តើឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថ្មីលោក Wang Wenbin រហស្សនាម «អ្នកចម្បាំងចចក» ជានរណា?

252

(ភ្នំពេញ)៖ លោក វ៉ាង វិនប៉ីន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនីស្តចិនតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថ្មី បន្ទាប់ពី វ៉ាង វិនធាន (Wang Wentian) ដែលចប់អាណត្តិ។ នេះបើយោងតាមប្រភពពីមន្ត្រីចិនប្រាប់បណ្តាញផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

លោក Wang Wenbin មានវ័យ ៥៣ឆ្នាំ បានបម្រើការជាអ្នកនាំពាក្យទី៣២ របស់ក្រសួងការបរទេសចិនជិត៤ឆ្នាំ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២៤។

មិនមែនជាបេសកកម្មថ្មីសម្រាប់លោកឡើយ ខណៈលោកធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសទុយនេស៊ីផងដែរនៅចន្លោះឆ្នាំ២០១៨ ទៅ២០២០។ លោកបានចាយពេលជាង ៣០ឆ្នាំ ក្នុងវិស័យការទូតជាមួយរដ្ឋាភិបាលចិនដែលភាគច្រើនលោកផ្តោតលើផែនការគោលនយោបាយការបរទេស និងផ្តោតលើកិច្ចការអាហ្វ្រិក។ មុនក្លាយជាអ្នកនាំពាក្យក្រសួងការបរទេស លោកបានកាន់តួនាទីអគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសចិន។

ក្នុងទីលានការទូត គេឱ្យរហ័ស្សនាមលោកថាជា “អ្នកចម្បាំងចចក” ព្រោះលោកតែងស្រែកការពារពាក្យរិះគន់ទាំងឡាយណាដែលប្រឆាំងនឹងរដ្ឋាភិបាលចិនក្រុងប៉េកាំង។ ខណៈនៅក្នុងតួនាទីជាអ្នកនាំពាក្យ លោកបានទាត់ចោលអំណាងអំណាងរបស់សហរដ្ឋអាមេរិកដែលសំដៅថាច្រកសមុទ្រតៃវ៉ាន់ជាដែនទឹកអន្តរជាតិ ជាពិសេសលោកតែងស្រែកក្តែងៗចំពោះបញ្ហាសមុទ្រចិនខាងត្បូង។

អ្នកការទូតរូបនេះ មានស្រុកកំណើតនៅឯខេត្តអានហ៊ុយ ដែលបានចូលសិក្សានៅវិទ្យាល័យណានជីង ជីនលីង។ ក្នុងឆ្នាំ១៩៨៩ លោកបានចូលបំពេញវិជ្ជានៅសាកលវិទ្យាល័យកិច្ចការបរទេសចិន ហើយលោកបានរៀនជាភាសាបារាំងផង។

បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានចូលបម្រើការនៅក្រសួងការបរទេសតែម្តង ដែលលោកបានឆ្លងការកិច្ចការតូចធំ ជាច្រើនផ្នែកក្នុងវិស័យការទូតតួយ៉ាងធ្លាប់ជានាយករង និងជានាយកនៃការិយាល័យស្រាវជ្រាវគោលនយោបាយ, ទីប្រឹក្សានយោបាយនៃស្ថានទូតចិនប្រចាំប្រទេសម៉ូរីស, ទីប្រឹក្សានាយកដ្ឋានផែនការនយោបាយដែលបន្ទាប់មកក្លាយជានាយករងនៃនាយកដ្ឋាននេះ។

នៅឆ្នាំ២០១៨ បក្សកុម្មុយនីស្តតែងតាំងលោកជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសទុយនេស៊ី។ មកទល់ខែកក្កដា ឆ្នាំ២០២០ អំឡុងវិបត្តិកូវីដ១៩ លោកត្រូវបានតែងតាំងជាអ្នកនាំពាក្យនៃក្រសួងការបរទេស ជំនួសលោក Geng Shuang រហូតដល់ខែឧសភា ឆ្នាំ២០២៤។ បន្ទាប់មក លោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅខែមិថុនា​ ឆ្នាំ២០២៤៕

(រូបភាពពីទំព័រ Facebook លោក Wang Wenbin)

រៀបរៀង៖ សំបាន ច័ន្ទដារ៉ា (អ្នកសារព័ត៌មាន freelance ផ្តោតសំខាន់លើកិច្ចការតំបន់អាស៊ី ការទូត និងសន្តសុខ)
រូបភាព៖ ទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់លោក Wang Wenbin

480×240 Banner