ទីបំផុត «យានឯកជនដំបូង» នៃសហរដ្ឋអាមេរិក ចុះចតលើព្រះចន្ទហើយ! (មានវីដេអូ)

1,373

(បរទេស)៖ ទីបំផុតយាន អូឌីសឹស (Odysseus) ស្ថិតក្នុងបេសកកម្ម IM-1 របស់ក្រុមហ៊ុនឯកជនសហរដ្ឋអាមេរិក Intuitive Machines ដែលនឹងបម្រើឲ្យគម្រោង Artemis របស់អង្គការ NASA បានចុះចតដោយជោគជ័យ នៅក្នុងរណ្តៅមួយឈ្មោះ ម៉ាឡាភើត A (Malapert A crater) ស្ថិតនៅចម្ងាយជាង ៣១០Km ពីចំណុចប៉ូលខាងត្បូងព្រះចន្ទ និងស្ថិតនៅផ្នែក Near Side ដែលបែរមុខមករកផែនដីជានិច្ចនោះហើយ។

(Video From: Cambo Space Edu’s YouTube Channel)
ទីបំផុត «យានឯកជនដំបូង» នៃសហរដ្ឋអាមេរិក ចុះចតលើព្រះចន្ទហើយ! (មានវីដេអូ)
រូបតំណាងយាន Odysseus ចុះចតលើព្រះចន្ទ (រូបភាពពី Intuitive Machines)

យោងតាមអង្គការ NASA យាន Odysseus បានចុះចតនៅទីនោះ កាលពីវេលាម៉ោង ៥៖៣០ល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ (ម៉ោងនៅសហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង ៥៖៣០ព្រឹកព្រហាមថ្ងៃសុក្រ ទី២៣ ខែកុម្ភៈនេះ (ម៉ោងនៅប្រទេសកម្ពុជា) ដោយមួយសន្ទុះធំក្រោយការចុះចត និងស្ងប់ស្ងាត់ ទើបយាននោះត្រូវបានបញ្ជាក់ថា ចុះទៅដល់ផ្ទៃព្រះចន្ទហើយ។ ភាពជោគជ័យនេះបាននាំឲ្យ Odysseus ក្លាយជាយានឯកជនដំបូងរបស់ សហរដ្ឋអាមេរិកក្នុងការចុះចតលើផ្ទៃព្រះចន្ទ ព្រមទាំងជាយានដំបូង គិតចាប់តាំងពីឆ្នាំ ១៩៧២ (បេសកកម្ម Apollo 17) សម្រាប់មហាអំណាចមួយនេះ ក្នុងការចុះចតលើព្រះចន្ទឡើងវិញ។

ក្រុមការងារ Odysseus អបអរជោគជ័យនៅមុននេះបន្តិច (រូបភាពពី NASA Live)

Odysseus ដែលជាប្រភេទយានចុះចត (Lander) ត្រូវបានគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ពាំនាំពីផ្ទៃផែនដីឡើងទៅកាន់ទីអវកាស កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ Odysseus មានផ្ទុកឧបករណ៍ស្រាវជ្រាវសំខាន់ៗចំនួន ៦ របស់អង្គការ NASA ព្រមទាំងទំនិញ ៦ មុខផ្សេងទៀត ជារបស់ក្រុមហ៊ុនដទៃ ដោយស្ថិតក្នុងគោលដៅបើកការស្រាវជ្រាវពហុគោលដៅ នៅលើផ្ទៃព្រះចន្ទ។

យាន (lander) ឈ្មោះ Odysseus (រូបភាពពី NASA)

បេសកកម្ម Odysseus ទាំងមូលនេះ គឺស្ថិតក្នុងកិច្ចព្រមព្រៀងដែល NASA បានចំណាយរហូតដល់ទៅ ១១៨លានដុល្លារអាមេរិកពីដំបូង ខណៈ ១១លានដុល្លារទៀត ត្រូវបានបូកបន្ថែមដើម្បីអភិវឌ្ឍ និងផលិតចេញជាឧបករណ៍វិទ្យាសាស្ត្រ ហើយវានឹងក្លាយជាការត្រាយផ្លូវសម្រាប់បេសកកម្ម Artemis របស់ NASA តែម្តង។ សម្រាប់ឧបករណ៍សំខាន់ៗក្នុងខ្លួនយាន Odysseus មានដូចជា៖

១៖ ឧបករណ៍អង្កេតផ្ទៃព្រះចន្ទ ROLSES (Radio Observations of the Lunar Surface Photoelectron Sheath) ដើម្បីយល់ដឹងកម្រិតផ្លាស្មាអេឡិចត្រុង និងបរិស្ថានរលកវិទ្យុនៅទីតាំងដែល IM-1 ធ្វើប្រតិបត្តិការ។

២៖ ឧបករណ៍ឡាស៊ែរខ្នាតតូច LRA (Laser Retro-Reflector Array) ដើម្បីសិក្សាពីទីតាំង និងកំណត់ភាពងាយស្រួលដល់យានក្រោយៗ សម្រេចចិត្តធ្វើការចុះចតលើផ្ទៃព្រះចន្ទ។

៣៖ ឧបករណ៍អង្កេតដំណើរការជាក់ស្តែងពេលចុះចតយាន Odysseus លើព្រះចន្ទ NDL (Navigation Doppler Lidar for Precise Velocity and Range Sensing)។

៤៖ ឧបករណ៍កាមេរ៉ាអង្កេតដំណើរការចុះចត និងប្រតិកម្មរវាងតួយាន Odysseus ជាមួយធូលី និងថ្មព្រះចន្ទ SCALPSS (Stereo Cameras for Lunar Plume-Surface Studies) នៅទីតាំងដែលយាននោះចុះចត។

៥៖ ឧបករណ៍ទាក់ទងតាមរលកវិទ្យុខ្នាតតូច LN-1 (Lunar Node 1 Navigation Demonstrator) ដើម្បីតេស្តការធ្វើទំនាក់ទំនងរវាងយាន និងផែនដី ដែលនឹងជួយដល់ការបង្កើតប្រព័ន្ធ GPS ជុំវិញព្រះចន្ទនៅថ្ងៃមុខ។

៦៖ ឧបករណ៍តាមដានដោយរលកវិទ្យុ RFMG (Radio Frequency Mass Gauge statement) ដើម្បីកំណត់ពីបរិមាណឥន្ធនៈនៅសល់ក្នុងធុងស្តុកនៃយាន Odysseus (ជាភាពលំបាកក្នុងទីកន្លែងមានទំនាញខ្សោយខ្លាំងដូចជាព្រះចន្ទ)៕

រណ្តៅ Malapert A ដែលយាន Odysseus ទើបបានចុះចត (រូបភាពពី Intuitive Machines)

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA/Intuitive Machines/SpaceX (ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤)

480×240 Banner