លោក Elon Musk គិតថា «អេលៀនមិនដែលមករកផែនដីនោះឡើយ» (មានវីដេអូ)
(បរទេស)៖ កំពូលមហាសេដ្ឋីសហរដ្ឋអាមេរិក និងជាស្ថាបនិកក្រុមហ៊ុនអវកាស SpaceX ដ៏ល្បីល្បាញគឺលោក Elon Musk ហាក់កំពុងជំទាស់នឹងការលើកឡើងមួយចំនួនដែលថា ជីវិតឆ្លាតវៃមកពីទីឋានដ៏ទៃ ឬមនុស្សក្រៅភព (alien) ធ្លាប់មកធ្វើទស្សនកិច្ចនៅផែនដី និងខ្លះកំពុងតែសម្ងំសង្កេតមើលផែនដី ដោយប្រើប្រាស់បច្ចេកវិទ្យាដ៏អាថ៌កំបាំង។
នៅក្នុងកិច្ចសន្ទនាមួយ ប្រារព្ធឡើងនាវេទិកាសកលរបស់វិទ្យាស្ថាន Milken ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ (គិតតាមម៉ោងនៅកម្ពុជា) លោក Elon Musk បានចូលរួមក្នុងការជជែកដេញដោលមួយ ទៅលើប្រធានបទគោលៗមួយចំនួន ក្នុងនោះមានដូចជា «របៀបដែលយើងត្រូវសង្គ្រោះពូជពង្សមនុស្ស» និងប្រធានបទមួយចំនួនទៀត។
នាយកវិទ្យាស្ថាន Milken និងជាអ្នកទ្រទ្រង់កម្មវិធីខាងលើនេះ គឺលោក Michael Milken បានចោទជាសំនួរមួយទៅកាន់លោក Elon Musk អំពីអារម្មណ៍របស់ CEO ក្រុមហ៊ុន SpaceX ផ្ទាល់ទៅលើទស្សនៈជាច្រើនក្នុងខ្សែភាពយន្តដ៏ល្បីល្បាញ «Star Trek» ទៅលើគំនិតក្នុងស្វែងរក «របៀបរបបថ្មីនៃជីវិត និងអរិយធម៌បែបថ្មី» របស់ SpaceX នោះ លោក Musk បានឆ្លើយតបវិញថា «ពិតប្រាកដណាស់, នោះគឺជាគំនិតមួយ»។
លោក Musk បានលើកឡើងដោយលម្អិតថា «ប្រសិនបើយើងបញ្ជូន យានស៊ើបអង្កេត (probe) ទៅកាន់ចក្រវាល នោះយើងអាចនឹងរកឃើញតឹកតាងនៃអរិយធម៌អេលៀន ដែលបានរលំរលាយជាយូរមកហើយ»។ បន្ទាប់មកលោក Elon Musk ក៏ឈានទៅធ្វើការពន្យល់អំពីមូលហេតុ ដែលលោកផ្ទាល់មិនមានអារម្មណ៍ថា «មនុស្សភពក្រៅ ឬ alien មិនដែលមកធ្វើទស្សនកិច្ចភពផែនដីរបស់យើង»។
លោក Musk បានប្រាប់លោក Milken ក្នុងវេទិកាខាងលើនេះថា ជារឿយៗលោកតែងតែត្រូវបានគេសាកសួរថា តើលោកជឿឬអត់ ចំំពោះវត្តមានពួក alien ដែលកំពុងស្ថិតនៅជាមួយយើងលើផែនដី។ សំនួរដែលបង្ហាញអំពីការជឿជាក់បែបនេះ ត្រូវបានលោក Elon Musk គិតថា មានការរីករាលដាលខ្លាំងណាស់។
ម្ចាស់ SpaceX រូបនេះបាននាំឲ្យអ្នកចូលរួមស្តាប់ផ្ទុះសំណើច ក្រោយពីលោករៀបរាប់ថា «សម្រាប់ហេតុផលខ្លះ មនុស្សមុខដដែលៗជាច្រើនដែលគិតថា alien កំពុងស្ថិតនៅជាមួយពួកយើងនោះបែរជាមិនជឿថា យើងធ្លាប់ទៅ (ជាន់ដី) ឋានព្រះចន្ទវិញ! រឿងនេះខ្ញុំហាក់ដូចជា… សូមគិតឡើងវិញបន្តិចទៅមើល…»។
ជាទស្សនៈផ្ទាល់ខ្លួន លោក Elon Musk បានថ្លែងត្រង់ៗថា លោកមិនជឿថា alien ធ្លាប់ធ្វើទស្សនកិច្ចមកកាន់ផែនដីយើងពីមុននោះឡើយ ហើយបើទោះបីជាមកដល់បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោកមានផ្កាយរណប starlink ខ្ទង់ ៦,០០០គ្រឿង កំពុងគោចរក្នុងគន្លងកម្រិតទាប (low Earth orbit) ក្តី ក៏លោកមិនដែលបានឃើញសញ្ញា ឬភស្តុតាងដ៏គួរឲ្យទាក់ទាញណាមួយនៃជីវិត ឬក៏យានអវកាសរបស់ជីវិតមកពីទីឋានដទៃ ឬក៏សូម្បីតែវត្ថុហោះហើរ (UFO) ដែលមិនមែនមនុស្សបង្កើតឡើងនោះដែរ។
ប្រការនេះមិនមែនមានន័យថា លោក Elon Musk មិនជឿសោះចំពោះវត្តមាន alien នៅក្នុងចក្រវាល ឬសូម្បីតែការធ្វើទស្សនកិច្ចរបស់ពួកគេមកកាន់ផែនដីនោះឡើយ តែលោកគ្រាន់តែចង់បានភស្តុតាង ដ៏គួរឲ្យជឿទុកចិត្តបានប៉ុណ្ណោះ។ លោក Musk បានថ្លែងជាចុងក្រោយបែបនេះថា «ប្រសិនបើនរណាម្នាក់មានភស្តុតាងនៃជីវិតក្រៅភព ដែលអ្នកយល់ច្បាស់ថានោះមិនមែនគ្រាន់តែជាការបំភាន់ភ្នែកនោះ ខ្ញុំចង់ឃើញវា… ខ្ញុំចូលចិត្តស្តាប់អំពីវា, ប៉ុន្តែខ្ញុំគិតថា មិនទាន់មាន (ភស្តុតាង) នោះឡើយ»៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤)