ដ្រូនទៅព្រះចន្ទ Titan សម្រេចជាផ្លូវការ! តែការទៅដឹកសំណាកពីភពអង្គារ ត្រូវគិតឡើងវិញ (១១ពាន់លានដុល្លារ, ច្រើនពេក) (មានវីដេអូ)

860

(បរទេស)៖ នៅទីបំផុតបេសកកកម្មដ្រូនឈ្មោះ Dragonfly ទៅកាន់ព្រះចន្ទទីតាន (Titan) នៃភពសៅរ៍ (Saturn) ដែលយើងដាក់រហស្សនាមឲ្យថា «កន្ទុំរុយទីតាន» នោះ ត្រូវបានអង្គការ NASA នៃសហរដ្ឋអាមេរិកសម្រេចថា នឹងបាញ់បញ្ជូនចេញពីផែនដីនៅអំលុងខែកក្កដា ឆ្នាំ២០២៨ជាផ្លូវការហើយ ដោយវានឹងទៅដល់ Titan នៅអំលុងឆ្នាំ២០៣៤

(Video From: Cambo Space Edu’s YouTube Channel)

ការសម្រេចរបស់ NASA បានកើតមានឡើងកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ បន្ទាប់ពីទទួលបានភ្លើងខៀវនៃកញ្ចប់ថវិកាជាតិសរុប «៣.៣៥ពាន់លានដុល្លារ» សម្រាប់ការអភិវឌ្ឍ, ផលិត, បាញ់បញ្ជូន និងគ្រប់គ្រងបេសកកម្មរបស់ Dragonfly នេះរហូតដល់ទីបញ្ចប់តែម្តង។ NASA នឹងតម្រូវឲ្យ Dragonfly បំពេញបេសកកម្មស្នូល ៣.៣ឆ្នាំលើព្រះចន្ទ Titan និងសរុប ១០ឆ្នាំសម្រាប់ការពន្យារបេសកកម្មបន្ថែមផ្សេងៗទៀត។

Dragonfly (រូបភាព 3D) ដែលគ្រោងបញ្ជូនទៅ Titan (រូបភាពពី NASA)

គួរបញ្ជាក់ថា ដ្រូន Dragonfly ដែលមានទម្ងន់ជិតកន្លះតោន (៤៥០kg) ត្រូវបានអង្គការ NASA បំផុសគំនិតឲ្យបង្កើតឡើង ដើម្បីទៅសិក្សាអំពីសមាសធាតុគីមីផ្សំ និងលទ្ធភាពទ្រទ្រង់ជីវិតរបស់ព្រះចន្ទ Titan របស់ភពសៅរ៍ ដោយភពសៅរ៍មានចម្ងាយប្រមាណ ១.៤៥ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ។

ទស្សនាវីដេអូខាងក្រោម ដើម្បីយល់ដឹងបន្ថែមពីបេសកកម្ម Dragonfly៖

(Video From: Cambo Space Edu’s YouTube Channel)

ងាកមកកាន់បេសកកម្មទៅដឹកនាំសំណាកពីភពព្រះអង្គារ ត្រលប់មកកាន់ផែនដីវិញ (Mars Sample Return ឬ MSR) របស់អង្គការ NASA ដែលគ្រោងចំណាយថវិការហូតដល់ទៅ ១១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ បានទទួលការណែនាំឲ្យពិចារណាឡើងវិញ ព្រោះនេះជាថ្លៃចំណាយខ្ពស់ខ្លាំងពេក ហើយការរង់ចាំរហូតដល់ឆ្នាំ២០៤០នោះ ក៏យូរដល់ថ្នាក់ពិបាកនឹងទទួលយកផងដែរ, នេះបើតាមការគូសបញ្ជាក់ពីប្រធានអង្គការ NASA លោក Bill Nelson កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា បេសកកម្ម Mars Sample Return ដើមឡើយគឺជាការតម្រូវឲ្យអង្គការ NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA ធ្វើការងារជាមួយគ្នា ដើម្បីបញ្ជូនយានទៅប្រមូលយកសំណាក ឬគំរូតាង (sample) ដែលត្រូវបានច្រកជាបំពង់ៗរួចជាស្រេច ដោយយានស្រាវជ្រាវ Perseverance របស់ NASA នៅក្នុងរណ្តៅ Jezero នៃភពអង្គារ រួចដឹកត្រឡប់មកភពផែនដីវិញ។

បេសកកម្ម Mars Sample Return (រូបភាពពី NASA/ESA)

ពីដំបូងឡើយ NASA បានសម្លឹងមើលកំលុងឆ្នាំ២០២៨ ដល់ឆ្នាំ២០៣៥ ដើម្បីបាញ់បញ្ជូនយានចេញពីផែនដីទៅភពអង្គារ ហើយគ្រោងដឹកបំពង់ស្តុក samples ទាំងនោះពីភពអង្គារមកដល់ភពផែនដីវិញនៅឆ្នាំ២០៤០។ តែយ៉ាងណាពេលនេះអង្គការ NASA កំពុងទទួលការណែនាំឲ្យសិក្សាថ្លៃចំណាយដ៏ច្រើននោះឡើងវិញ ព្រមទាំងកាត់បន្ថយពេលវេលាដែលត្រូវរង់ចាំនោះផងដែរ «ព្រោះឆ្នាំ២០៤០ ពិតជាយូរខ្លាំងណាស់»

ប្រធាន NASA លោក Bill Nelson (រូបភាពពី NASA)

លោក Bill Nelson បានគូសបញ្ជាក់បែបនេះថា «នេះជារឿងដែលមិនអាចទទួលយកបាននោះទេ ក្នុងការរង់ចាំយូរបែបនេះ។ ២០៤០ គឺមានន័យថារាប់ទសវត្សរ៍ទៀត… វាសមតែជាពេលយើងបញ្ជូនអវកាសយានិក ទៅកាន់ភពព្រះអង្គារ…»។ យ៉ាងណាក៏ដោយ សម្រាប់កាលបរិច្ឆេទថ្មី, កម្មវិធីក្រោយការកែសម្រួល និងសំណើលើកញ្ចប់ថវិកាថ្មី សម្រាប់ទ្រទ្រង់បេសកកម្ម MSR នេះ គឺត្រូវបានរង់ចាំការបញ្ជាក់នៅថ្ងៃមុខទៀត៕

(រូបភាពពី NASA/ESA)

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ NASA/SPACE (ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤)

480×240 Banner