តើការផ្ទុះជះ Solar Flare ផ្ទួនៗលើតំបន់អាស៊ី បង្កឲ្យដាច់សេវាទូរស័ព្ទនៅអាមេរិក? (មានវីដេអូបកស្រាយ)

1,872

(បរទេស)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានមួយចំនួននៅសហរដ្ឋអាមេរិក បានចេញផ្សាយថា ការជះអណ្តាតភ្លើងព្រះអាទិត្យ (Solar Flare) ផ្ទួនៗគ្នា ២ដង និងក្នុងកម្រិតខ្លាំង បានកើតឡើងស្របពេលនៃកើតមានសេចក្តីរាយការណ៍អំពីការដាច់សេវាទូរស័ព្ទ ពីអ្នកប្រើប្រាស់រាប់សែននាក់ឯណោះនៅទូទាំងសហរដ្ឋអាមេរិក។ ប្រការនេះកំពុងនាំឲ្យមានការចោទសួរថា៖ តើបញ្ហាទាំងពីរនេះ មានជាប់ពាក់ព័ន្ធគ្នាដែរឬមួយក៏យ៉ាងណា?

(Video From: Cambo Space Edu’s YouTube Channel)

យោងតាមទិន្នន័យពីអង្គការ NASA ការជះ Solar Flare ផ្ទួនៗនោះ គឺលើកទី១មានកម្រិត X 1.8-Class នៅវេលាម៉ោង ៦៖០៧នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ម៉ោងនៅភាគខាងកើត សហរដ្ឋអាមេរិក (ត្រូវនឹងម៉ោង ៦៖០៧ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ម៉ោងនៅកម្ពុជា) និងលើកទី២មានកម្រិត X 1.7-Class នៅវេលាម៉ោង ១៖៣១នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ម៉ោងនៅភាគខាងកើត សហរដ្ឋអាមេរិក (ត្រូវនឹងម៉ោង ១៖៣១នាទីរសៀលថ្ងៃដដែលម៉ោងនៅកម្ពុជា)។ ជុំវិញបញ្ហានេះ គេនៅមិនទាន់មានការបញ្ជាក់ឲ្យប្រាកដថា ការដាច់សេវាទូរស័ព្ទ និងព្រឹត្តិការណ៍ Solar Flares ពីព្រះអាទិត្យនោះ ពិតជាបានជាប់ពាក់ព័ន្ធនៅឡើយទេ តែយ៉ាងណាក៏មានមន្ត្រីជំនាញនៃស្ថាប័នពាក់ព័ន្ធ បានចេញមុខបកស្រាយផងដែរ។

ព្រឹត្តិការណ៍ Solar Flares កើតឡើង ២លើកក្នុងថ្ងៃតែមួយ (គិតតាមម៉ោងនៅកម្ពុជា) (Image credit: NASA/SDO)

រដ្ឋបាលបរិយាកាស និងមហាសមុទ្រជាតិ (NOAA) នៃសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ (ពេលវេលានៅអាមេរិក) ថា «Solar Flares (ទាំង២លើក) ដែលបានផ្ទុះចេញពីតំបន់ពិសេសមួយនៃព្រះអាទិត្យ កំពុងបន្តបង្ហាញពីភាពភាពស្មុគស្មាញនៃដែនម៉ាញេទិចដ៏ខ្លាំងក្លា។ គ្មានព្រឹត្តិការណ៍ CME (ការជះអណ្តាតភ្លើងរាងពងក្រពើ ពីស្រទាប់ខូរ៉ូណាព្រះអាទិត្យ ឬ Coronal Mass Ejection) បានលេចឡើងក្នុងព្រឹត្តិការណ៍ខាងលើនេះឡើយ ប៉ុន្តែវាក៏អាចត្រូវចាត់ទុកថាគ្មានដែរ…»។

យ៉ាងណាក៏ដោយ ក្រោយព្រឹត្តិការណ៍ Solar Flares ទាំង២លើកនោះបានកើតឡើង ហើយក្រោយនោះតែបន្តិច សារព័ត៌មានមួយចំនួនដូចជា AP និង SPACE ជាដើម បានធ្វើសេចក្តីរាយការណ៍អំពីការដាច់សេវាខលទូរស័ព្ទ រហូតដល់ទៅរាប់សែនករណីនៅទូទាំងសហរដ្ឋអាមេរិកតែម្តង ពីសំណាក់អ្នកប្រើសេវា AT&T, Verizon និង T-Mobile ជាដើម។ ព្រឹត្តិការណ៍បែបនេះបាននិងកំពុងធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ចោទជាសំនួរចំពោះទំនាក់ទំនងនៃបញ្ហាទាំង នេះ ហើយក៏មានមន្ទិលចំពោះទ្រឹស្តីពីមុនដែរ។

តើការផ្ទុះជះ Solar Flare ផ្ទួនៗលើតំបន់អាស៊ី បង្កឲ្យដាច់សេវាទូរស័ព្ទនៅអាមេរិក? (មានវីដេអូបកស្រាយ)
ពណ៌ក្រហម គឺជាតំបន់រងឥទ្ធិពលខ្លាំងជាងគេពី Solar Flare កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ (គិតតាមម៉ោងនៅកម្ពុជា) (រូបភាពពី NOAA)

យោងតាមទិន្នន័យជាក់ស្តែងពី NOAA និងស្ថាប័នពាក់ព័ន្ធបានបង្ហាញថា ព្រឹត្តិការណ៍ Solar Flares ទាំង ២លើកនោះ សុទ្ធតែបានកើតឡើងនៅផ្នែកពេលថ្ងៃនៃផែនដី (លើបណ្តាប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍) ខណៈសហរដ្ឋអាមេរិកវិញ កាលណោះស្ថិតនៅផ្នែកពេលយប់ (ដូចក្នុងរូបភាពបានបញ្ជាក់)។ បើតាមការអះអាងពី អ្នកជំនាញផ្នែកតារា លោក Ryan French មកពីមន្ទីរអង្កេតព្រះអាទិត្យជាតិ (NSO) នៃសហរដ្ឋអាមេរិកបានអះអាងថា «ដូចដែលអ្នកទាំងអស់គ្នាមើលឃើញខាងលើ (ទិន្នន័យរូបភាព) នេះហើយ សហរដ្ឋអាមេរិកមិនត្រូវបានប៉ះពាល់ដោយព្រឹត្តិការណ៍នេះទេ។ ដូច្នេះ​វា​គ្រាន់តែ​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ»

ងាកមកកាន់តំបន់អាស៊ីយើង ប្រទេសដែលមានវិស័យអវកាស និងវិទ្យាសាស្ត្ររីកចម្រើនជាងគេនោះគឺ ចិន ជប៉ុន និងឥណ្ឌា ហើយក៏អាចរាប់បញ្ចូលទាំងអូស្ត្រាលីផងដែរ ប៉ុន្តែយើងទាន់ពុំឃើញមានសេចក្តីរាយការណ៍ថា មានករណីដាច់សេវាទូរស័ព្ទ ឬរអាក់រអួលប្រព័ន្ធទូរគមនាគមន៍ ពីសំណាក់បណ្តាប្រទេសទាំងនេះ កាលពីថ្ងៃទី២២ ខែកុម្ភៈនោះឡើយ ឬអាចថា មិនមានការបូកសរុបព័ត៌មាននៅឡើយក៏ថាបាន។

គួរបញ្ជាក់ថា ការផ្ទុះជះ Solar Flare ត្រូវបានបែងចែកជាលំដាប់ថ្នាក់ X-class, M-class, C-class, B-class និង A-class។ នៅក្នុងលំដាប់ថ្នាក់ខ្ពស់ជាងគេគឺ X-class នោះ ក៏ត្រូវបានចាត់កម្រិត (level) ចាប់ពី (ទាបបំផុត) ដល់ ១០ (ខ្ពស់) បំផុតដែរ ហើយបើទោះបីជាក្នុងកម្រិតណា ក៏អាចប៉ះពាល់ខ្លាំងដល់ផែនដីដែរ។ សម្រាប់លំដាប់ថ្នាក់ A-class វិញគឺជា Solar Flare មានឥទ្ធិពលខ្សោយជាងគេបំផុត ដែលមិនអាចបង្កផលប៉ះពាល់អ្វីដល់ផែនដីឡើយ។

Solar Flare កម្រិត X-class (រូបភាពពី NASA)

គួររំលឹកជាថ្មីផងដែរថា ព្រះអាទិត្យក្នុងឆ្នាំ២០២៤ នេះកំពុងកើនឡើងនូវសកម្មភាព ព្រោះតែការខិតជិតពេលវេលាដ៏ពុះកញ្ជ្រោលបំផុត (Solar Maximum) នៃវដ្តព្រះអាទិត្យ (Solar Cycle) ដែលមានរយៈពេល ១១ឆ្នាំម្តងរបស់ខ្លួន។ ខណៈពេលដែលព្រះអាទិត្យ ពុះកញ្ជ្រោលដល់កម្រិតអតិបរិមានោះមានន័យថា យើងនឹងអាចមើលឃើញ ព្រឹត្តិការណ៍មួយចំនួនកើតឡើងដូចជា ការរអាក់រអួល ឬដាច់ប្រព័ន្ធទូរគមនាគមន៍, ការដាច់ចរន្តអគ្គិសនី និងការគំរាមកំហែងដល់យានអវកាស ឬផ្កាយរណបនានានៅក្នុងគន្លងគោចរផែនដីជាដើម។ ឥទ្ធិពលខ្លាំងជះចេញពីព្រះអាទិត្យ ក៏អាចនាំឲ្យកើតមានពន្លឺសំរាំងប៉ូល (Aurora) នៅលើតំបន់ប៉ូលទាំងពីររបស់ផែនដីផងដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ WIO NEWS/SPACE (ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤)

480×240 Banner