ប្រវត្តិសាស្ត្រថ្មី! យាន Starliner របស់ Boeing ដឹកអវកាសយានិកដល់ ISS, NASA និង SpaceX អបអរ (មានវីដេអូ)

685

(បរទេស)៖ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោយការពន្យារពេលម្តងជាពីរដងនោះ នៅទីបំផុតយានអវកាសដឹកមនុស្សដំបូងឈ្មោះថា Starliner របស់ក្រុមហ៊ុន Boeing នៃសហរដ្ឋអាមេរិក បានហោះឡើងទៅកាន់ទីអវកាស ប្រកបដោយភាពជោគជ័យជាប្រវត្តិសាស្ត្រ តាមរយៈគ្រាប់រ៉ុក្កែត Atlas V របស់ក្រុមហ៊ុន United Launch Alliance (ULA) ចេញពីមូលដ្ឋាន Cape Canaveral Space Force ស្ថិតក្នុងរដ្ឋ Florida ភាគអាគ្នេយ៍ សហរដ្ឋអាមេរិក។

(វីដេអូយាន Starliner ចូលចតនៅ ISS)

នៅក្នុងយាន Starliner នោះគឺជាអវកាសយានិកអាមេរិក (អតីតជាបេក្ខភាពកងទ័ពជើងទឹក នៃសហរដ្ឋអាមេរិក) ចំនួន២រូបគឺអវកាសយានិក Butch Wilmore និងអវកាសយានិក Suni Williams។ ពួកគេទាំង២រូបនេះបានក្លាយជា «មនុស្សដំបូងដែលបានជិះយានអវកាស Starliner» ចាកចេញពីទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) កាលពីវេលាម៉ោង ៩៖២៥នាទីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ (ម៉ោងនៅភ្នំពេញ)។

អវកាសយានិក Butch Wilmore និងអវកាសយានិក Suni Williams (រូបភាពពី NASA/Boeing)

ពីដំបូងឡើយ យាន Starliner គ្រោងចតនៅជាប់បន្ទប់ Harmony Module នៃ ISS នៅម៉ោង ១១៖១៥នាទីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ (ម៉ោងនៅភ្នំពេញ) តែឱកាសដំបូងនោះបានជួបបញ្ហាបច្ចេកទេសខ្លះៗ។ យ៉ាងណាក៏ដោយ នៅរយៈពេលជាង ១ម៉ោងក្រោយមកទៀត (ម៉ោង ១២៖៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមិថុនា ម៉ោងនៅភ្នំពេញ) យាន Starliner ក៏អាចចូលចតនៅ ISS បានសម្រេច។

(រូបភាពពី NASA/Boeing)

ជុំវិញជោគជ័យជាប្រវត្តិសាស្ត្ររបស់ Boeing តាំងតែពីថ្ងៃបាញ់បង្ហោះភ្លាមៗ ក្រុមហ៊ុនអវកាសឯកជន SpaceX ដែលអាចចាត់ទុកថា ជាគូរប្រកួតប្រជែងធំបំផុតមួយក្នុងវិស័យបច្ចេកវិទ្យា និងអវកាសជាមួយ Boeing បានចេញមុខអបអរសាទរ។ ស្ថាបនិក SpaceX លោក Elon Musk បានថ្លែងតាមរយៈគណនី X (Twitter) របស់ខ្លួនថា «អបអរសាទរ ចំពោះការបាញ់បញ្ជូន (Starliner) ប្រកបដោយជោគជ័យ»។ បន្ថែមពីនេះ ប្រធានការិយាល័យប្រតិបត្តិរបស់ SpaceX លោកស្រី Gwynne Shotwell ក៏បានអបអរសាទរអង្គការ NASA, ក្រុមហ៊ុន Boeing និងក្រុម ULA ផងដែរ ចំពោះភាពជោគជ័យជាប្រវត្តិសាស្ត្ររបស់ Boeing នេះ។

Starliner ចូលចតបានសម្រេចនៅ ISS (រូបភាពពី NASA/Boeing)

ដោយឡែក ប្រធានអង្គការ NASA លោក Bill Nelson បានលើកឡើងកាលពីថ្ងៃទី៥ ខែមិថុនា នោះផងដែរថា «នេះជាពេលវេលាដ៏ពិសេសមួយ… វាជាការបង្កើតភាពអស្ចារ្យថ្មីមួយទៀត នៅក្នុងប្រវត្តិសាស្ត្ររបស់យើង។ អ្វីដែល NASA កំពុងធ្វើគឺលំបាក… ការបញ្ជូនយានទៅទីអវកាស គឺលំបាក ប៉ុន្តែវាមានតម្លៃខ្លាំងណាស់ សម្រាប់អ្វីដែលយើងកំពុងធ្វើ…»។

អវកាសយានិក Butch Wilmore និងអវកាសយានិក Suni Williams ទទួលការស្វាគមន៍ (រូបភាពពី NASA/Boeing)

គួរបញ្ជាក់ថា Starliner ជាយានអវកាស (Capsule) សម្រាប់ដឹកអវកាសយានិក ឡើងទៅកាន់ទីអវកាស ដែលស្ថិតក្នុងកិច្ចព្រមព្រៀងអភិវឌ្ឍន៍ រវាងអង្គការ NASA និង Boeing កាលពីឆ្នាំ២០១៤ ដោយមានទឹកប្រាក់សរុប ៥ពាន់លានដុល្លារអាមេរិក។ នេះជាការបង្កើនភាពប្រកួតប្រជែងទៅលើបច្ចេកវិទ្យា និងតម្លៃសេវា ដែលអង្គការ NASA បាននិងកំពុងជំរុញ ទៅលើវិស័យឯកជន ខណៈគិតចាប់តាំងពីឆ្នាំ២០២០ យាន Crew Dragon របស់ SpaceX បានក្លាយជាយានអវកាសឯកជនតែមួយគត់ ដែលអង្គការ NASA មាន ដើម្បីបម្រើសេវាដឹកអវកាសយានិកទៅកាន់ស្ថានីយអវកាស៕

ប្រវត្តិសាស្ត្រថ្មី! យាន Starliner របស់ Boeing ដឹកអវកាសយានិកដល់ ISS, NASA និង SpaceX អបអរ (មានវីដេអូ)
(រូបភាពពី NASA/Boeing)

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE/NASA/Boeing (ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤)

480×240 Banner