យានអាមេរិក Nova C ”Odysseus” បញ្ជូនរូបភាពដំបូងៗមកផែនដី ក្រោយដួលលើផ្ទៃព្រះចន្ទ (មានវីដេអូ)
(បរទេស)៖ រយៈពេល ៥ថ្ងៃកន្លងផុតទៅហើយ គិតចាប់តាំងពីថ្ងៃទី២២ ដល់ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោយយាន Nova C ”Odysseus” របស់ក្រុមហ៊ុនឯកជនសហរដ្ឋអាមេរិក Intuitive Machines ដែលផ្ទុកពេញដោយឧបករណ៍វិទ្យាសាស្ត្រ ៦មុខរបស់អង្គការ NASA និងទំនិញ ៦មុខទៀតជារបស់ក្រុមហ៊ុនផ្សេងៗទៀត បានធ្វើការចុះចតលើផ្ទៃព្រះចន្ទ ហើយដែលត្រូវបានចាត់ទុកថា ជាភាពជោគជ័យដំបូងក្រោយរយៈពេល ៥២ឆ្នាំ នៃការអវត្តមានរបស់មហាអំណាចមួយនេះ នៅលើផ្ទៃទីឋានរណបរបស់ផែនដីនោះ។
ដើម្បីឲ្យគ្រប់គ្នាអស់ចម្ងល់ ក្រុមហ៊ុន Intuitive Machines បានបញ្ចេញព័ត៌មានថ្មីៗ តាមរយៈគណនី X (Twitter) កាលពីថ្ងៃទី២៦ ខែកុម្ភៈ (ម៉ោងនៅសហរដ្ឋអាមេរិក) ថា «យាន Odysseus នៅតែអាចធ្វើទំនាក់ទំនងជាមួយផែនដី បើទោះបីជាវាបានចុះចតដោយការផ្អៀង ឬដួលបន្តិចទៅលើផ្ទៃព្រះចន្ទក៏ដោយ។ បន្ទាប់ពីអ្វីៗបានប្រសើរឡើង ទើបយានរបស់យើងបានបាញ់បញ្ជូន រូបថតមួយចំនួនពីព្រះចន្ទមកផែនដីវិញ។ រូបមួយសន្លឹកដំបូងបង្ហាញពីយាននេះ កំពុងទម្លាក់ខ្លួនទៅរកកន្លែងចុះចត (៣៥វិនាទីមុនប៉ះផ្ទៃព្រះចន្ទ) ក្នុងរណ្តៅមួយឈ្មោះ Malapert A ចម្ងាយជាង ៣០០km ពីចំណុចប៉ូលខាងត្បូងព្រះចន្ទ និងមួយសន្លឹកទៀតទំនងជារូបថតដំបូង ស្ថិតនៅក្នុងមុំកៀកនឹងផ្ទៃព្រះចន្ទ (រាងព្រាលៗ និងបែកពណ៌)»។

អង្គការ NASA ក៏មាននូវផ្កាយរណបផ្តិតរូបភាពកម្រិតខ្ពស់មួយគ្រឿង ដែលនៅគោចរជុំវិញព្រះចន្ទជាប្រចាំតាំងតែពីឆ្នាំ២០០៩ ផងដែរនោះគឺ LRO (Lunar Reconnaissance Orbiter) ហើយផ្កាយរណបនេះក៏បានផ្តិតយកទីកន្លែងដែល Odysseus បានចុះចតនោះផងដែរ នៅរយៈកម្ពស់ ៩០km ពីផ្ទៃព្រះចន្ទ (យើងអាចស្វែងរកចំណុចដ៏តូចនៃយាន Odysseus ក្នុងរូបភាពរថតដោយ LRO នោះបាន)។ បើតាមអង្គការ NASA យាននេះបានចុះចតនៅចម្ងាយ ១.៥km ពីចំណុចដែលវាបានប៉ុនប៉ងចុះចតតាំងពីដំបូង នៅក្នុងរណ្តៅ Malapert A បើទោះបីជានៅលើខ្លួនវាមានបំពាក់ «ប្រព័ន្ធឡាស៊ែរស្វែងរកទីតាំងចុះចត ដោយស្វ័យប្រវត្តិ (laser range-finding system)» ក៏ដោយ។

គួរបញ្ជាក់ថា ការចេញមុខបកស្រាយអំពីដំណើរការរបស់ Odysseus និងការបញ្ចេញរូបភាពថ្មីៗពេលនេះ បានកើតមានឡើងក្រោយពីចម្ងល់ និងការជជែកដេញដោល បាននិងកំពុងលេចឡើងពីមហាជននៅតាមបណ្តាញសង្គម និងជាពិសេសគឺសារព័ត៌មាននានា អំពីភាពជោគជ័យថ្មីក្នុងរយៈពេល ៥២ឆ្នាំ ដែលសហរដ្ឋអាមេរិកបានអះអាង ចំពោះយានក្រុមហ៊ុនឯកជនមួយនេះ។ យ៉ាងណាក៏ដោយ បញ្ហាហាក់នៅមិនទាន់ចប់នៅឡើយទេ ខណៈអ្នកជំនាញខ្លះបានចេញមុខស្តីបន្ទោស ទៅលើប្រព័ន្ធបញ្ជាការចុះចតដ៏ស្មុគស្មាញ ដែលស្ទើរតែបានធ្វើឲ្យយាន Odysseus វង្វេងវង្វាន់ទៅហើយកាលពីថ្ងៃទី២២ ខែកុម្ភៈនោះ។

បើតាមក្រុមហ៊ុន Intuitive Machines បានគូសបញ្ជាក់តាមរយៈ Website របស់ខ្លួនថា ទំនាក់ទំនងរវាងទីបញ្ជាការយានលើផែនដី និងយាន Odysseus នោះ ក៏ត្រូវពឹងផ្អែកលើទីតាំងរវាងព្រះចន្ទ និងផែនដី ដែលមានការប្រែប្រួលជាប្រចាំផងដែរ។ ពួកគេនឹងព្យាយាមធ្វើការទាក់ទងទៅកាន់ Odysseus រហូតដល់ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបន្ថែមទៀត (ម៉ោងនៅសហរដ្ឋអាមេរិក)។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ថា តើឧបករណ៍វិទ្យាសាស្ត្រទាំង ១២ មុខ (៦មុខរបស់ NASA) អាចយកមកប្រើការបាន ឬមួយក៏យ៉ាងណានៅឡើយទេ។

រំឮកទៅដល់ថ្ងៃចុះចតយាន Odysseus លើព្រះចន្ទកាលពីថ្ងៃទី២២ ខែកុម្ភៈនោះ ក្រុមបញ្ជាការលើផែនដី បានចំណាយពេលមួយសន្ទុះធំ ទម្រាំយាន Odysseus អាចបញ្ជូនរលកសញ្ញាវិទ្យុត្រលប់មកវិញ ហើយរលកសញ្ញានោះក៏ស្ថិតក្នុងកម្រិតខ្សោយថែមទៀត។ ក្រោយការកែសម្រួលខ្លះៗ លើប្រព័ន្ធដំណើរការ Odysseus ទើបក្រុមការងារលើផែនដីអាចអះអាងថា យាននេះនៅដំណើរការ ប៉ុន្តែក្រោយមកទៀតទើបពួកគេបានយល់ដឹងថា យាន Lander មួយនេះបានផ្អៀង ឬដួលមួយចំហៀងខ្លួនទៅលើផ្ទៃព្រះចន្ទ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/Intuitive Machines (ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤)
