តើពួកអេលៀន (Alien) អាចមានសម្រស់បែបណាទៅ? (បើធៀបនឹងមនុស្ស) (មានវីដេអូ)

1,406

(បរទេស)៖ សូមជម្រាបថា រាល់រូបភាពមនុស្សភពផ្សេង ឬពួកអេលៀន (Alien) ដែលគ្រប់គ្នាបានឃើញកន្លងមក បូករួមទាំងរូប logo ឬតុក្តាដែលត្រូវដាក់តាំងនៅក្បែរៗតំបន់ ៥១ (Area 51) នៃរដ្ឋ Nevada សហរដ្ឋអាមេរិកនោះ គឺជារូបភាពប្រឌិតឡើងប៉ុណ្ណោះ ឬក៏ចេញពីវីដេអូមួយចំនួនដែលគេអះអាងថា មនុស្សបានចាប់បាន Alien ដែលមកពីការធ្លាក់នៃយាន (ថាសហោះ ឬ UFO) លើភពផែនដីនោះឯង។

(Video From YouTube: Cambo Space Edu)

តើយើងកំពុងស្ថិតនៅតែឯងក្នុងចក្រវាលនេះឬ? កុំទាន់អាលឆ្លើយរហ័សពេក ប្រសិនបើគ្រប់គ្នាត្រឹមស្មាន ឬមានទ្រឹស្តីហូរហែរក្នុងខ្លួន ខណៈធាតុពិតយ៉ាងណានោះ គឺមានតែការព្យាយាមស្វែងរកឲ្យឃើញ និងការមានភស្តុតាងជាក់ស្តែងមកបង្ហាញថា ពួកគេពិតជាមានមែនសិនប៉ុណ្ណោះ។ ប៉ុន្តែ, ការឆ្ងល់ក៏មិនមែនជារឿងទាស់ខុសអ្វីដែរ ព្រោះមនុស្សមួយចំនួន ហាក់កំពុងឆ្ងល់ដល់ត្រង់ចំណុចនេះទៀត នោះគឺ៖​ តើពួកអេលៀនមានមុខមាត់ និងរូបរាង ឬបើនិយាយឲ្យខ្លីគឺ «សម្រស់» បែបណាទៅ បើធៀបនឹងមនុស្សលោក?

រូបភាពមួយនៃ Alien ដែលត្រូវបានប្រឌិតឡើង (Source: Reddit)

ជុំវិញចម្ងល់ខាងលើនេះ អ្នកជំនាញនានាអាចចេញមុខបកស្រាយបាន។ លោក Adam Frank សាស្ត្រាចារ្យ និងជាតារាវិទូមកពីសាកលវិទ្យាល័យ Rochester សហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន Live Science នៅដើមខែមិថុនា ឆ្នាំ២០២៤នេះថា «ខណៈពេលដែលបុរសតូចពណ៌បៃតងនានា (little green men) ឬពពួកជីវិតកាចសាហាវ ដែលមានមាឌធំខ្ពស់ៗ តែងតែត្រូវបានចាត់ទុកជាគំរូនៃ Alien នៅក្នុងខ្សែភាពយន្តនោះ ពពួកជីវិតភពផ្សេងពិតប្រាកដ (ប្រសិនបើមាន) គឺទំនងជាមិនស្រដៀងនឹងតួអង្គទាំងនោះឡើយ…។ ផ្ទុយទៅវិញ បរិស្ថាននៅលើព្រះចន្ទ (exomoon) និងភពដែលពួក Alien ទាំងនោះកំពុងរង់នៅ (exoplanet) អាចធ្វើឲ្យសរីរាង្គរបស់ពួកគេ វិវឌ្ឍខុសប្លែកពីជីវិតនានាលើផែនដីទាំងស្រុង»។

រូបតំំណាង Little Green Men (រូបភាពពីបរទេស)

សាស្ត្រាចារ្យ Adam Frank បានលើកឡើងទៀតថា «Alien ខ្លះទំនងជាមានសមត្ថភាព ត្រឹមហោះហើរនៅលើផ្ទៃមេឃរបស់ពួកគេប៉ុណ្ណោះ ដោយសារតែបរិយាកាសភពពួកគេក្រាស់ៗពេក ឬមួយក៏ភព Alien ផ្សេងៗទៀត អាចមានកម្លាំងទំនាញ (gravity) ខ្លាំង ដែលធ្វើឲ្យជីវិតភពនោះ វិវឌ្ឍរូបរាងកាយទៅរកភាពរឹងមាំ ដែលខ្លាំងក្លាប្រៀបបីដូចជាសត្វដំរី…»។

  • ជីវិតនៅក្រោមដីរបស់ភព Alien

បន្ថែមពីខាងលើនេះ អ្នកជំនាញផ្នែកគីមីសាស្ត្រមួយរូបឈ្មោះ Valentina Erastova មកពីសាកលវិទ្យាល័យ Edinburgh ចក្រភពអង់គ្លេស ក៏បានពន្យល់ប្រាប់ សារព័ត៌មាន Live Science ផងដែរថា «វាក៏អាចទៅរួចដែរថា ជីវិត (alien) វិវឌ្ឍដោយការរស់នៅក្រោមដី…។ ប្រសិនបើ exoplanet នោះ ទទួលរងរលកធាតុវិទ្យុសកម្ម ពីផ្កាយមេរបស់វាក្នុងកម្រិតខ្លាំង ដែលស្រទាប់អូហ្សូនរបស់វាមិនអាចទប់ស្កាត់បាននោះ ជីវិតរបស់ពពួក alien ទាំងនោះនឹងយកស្រទាប់ដីធ្វើជាខែលការពារអាយុជីវិតមិនខាន…»។

