អង្គការអវកាសអឺរ៉ុប ESA បង្ហាញទិដ្ឋភាព «ប្រាសាទអង្គរវត្ត» ថតពីទីអវកាស (មានរូបភាព+វីដេអូ)

8,139

(បរទេស)៖ នៅថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤នេះ ទំព័រ Facebook ផ្លូវការរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA (European Space Agency) បានបង្ហាញរូបភាព «ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជា» ដែលជាសំណង់សាសនាធំជាងគេបំផុតនៅលើពិភពលោក ដែលត្រូវបានថតដោយផ្កាយរណបគោចរជុំវិញភពផែនដី។

(Video From: Cambo Space Edu’s YouTube Channel)

នៅក្នុងកិច្ចអត្ថាធិប្បាយរបស់អ្នកជំនាញ ESA ដើម្បីទៅលើរូបភាពដែលត្រូវបានថត ដោយបណ្តាញផ្កាយរណប SkySat គ្រប់គ្រងដោយក្រុមហ៊ុនឯកជន Planet Labs មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកនោះ បានបង្ហាញថា «ប្រាសាទបុរាណដ៏ធំមហិមារបស់កម្ពុជានេះ ស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ ដែលជាទីបុរាណស្ថានដ៏សំខាន់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍…»។

ប្រាសាទអង្គរវត្តថតពីទីអវកាស (រូបភាពពី ESA/Planet Labs)

អ្នកជំនាញ ESA បានរៀបរាប់ទៀតថា «ឧទ្យានបុរាណអង្គរជាកន្លែងដែលបន្សល់ទុកនូវ សំណង់ប្រាសាទបុរាណជាច្រើនចាប់ពីសតវត្សរ៍ទី ៩ ដល់ទីសតវត្សរ៍ទី ១៥។ ហេតុដូច្នេះហើយទើបអង្គការ UNESCO បានបង្កើតចេញនូវកម្មវិធីយ៉ាងទូលំទូលាយ ដើម្បីការពារដល់ទីតាំងដែលជានិមិត្តរូបនេះ និងតំំបន់ជុំវិញ…»។ អ្នកជំនាញ ESA ក៏បានរៀបរាប់ពីលក្ខណៈដ៏អស្ចារ្យជាច្រើនទៀតនៃប្រាសាទបុរាណខ្មែរនេះ បូករួមទាំងគុណភាពខ្ពស់នៃរូបភាពរបស់ខ្លួន ទៅលើតំបន់ប្រាសាទអង្គរវត្តនោះផងដែរ។

ប្រាសាទអង្គរវត្តថតពីទីអវកាស (រូបភាពពី ESA/Planet Labs)

គួរបញ្ជាក់ថា រូបថតពីទីអវកាសមួយសន្លឹករបស់ប្រាសាទអង្គរវត្តយើងនេះ ត្រូវបានផ្តិតយកតាំងតែពីអំលុងខែមិថុនា ឆ្នាំ២០២១មកម្ល៉េះដោយផ្កាយរណប SkySat របស់ក្រុមហ៊ុនឯកជនសហរដ្ឋអាមេរិក Planet Labs ដែលជាដៃគូសហការផងដែរជាមួយ ESA

ប្រាសាទអង្គរវត្តថតពីទីអវកាស (រូបភាពពី ESA/Planet Labs)

បណ្តាញផ្កាយរណប SkySat ពីដើមឡើយមានផ្កាយរណបសរុប ២០គ្រឿង ប៉ុន្តែបច្ចុប្បន្ននេះនៅសល់តែ ៦គ្រឿងប៉ុណ្ណោះដែលកំពុងដំណើរការ នៅក្នុងរយៈកម្ពស់ចាប់ពី ៤០០km ទៅ ៤៥០km ពីផ្ទៃផែនដី។ SkySat ខ្លះត្រូវបានប្រើប្រាស់ឲ្យផ្តិតរូបភាពគុណភាពខ្ពស់ នៃទីតាំងដ៏គួរឲ្យចាប់អារម្មណ៍ និងល្បីល្បាញមួយចំនួនលើភពផែនដី ដើម្បីតាមដាន និងវិភាគទៅលើលក្ខណៈពិសេសៗ នៃតំបន់ទាំងអស់នោះ។

បណ្តាញផ្កាយរណប SkySat (រូបភាពពី Planet Labs/ESA)

គួររម្លឹកផងដែរថា កាលពីខែមេសា ឆ្នាំ២០០៤ ផ្កាយរណប IKONOS របស់ក្រុមហ៊ុនអាមេរិក Lockheed Martin ក៏បានផ្តិតរូបភាពតំបន់ប្រាសាទអង្គរវត្ត នៅក្នុងកម្រិតរូបភាពច្បាស់បំផុត និងបានចែកចាយទៅដល់ ក្រុមការងារអង្កេតផែនដីរបស់អង្គការ NASA ផងដែរ។ ក្នុងរូបភាពនោះ គេមិនត្រឹមតែឃើញប្រាសាទអង្គរវត្ត យ៉ាងពេញលេញប៉ុណ្ណោះទេ ហើយថែមទាំងមានប្រាសាទភ្នំបាក់ខែងថែមទៀត៕

រូបភាពប្រាសាទអង្គរវត្តថតនៅខែមេសា ឆ្នាំ២០០៤ (រូបភាពពី Lockheed Martine, NASA Earth)

រៀបរៀង និងប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ ESA (ថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤)

480×240 Banner