹងទីភ្នាក់អវកាសរុស្ស៊ីនៅឡើយ ដើម្បីផលិតយានមួយមានឈ្មោះថា ExoMars ដែលគ្រោងធ្វើការបាញ់បង្ហោះទៅភពអង្គារ នៅឆ្នាំ២០២០ ឬ២០២១ ក្នុងទំហំទឹកប្រាក់គំរោង ៣៣០លានដុល្លារអាមេរិក។ វាជាគំរោងដែលកំពុងមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការផលិត ដើម្បីកុំឲ្យអតីតកាលដ៏ខ្មៅងងឹតដូចខាងលើនេះ កើតមានឡើងសាជាថ្មីទៀត៕

