តើអ្នកដឹងទេ? ទាំងប្រព័ន្ធព្រះអាទិត្យយើង និងកាឡាក់ស៊ីទាំងមូល សុទ្ធតែកំពុងចល័តក្នុងល្បឿនមិនគួរឲ្យជឿ…
(បរទេស)៖ ចក្រវាឡពិតជាចម្លែក និងពោពេញដោយអាថ៌កំបាំងច្រើនឥតគណនា ដែលក្រុមអ្នកវិទ្យាសាស្ត្រ និងតារាវិទូច្រើនសតវត្សរ៍មកហើយ បានព្យាយាមធ្វើការរុករក និងបកស្រាយជាបណ្តើរៗ ទើបសព្វថ្ងៃយើងគ្រប់គ្នាអាចបានដឹង ប៉ុន្តែក្រុមអ្នកជំនាញទាំងនោះជឿជាក់ថា អាថ៌កំបាំងច្រើនឥតគណនាបន្ថែមទៀត កំពុងរង់ចាំការបកអក្រាត។

តាមការស្វែងយល់កន្លងមក បងប្អូនកម្ពុជាយើងមួយចំនួន ប្រហែលជាយល់ថា មានតែផែនដី ព្រះច័ន្ទ ឬក៏ភពនានាផ្សេងទៀតនោះទេ ដែលគោចរជុំវិញព្រះអាទិត្យ ហើយព្រះអាទិត្យវិលជុំវិញខ្លួននៅហ្នឹងមួយកន្លែង ដោយពុំរំកិលទៅណានោះឡើយ បូករួមទាំងកាឡាក់ស៊ី ឬក៏ចក្រវាឡទាំងមូល ក៏នៅទ្រឹងផងដែរ។ ប៉ុន្តែតាមការពិតទៅនោះ អ្វីៗទាំងអស់ គឺអស្ចារ្យ និងគួរឲ្យរំភើបជាងនេះទៅទៀត។

ជាក់ស្តែងក្រៅពីចលនា នៅក្នុងប្រព័ន្ធព្រះអាទិត្យទាំងមូលហើយនោះ ប្រព័ន្ធព្រះអាទិត្យទាំងមូល នៅកំពុងគោចរជុំវិញចំណុចកណ្តាល នៃកាឡាក់ស៊ីមៀលគីវេយ៍ ក្នុងល្បឿន ៨២៨,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាត្រូវប្រើពេល ២៣០លានឆ្នាំ ទើបអាចគោចរមួយជុំចំណុចកណ្តាល នៃកាឡាក់ស៊ីរាងគូទខ្យងនេះ។

ងាកមកកាឡាក់ស៊ីមៀលគីវេយ៍ទាំងមូលវិញ ក៏មិនមែននៅស្ងៀមនោះដែរ គឺវាកំពុងតែចល័តនៅក្នុងបណ្តាញរួមគ្នាមួយ ដែលមានឈ្មោះថា Galaxy Cluster (ចង្កោមកាឡាក់ស៊ី) ដែលយើង និងកាឡាក់ស៊ី Andromeda (២.៥លានឆ្នាំពន្លឺពីមៀលគីវេយ៍) កំពុងស្ថិតនៅវិលវល់ ទៅវិញទៅមកទល់មុខគ្នា។
ចំណុចពិសេសបន្ថែមទៀតនោះ គឺមៀលគីវេយ៍ ក៏មានកាឡាក់ស៊ីតូចៗ (កាឡាក់ស៊ីមិនគ្រប់លក្ខណៈ) មួយចំនួនទៀតនៅគោចរជុំវិញ ប្រៀបបីដូចផែនដីគោចរជុំវិញព្រះអាទិត្យដូច្នោះឯង។ សម្រាប់ចលនាចល័តរបស់កាឡាក់ស៊ី មៀលគីវេយ៍ នៅក្នុងបណ្តុំនៃចក្រវាឡយើងវិញនោះ គឺមានល្បឿនរហូតដល់ទៅ ២.១លានគីឡូម៉ែត្រ ក្នុងមួយម៉ោងឯណោះ។
សរុបសេចក្តីឲ្យងាយយល់បំផុតនោះ គឺព្រះច័ន្ទគោចរជុំវិញផែនដី, ហើយប្រព័ន្ធផែនដី និងព្រះច័ន្ទធ្វើគោចរជុំវិញព្រះអាទិត្យ, បន្ទាប់មកគឺប្រព័ន្ធព្រះអាទិត្យទាំងមូលគោចរជុំវិញ ចំណុចកណ្តាលនៃកាឡាក់ស៊ី, និងជាចុងក្រោយនោះ គឺកាឡាក់ស៊ីរបស់យើង ធ្វើគោចរទៅវិញទៅមកជាមួយកាឡាក់ស៊ីផ្សេងទៀត ក្នុងចង្កោមមួយនៃចក្រវាឡ ដ៏ល្វឹងល្វឺន៕
ប្រភព៖ Wikipedia



