តេឡេស្កូបអវកាស Hubble វិលរកភាពប្រក្រតីវិញហើយ! តែ TESS កំពុងជួបបញ្ហា…
(បរទេស)៖ កាលពីចុងខែមេសា ឆ្នាំ២០២៤ អង្គការ NASA នៃសហរដ្ឋអាមេរិក បានសម្រេចជោគជ័យក្នុងការដោះស្រាយបញ្ហា ដែលបានកើតឡើងលើ Hubble ខណៈតេឡេស្កូបអវកាសនេះ ទើបតែឆ្លងផុតអាយុកាល ៣៤ឆ្នាំ នៅក្នុងទីអវកាសនោះ។ ប៉ុន្តែ សម្រាប់តេឡេស្កូបអវកាស TESS ដែលបាននិងកំពុងស្ថិតក្នុងទីអវកាស តាំងតែពីឆ្នាំ២០១៨នោះ នៅតែកំពុងបន្តជួបបញ្ហាធ្ងន់ធ្ងរដដែល។
តេឡេស្កូបអវកាស TESS របស់ NASA ដែលមានឈ្មោះពេញថា Transiting Exoplanet Survey Satellite ឬផ្កាយរណបសម្រាប់ស្ទាបស្ទង់រកមើលភពនៅប្រព័ន្ធផ្កាយដទៃ គោចរឆ្លងកាត់ផ្កាយរបស់ពួកវានោះ បានជាប់គាំងមិនអាចបញ្ជូនទិន្នន័យ មកកាន់ភពផែនដីបានតាំងតែពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ។ TESS ស្ថិតក្នុងគោចរប្រភេទ P/2 (ជាគន្លងគោចររាងពងក្រពើជុំវិញផែនដី តែឆ្លងកាត់គន្លងគោចរព្រះចន្ទ) ដែលអាចគោចរមកកៀកផែនដីបំផុត ក្នុងរយៈចម្ងាយ ១០៩,០០០km និងឆ្ងាយបំផុត ៣៧៥,០០០km។
នៅថ្ងៃទី២៣ ខែមេសានោះគឺជាពេលដែល TESS និង Hubble ជួបបញ្ហាព្រមៗគ្នា ដោយមិនអាចបញ្ជូនទិន្នន័យត្រលប់មកផែនដីវិញបាន ហើយទាំង២គ្រឿងនេះ ត្រូវបានដាក់ក្នុងមុខងាររក្សាសុវត្ថិភាព (safe mode)។ Hubble បានជាប់គាំង ព្រោះតែប្រព័ន្ធងាករេទិសដៅដោយស្វ័យប្រវត្តិ (gyroscope) ១គ្រឿងក្នុងចំណោម ៣គ្រឿងលើខ្លួនវានោះមិនដំណើរការ ខណៈវាកំពុងគោចរក្នុងរយៈកម្ពស់ ៥៤០km គីឡូម៉ែត្រពីផ្ទៃផែនដីនោះ។
គួរបញ្ជាក់ថា Hubble បានដំណើរកាលឡើងវិញ កាលពីថ្ងៃទី៣០ ខែមេសា ខណៈបញ្ហាស្រដៀងគ្នាលើឧបករណ៍ gyroscope នេះក៏ធ្លាប់បានកើតមានឡើង ជារឿយៗរួចមកហើយដែរ ដោយលើកចុងក្រោយកាលពីកំលុងខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបង្ខំឲ្យ NASA ផ្អាកដំណើរការរបស់ Hubble សិន ព្រោះតែវាបានផ្ញើសារឆ្លើយតបវិញ ដោយមិនត្រឹមត្រូវមកកាន់ក្រុមការងារលើផែនដី។
ងាកទៅកាន់តេឡេស្កូបអវកាស TESS វិញ គឺនៅតែកំពុងជួបបញ្ហានៅឡើយនោះ ក្រុមអ្នកវិទ្យាសាស្ត្រក៏មិនទាន់អាចសន្យាថា TESS នឹងអាចត្រូវជួសជុលរួចនៅពេលណានោះដែរ គិតត្រឹមថ្ងៃទី៣ ខែមេសានេះ។ NASA បានសង្កត់ធ្ងន់ថា ការជួបបញ្ហារហូតឈានដល់ការបិទដំណើរការរបស់ TESS គឺនៅតែស្ថិតក្នុងភាពស្រពិចស្រពិល ហើយខ្លួនកំពុងធ្វើការស៊ើបអង្កេតនៅឡើយ ខណៈការបិទបើកៗរបស់ TESS បានកើតមានឡើងចាប់ពីថ្ងៃទី៨ ដល់ទី២៣ ខែមេសា ឆ្នាំ២០២៤។
គួររម្លឹកថា បេសកកម្មស្នូល (primary mission) របស់ TESS បានបិទបញ្ចប់ទៅតាំងតែពីខែកក្កដា ឆ្នាំ២០២០ មកម្ល៉េះ ខណៈការបន្ថែមបេសកកម្ម (extended mission) ដំណាក់កាលទី ១ បានបញ្ចប់កាលពីខែកញ្ញា ឆ្នាំ២០២២ និងលើកទី ២ ត្រូវបានបញ្ចប់កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ប៉ុន្តែបានជួបបញ្ហាដូចពេលនេះ។ ប្រសិនបើមិនអាចស្រោចស្រង់បានទេ TESS នឹងមិនអាចបន្តបំពេញ «បេសកកម្មដំណាក់កាលបន្ថែម» សម្រាប់លើកទី ៣ និងលើកទី ៤ ដូចការចង់បានរបស់ NASA នោះឡើយ។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ គឺជាខួប ៦ឆ្នាំគត់នៃ TESS ក្នុងការស្ថិតនៅទីអវកាស (ជាពេលដែល TESS ត្រូវបានបាញ់ចេញពីមូលដ្ឋាន Cape Canaveral ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិកដោយគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX) ខណៈថ្ងៃទី២៤ ខែមេសា ឆ្នាំដដែលនេះ ក៏ត្រូវនឹងខួប ៣៤ឆ្នាំរបស់ Hubble ក្នុងការស្ថិតនៅទីអវកាសផងដែរ (ជាពេលដែល Hubble ត្រូវបានបាញ់ចេញពីមូលដ្ឋាន Kennedy Space Center នៃរដ្ឋ Florida តាមរយៈបេសកកម្ម Shuttle Discovery មានលេខសម្គាល់ STS-31)៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ SPACE/NASA (ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤)