ភពចំនួន៦ពិតជានឹងតម្រៀបគ្នាមែន តែ២ប៉ុណ្ណោះអាចឲ្យមើលឃើញ នៅថ្ងៃទី៣-៤ មិថុនា ២០២៤ (UPDATE)
(បរទេស)៖ នៅក្នុងសប្តាហ៍ចុងក្រោយនៃខែឧសភា ឆ្នាំ២០២៤នេះ មានការភ្ញាក់ផ្អើល និងរំភើបចិត្តមិនតិចឡើយ ពាក់ព័ន្ធនឹងភពចំនួន ៦ ដែលនឹងតម្រៀបគ្នាជាជួរ នៅលើផ្ទៃមេឃផែនដី ដោយក្នុងនោះមានការអះអាងថា ភពចំនួន ៤ ប៉ុណ្ណោះ នឹងអាចឲ្យមនុស្សម្នាមើលឃើញដោយភ្នែកទទេ នៅព្រឹកព្រហាមថ្ងៃទី ៣-៤ ខែមិថុនា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ អមដោយព្រះចន្ទមួយចំណិត (crescent moon)។
ទោះជាយ៉ាងណា ពេលនេះអ្នកជំនាញមួយរូបបានចេញមុខបកស្រាយហើយ និងយ៉ាងទាន់ពេលវេលាផងដែរ។ អ្នកជំនាញ និងជាអ្នកសារព័ត៌មានគឺលោក Jamie Carter បានពន្យល់ប្រាប់ទស្សនាវដ្តី Forbes របស់សហរដ្ឋអាមេរិកថា ការចុះផ្សាយព័ត៌មានព្រោងព្រាតអំពីភព ៦ តម្រៀបជួរគ្នា និងភាគច្រើនអាចមើលឃើញដោយភ្នែកទទេនោះ គឺជារឿងមិនត្រឹមត្រូវទាំងស្រុងឡើយ ព្រោះភាពជាក់ស្តែងនៅពេលខាងមុខនេះ ភពចំនួនតែ ២ ប៉ុណ្ណោះ នឹងអាចឲ្យយើងមើលឃើញនឹងភ្នែក, ហេតុអ្វី?

លោក Jamie Carter បានលើកឡើងថា ក្នុងចំណោមភពដូចជា ភពពុធ (Mercury), ភពអង្គារ (Mars), ភពព្រហហស្បតិ៍ (Jupiter), ភពសៅរ៍ (Saturn), ភពអ៊ុយរ៉ានុស (Uranus) និងភពណិបទូន (Neptune) ដែលត្រូវបានគេអះអាងថា នឹងតម្រៀបគ្នាជាជួរលើផ្ទៃមេឃផែនដីនោះ ជាក់ស្តែងនឹងមានតែភពចំនួន ២ ប៉ុណ្ណោះគឺ ភពអង្គារ និងភពសៅរ៍ ដែលអាចឲ្យភ្នែកមនុស្សមើលឃើញ នៅព្រឹកព្រហាមមុនថ្ងៃរះ ១ម៉ោង ចុះមកដល់ ២៥នាទី នៅពេលដែលព្រឹត្តិការណ៍ភព ៦ តម្រៀបជួរគ្នានោះកើតឡើង (ព្រះអាទិត្យនឹងរះនៅវេលាម៉ោង ៥៖៣៦នាទីព្រឹក ក្នុងឱកាសនោះ)។

ចំពោះមូលហេតុដែលនាំឲ្យភពផ្សេងៗទៀតដូចជា ភពព្រហស្បតិ៍ និងភពពុធ មិនអាចឲ្យមើលឃើញដោយភ្នែកទទេនោះ ព្រោះពន្លឺព្រះអាទិត្យនឹងចែងចាំងលើផ្ទៃមេឃភាគខាងកើត នៅកំលុងនៃការកើតមានព្រឹត្តិការណ៍ «ភព ៦ តម្រង់ជួរគ្នា (6 Planets Alignment)» ដោយប្រការនេះនឹងមិនឲ្យភពពុធ និងព្រហស្បតិ៍នោះរំលេចពន្លឺចេញមកបានឡើយ ព្រោះតែស្ថិតនៅកៀកនឹងជើងមេឃពេក (រះក្រោយគេពេក)។ ដោយឡែកភពអ៊ុយរ៉ានុស និងភពណិបទូនវិញ គឺរឹតតែមិនបាច់និយាយទៅហើយ ព្រោះភពទាំងពីរដែលស្ថិតនៅឆ្ងាយជាងគេនេះ ប្រាកដជានឹងមិនអាចមើលឃើញឡើយ សូម្បីតែស្រមោល។
សម្រាប់ព្រះចន្ទមួយចំំំណិត ភពសៅរ៍ និងភពអង្គារ នឹងអាចឲ្យយើងឃើញមុនគេ ព្រោះតែការរះឡើងជាបន្តបន្ទាប់គ្នា គិតចាប់តាំងពីអំលុង ២៖២០នាទី ដល់ម៉ោង ៣៖៣០នាទីទាបភ្លឺ។ ដូច្នេះនៅអំលុងម៉ោង ៤៖០០នាទី ដល់ម៉ោង ៥៖០០នាទីមុនព្រះអាទិត្យចាប់ផ្តើមបញ្ចេញពន្លឺខ្លាំងនៅតំបន់ជើងមេឃភាគខាងកើត យើងនឹងអាចរីករាយចំពោះទិដ្ឋភាពវត្ថុអវកាសទាំង ៣ រះអមគ្នានៅពីលើជើងមេឃទិសនោះបាន។ យ៉ាងណាក៏ដោយ ការងើបទស្សនា ឬមួយក៏អត់សម្រាប់បងប្អូនទាំងឡាយ គឺអាស្រ័យទៅលើចំណង់ចំណូលចិត្តប៉ុណ្ណោះ។

គួរបញ្ជាក់ថា ថ្វីត្បិតតែអ្នកជំនាញបានអះអាងថា ភពសៅរ៍ និងភពអង្គារ នឹងអាចឲ្យមើលឃើញនៅព្រឹកថ្ងៃទី ៣-៤ ខែមិថុនា ខាងមុខនេះមែន តែជាក់ស្តែងពន្លឺដែលជះមកពីភពទាំង ២ ក៏នឹងខ្សោយខ្លាំងផងដែរ។ ជាការពិតណាស់ «ព្រឹត្តិការណ៍ ៦ តម្រៀបជួរគ្នា» ពិតជានឹងកើតឡើងមែននៅអំលុងដើមខែមិថុនានោះ ហើយប្រសិនបើយើងប្រើ App សង្កេតផ្ទៃមេឃរួចតម្រង់ទូរស័ព្ទទៅកាន់ទិសខាងកើតនោះ យើងប្រាកដជានឹងឃើញភពទាំង ៦ ស្ថិតនៅបណ្តាក់ៗគ្នា ប៉ុន្តែភាពជាក់ស្តែងគឺប្រាកដណាស់ថា នឹងមិនអាចមើលឃើញភពទាំងអស់នោះឡើយ៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ Live Science/Forbes/EarthSky (ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤)
