តើរថយន្ត Tesla របស់លោក Elon Musk ចល័តទៅដល់ណាហើយ? (គិតត្រឹមឆ្នាំ២០២៤) (មានវីដេអូ)

2,236

(បរទេស)៖ មនុស្សភាគច្រើនប្រហែលជាមិនទាន់ភ្លេចនោះទេ ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃវិស័យអវកាស និងវិទ្យាសាស្ត្រ ដែលក្រុមហ៊ុនអវកាស SpaceX របស់កំពូលមហាសេដ្ឋីសហរដ្ឋអាម៉េរិកលោក Elon Musk បានធ្វើកាលពីឆ្នាំ២០១៨ នោះគឺការបញ្ជូនរថយន្ត Tesla មួយគ្រឿងដែលជាកម្មសិទ្ធិលោកផ្ទាល់ទៅកាន់ទីអវកាស និងបណ្តែតបណ្តោយឲ្យវា ចល័តទៅកាន់តែឆ្ងាយពីផែនដី។

(Video From YouTube: Cambo Space Edu)

ប៉ុន្មានឆ្នាំមកនេះសំនួរដដែលៗនៅតែលេចឡើង ពាក់ព័ន្ធនឹងបេសកកម្មខាងលើនេះ ប៉ុន្តែការផ្តល់ព័ត៌មានឲ្យបានជាប់លាប់អំពីចម្ងាយ និងស្ថានភាពជាទូទៅរបស់រថយន្ត Tesla នោះ គឺហាក់មិនងាយមាននោះឡើយ។ ប៉ុន្តែកាលពីប៉ុន្មានខែមុននេះ មានសារព័ត៌មានមួយបានធ្វើការ update អំពីរយៈចម្ងាយរបស់រថយន្ត Tesla របស់លោក Elon Musk នោះ។

រថយន្ត Tesla Roadster និងរ៉ុក្កែត Falcon Heavy (រូបភាពពី SpaceX)

មុខនឹងឈានទៅរកដំណឹងចុងក្រោយនោះ យើងសូមធ្វើការរម្លឹកឡើងវិញត្រួសៗ អំពីបេសកកម្មនៃរថយន្ត Tesla Roadster លោក Elon Musk ជាមុនសិន។ រថយន្ត Tesla Roadster នោះជាម៉ូដែលបានចេញលក់នៅក្នុងឆ្នាំ២០១០ និងមានតម្លៃជាង ១៣០,០០០ដុល្លារសហរដ្ឋអាមេរិកនៅគ្រានោះ (បើគិតតាមអតិផរណាក្នុងឆ្នាំ២០២៤នេះ គឺស្មើនឹងជិត ១៩០,០០០ដុល្លារ)។ អ្វីដែលជិះនៅក្នុងរថយន្តនោះ គឺជាមនុស្សសិប្បនិមិត្តមួយគ្រឿងឈ្មោះ «បុរសផ្កាយ» (Starman) ដែលត្រូវបានដាក់ភ្ជាប់ឲ្យដើរតួជាតៃកុងឡាន។

រថយន្ត Tesla Roadster និងមនុស្សសិប្បនិមិត្ត Starman អមដោយផែនដីនៅ background (រូបភាពពី SpaceX)

សម្រាប់គោលដៅនៃបេសកកម្មនោះ គឺជាការធ្វើតេស្តហោះហើររបស់ រ៉ុក្កែតខ្នាតធំ Falcon Heavy និងសមត្ថភាពនៃការផ្ទុកទំនិញធុនធ្ងន់ រួចហើយបញ្ជូនទៅពន្លែងនៅទីអវកាស។ បេសកកម្មស្នូលនៃ SpaceX នេះ មានរយៈពេលតែ ១ថ្ងៃប៉ុណ្ណោះ ដោយបានចាប់ផ្តើមពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ និងបិទបញ្ចប់ទៅវិញនៅថ្ងៃទី៧ ខែឆ្នាំដដែល ហើយក៏សន្មត់ថាបានសម្រេចជោគជ័យ ១០០% ផងដែរ។

រថយន្ត Tesla Roadster និងមនុស្សសិប្បនិមិត្ត Starman អមដោយផែនដីនៅ background (រូបភាពពី SpaceX)

ចូលមកដល់ដំណឹងសំខាន់ដែលគ្រប់គ្នាចង់ដឹងវិញ នោះគឺទីតាំង និងរយៈចម្ងាយដែលរថយន្ត Tesla Roadster របស់ Elon Musk នៅក្នុងទីអវកាស។ គិតតែត្រឹមថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឬស្មើនឹងរយៈពេល ៦ឆ្នាំគត់ដែលរថយន្ត Tesla ត្រូវបានពន្លែងចេញទៅកាន់ទីអវកាសនោះប៉ុណ្ណោះ វាបានស្ថិតនៅចម្ងាយជាង ១០៥,០០០,០០០km ពីភពផែនដី ឬស្មើនឹងចម្ងាយជិត ៦នាទីពន្លឺ (light minute)។ រថយន្តនេះនៅតែបន្តគោចរឆ្ពោះទៅរកព្រះអាទិត្យ និងភពព្រះអង្គារ ខណៈការកំណត់បែបនេះ ត្រូវបានធ្វើឡើងតាំងតែពីវាចាកចេញពីភពផែនដីម្ល៉េះ។

ការគិតនេះមិនមែនមានន័យថា ក្នុងរយៈពេល ៦ឆ្នាំ Tesla Roadster បានធ្វើដំណើរបានតែ រយៈចម្ងាយជាង ១០៥លានkm នោះឡើយ តែគេគិតត្រឹមរយៈចម្ងាយពីផែនដីក្នុងខណៈនោះ ប៉ុណ្ណោះ ព្រោះរថយន្តមួយគ្រឿងនេះ ក៏កំពុងគោចរជុំវិញព្រះអាទិត្យដូចផែនដីដែរ។

គួរបញ្ជាក់ថា តាមការគណនាដោយ SpaceX បានឲ្យដឹងថា រថយន្ត Tesla Roadster នោះ បានគោចរមួយជុំព្រះអាទិត្យជាលើកដំបូង កាលពីអំលុងខែសីហា ឆ្នាំ២០១៩ និងបានហោះទៅកៀកភពអង្គារ (Mars) ជាលើកដំបូងផងដែរ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។ ការគោចរមកកៀកភពផែនដីវិញដោយ Tesla Roadster នោះ នឹងកើតឡើងនៅអំឡុងឆ្នាំ២០៤៧ ជាមួយនឹងគម្លាត ៥លានគីឡូម៉ែត្រពីផែនដី។

គន្លងគោចរនៃ Tesla Roadster នៅអំលុងខែកុម្ភៈ ឆ្នាំ២០២០ (រូបភាពពីបរទេស)

អង្គការ NASA ក៏ធ្លាប់បានគណនាផងដែរថា រថយន្ត Tesla Roadster នោះកំពុងគោចរជុំវិញព្រះអាទិត្យ ក្នុងគន្លងមិនសូវទៀងទាត់ប៉ុន្មានឡើយ តែគេអាចគណនាបានថា វាអាចគោចរមួយជុំព្រះអាទិត្យដោយប្រើប្រាស់ពេល ៥៥៧ថ្ងៃ នៃពេលវេលាលើផែនដី ហើយបើគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ដដែល គឺ Tesla Roadster គោចរបានជិត ៤ជុំ ជុំវិញព្រះអាទិត្យហើយ។

NASA ថែមទាំំងបានអះអាងទៀតថា Tesla Roadster និងតៃកុងឡាន Starman ដែលមានទម្ងន់សរុបចូលគ្នា ១,៣០០kg (ទម្ងន់លើផែនដី) នឹងបន្តគោចររបៀបនេះ ជុំវិញព្រះអាទិត្យរហូតដល់ ២-៣លានឆ្នាំទៀត ខណៈរលកធាតុវិទ្យុសកម្មជះចេញពីព្រះអាទិត្យ និងដុំថ្មអវកាសតូចៗនៅតាមគន្លងផ្លូវធ្វើដំណើរ ក៏បាននិងកំពុងបំផ្លាញរថយន្តនោះបន្តិចម្តងៗផងដែរ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ៖ Cambo Space)
ប្រភព៖ Observer/NASA/SpaceX (ថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០២៤)

480×240 Banner