ស្វែងយល់មូលហេតុ… តើហេតុអ្វីបានជា «សហភាពសូវៀត បញ្ជូនយានច្រើនម្ល៉េះ» ទៅចុះចតលើភពសុក្រ?
(បរទេស)៖ សហភាពសូវៀត (បច្ចុប្បន្ន គឺរុស្ស៊ី) បានបញ្ជូនយានស៊េរី Venera រហូតដល់ទៅ ១៤គ្រឿង ទៅចុះចតលើភពសុក្រ ដោយភាគច្រើននៃយានទាំងនោះ ត្រូវបានឆេះខ្ទេចខ្ទីរ ដោយមិនទាន់បានកំណត់ទិន្នន័យអ្វីមកផង ប៉ុន្តែក៏មានមួយចំនួនដែរ ដែលអាចធ្វើការសិក្សានិងបញ្ជូនទិន្នន័យខ្លះមកវិញ ដូចជា Venera-14 ដែលបានផ្តិតយករូបភាពច្បាស់ពីផ្ទៃ និងបរិយាកាសជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រកាលពីអំឡុងទសវត្សរ៍ ១៩៨០។

តើហេតុអ្វីបានជាសូវៀត បញ្ជូនយានច្រើនគ្រឿងម្ល៉េះ ទៅលើភពសុក្រ?
ចម្លើយនោះ គឺយើងត្រូវបានតែផ្តោតទៅមើលឡើងវិញ នូវស្ថានការណ៍កាលពីសម័យសង្គ្រាមត្រជាក់ ដែលជាពេលបច្ចេកវិទ្យាយោធា និងអវកាស ចាប់ផ្តើមមានការប្រកួតប្រជែងខ្លាំងបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនោះឡើយ។ វាមិនមែនមានន័យថា អាមេរិកមិនចង់ទៅភពសុក្រ ឬសូវៀត មិនចង់ទៅភពអង្គារនោះឡើយ ប៉ុន្តែវាជាការពិតថា សមត្ថភាពរបស់មហាអំណាចទាំងពីរនេះមានដែនកំណត់ និងលក្ខណៈពិសេសរៀងៗខ្លួន។

រុស្ស៊ីធ្លាប់ទទួលបរាជ័យ ដោយសារបេសកកម្មបញ្ជូនយានទៅភពអង្គារជាច្រើនលើក ខណៈដែលសហរដ្ឋអាមេរិក (អង្គការ NASA) បានសម្រេចជោគជ័យដំបូង តាំងតែពីឆ្នាំ១៩៥៧មកម្ល៉េះ ក្នុងការបញ្ជូនយានទៅថតរូបភពអង្គារ ហើយចាប់តាំងពីពេលនោះមក NASA បានព្យាយាមអះអាងអំពីតម្លៃនៃភពអង្គារ និងសារៈសំខាន់ នៃការធ្វើអាណានិគមរបស់មនុស្ស នៅលើភពក្រហមនេះនាថ្ងៃអនាគត។

បន្ថែមពីនេះ អង្គការ NASA ក៏ហាក់មានភាពបរាជ័យក្នុងបេសកកម្ម នៅភពពុធទៅវិញ ដោយអាមេរិកពុំទទួលបានព័ត៌មានអ្វី ឬផលពីការស្រាវជ្រាវ លើភពដ៏ក្តៅនេះឡើយ ហើយខ្លួនបែរជាចាត់ទុកថា ភពសុក្រជាឋាននរក និងគ្មានអត្ថប្រយោជន៍ ព្រមទាំងសារៈសំខាន់អ្វីដែលគួរឲ្យព្យាយាមសិក្សា ឬក៏មនុស្សត្រូវដាក់អាណានិគមន៍នៅទីនោះឡើយ។

ខុសពីប្រទេសរុស្ស៊ី កាលណោះសហភាពសូវៀតបានធ្វើការបញ្ជូនយានជាច្រើនកុះករទៅចុះចតលើភពសុក្រ ហើយក៏បានទទួលព័ត៌មានជាច្រើនពីផ្ទៃក្នុង ដែលយើងមិនអាចដឹង បើគ្មានយានចុះទៅថតផ្ទាល់ ព្រមទាំងសារធាតុគីមីសំខាន់ៗ នៅលើភពដែលនៅជិតយើងបំផុតនេះផងដែរ។ សហភាពសូវៀតហាក់ចង់បង្ហាញពិភពលោកថា ភពសុក្រងាយឲ្យមនុស្សដាក់អាណានិគមជាងភពអង្គារ ដោយសារតែវានៅជិតហ្នឹងផែនដីខ្លាំងជាងគេ និងមិនត្រជាក់ដូចភពអង្គារនោះឡើយ ដូច្នេះទំនាក់ទំនងរវាងភពសុក្រ (Venus) និងផែនដី គឺងាយជាងឆ្ងាយណាស់។

ទោះបីជាបែបនេះក្តី គ្រប់គ្នាដែលបានសិក្សាព័ត៌មាន និងតាមដានឯកសាររបស់ NASA ហាក់ទោទន់ និងពេញចិត្តភពអង្គារជាងភពសុក្រឆ្ងាយ។ មានអ្នកជំនាញមួយរូបនិយាយថា «ការកសាងទីក្រុងលើពពកភពសុក្រ (ទីក្រុងអវកាស) គឺងាយជាងការកសាងទីក្រុងនៅលើដីភពអង្គារឆ្ងាយណាស់ ហើយក៏មិនចាំបាច់ត្រូវការខែលការពារខ្លាំង ឬមួយការដឹកជញ្ជូនផ្លូវឆ្ងាយ និងត្រូវធ្វើការចុះចតយានម្តងៗ ដោយព្រលឹងចុងសក់នោះឡើយ»។ ចំពោះគំនិតនេះ ក៏ត្រូវបាន NASA ចាប់អារម្មណ៍ខ្លាំងដែរ។
ដូច្នេះសរុបសេចក្តីមក ការបញ្ជូនយានរបស់សូវៀត គឺជាការប្រកួតប្រជែងផ្នែកការស្រាវជ្រាវអវកាសប៉ុណ្ណោះ ដោយចង់បង្ហាញថា ភពសុក្រមានសារៈសំខាន់ជាងភពអង្គារ ប៉ុន្តែទោះបីជាយ៉ាងណា ជ័យជម្នះគឺបានទៅលើ NASA រួចហើយ។ យ៉ាងនេះក្តី បងប្អូននៅតែអាចថ្លឹងថ្លែងដោយខ្លួនឯងថា មួយណាសំខាន់ជាង ព្រោះបងប្អូនក៏អាចមានគំនិត និងការយល់ឃើញល្អៗ អំពីវិស័យអវកាសនេះផងដែរ ដោយមិនចាំបាច់ត្រូវជឿលើអ្នកជំនាញ ដែលតែងតែការពារផលប្រយោជន៍ជាតិគេរៀងៗខ្លួននោះឡើយ៕
ប្រភព៖ Wikipedia