លោកស្រី Erastova បានសង្កត់ធ្ងន់ថា «ក្នុងករណីខាងលើនេះ ជីវិតបែបពហុកោសិកាធម្មតាខ្លះ អាចមើលទៅស្រដៀងៗនឹងពពួករុក្ខជាតិតូចៗ ឬផ្សិតព្រៃ (fungus)។ ខណៈដែលជាធម្មតាយើងមើលឃើញ ពពួកផ្សិតតែងដុះនៅលើដីនោះ រូបរាងរបស់រុក្ខជាតិប្រភេទនេះភាគច្រើនបំផុត គឺស្ថិតនៅក្រោមដីទៅវិញទេ តាមរយៈបណ្តាញឬសរបស់ពួកវា ដែលយើងហៅជាភាសាអង់គ្លេសថា ម៉ៃខូរីហ្សា (mycorrhiza)… សូម្បីតែនៅលើភពផែនដីរបស់យើងនេះ គឺមាននូវជីវិតច្រើនទម្រង់ណាស់ ដែលរស់នៅក្រោម ឬក្នុងដី ជាជាងជីវិតដែលដើរ ហែល ឬហោះហើរនៅពីលើដី…»។

ពពួកផ្សិតដុះក្នុងព្រៃ (fungus) (រូបភាពពី Britannica)

យោងតាមតាមអត្ថបទចេញផ្សាយនៅកាសែត The Royal Astronomical Society កាលពីឆ្នាំ២០១៩ បានពន្យល់ថា នៅក្នុងករណីដែលធាតុវិទ្យុសកម្មស្វាយអ៊ុលត្រា មានកម្រិតខ្លាំងនៅលើភព exoplanet ណាមួយនោះ ពពួកជីវិត Alien លើភពនោះអាចវិវឌ្ឍពណ៌ស្បែករបស់ពួកគេទៅជាក្រហម ខៀវបៃតងទៅតាមបរិស្ថាន និងអំបូរ ដើម្បីការពារខ្លួនពួកគេ។ បើតាមលោក Frank ពួកអេលៀនខ្លះអាចមាន ការវិវឌ្ឍន៍រាងកាយយឺតក៏ថាបានដែរ ព្រោះតែសីតុណ្ហភាពលើភពដែលពួកគេរស់នៅ ត្រជាក់ខ្លាំងពេក។

  • តើសម្រស់ពួក Alien អាចដូចមនុស្សលើផែនដីដែរឬទេ?

យើងនៅមិនទាន់អាចឆ្លើយសំនួរនេះ ឲ្យចំតែម្តងបានឡើយ ប៉ុន្តែអ្វីដែលអ្នកគួរដឹងនោះ គឺជីវិតនៅភពដទៃ អាចមិនអស្ចារ្យដូចជា ការអាចហោះហើរដោយសេរី, មានមាឌធំៗ ឬក៏ជាពពួកដូចជាផ្សិតព្រៃ ដែលបញ្ចេញពន្លឺដោយខ្លួនឯងនោះឡើយ…។

ជុំវិញប្រធានបទនេះ ជំនួយការសាស្ត្រាចារ្យផ្នែកតារាសាស្ត្រ និងរូបវិទ្យា លោកស្រី Sarah Rugheimer មកពីសាកលវិទ្យាល័យ York ប្រទេសកាណាដា បានប្រាប់សារព័ត៌មាន Live Science តាមរយៈ email ថា «វាទំំនងជាអាចទៅរួចបំផុតដែលថា ជីវិត (alien) នោះមានកោសិកាតែមួយ។ ភាគច្រើនបំផុតនៃពេលវេលាដែលបានអនុញ្ញាតឲ្យជីវិតនានារីកដុះដាលនៅលើផែនដីនោះ បានចេញមកពីប្រភពនៃជីវិតតែមួយគត់ នោះគឺអតិសុខុមប្រាណ (មីក្រុប)។ សូម្បីតែសព្វថ្ងៃនេះ ជីវមណ្ឌលភាគច្រើនលើផែនដី គឺពោពេញដោយអតិសុខុមប្រាណ»។

អតិសុខុមប្រាណ (រូបភាពពីបរទេស)

តែយ៉ាងណា ការស្រាវជ្រាវរកមើល «ដាននៃមីក្រុបដំបូង» នៅលើភពផែនដី គឺពិតជាបេសកកម្មដ៏លំបាកលំបិនបំផុតមួយ ប៉ុន្តែយោងតាមការសិក្សាមួយកាលពីឆ្នាំ២០១៩ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ ដាននៃការកកើតសមាសធាតុអំបិល កាល់ស្យូម កាបូណាត (calcium carbonate) ដែលស្ថិតនៅតំបន់រីងស្ងួត និងចំណាស់មួយរបស់ភពផែនដី។ ការរកឃើញនេះ បាននិងកំពុងផ្តល់ពន្លឺដល់ការស្វែងរកឲ្យឃើញនូវ «ហ្វូស៊ីលនៃមីក្រុបដំបូង» ដូចដែលក្រុមអ្នកវិទ្យាសាស្ត្រចង់បាន។

ចំពោះសំនួរដែលថា តើជីវិត Alien អាចវិវឌ្ឍទៅជាជីវិតបែបពហុកោសិកាដែរ ឬមួយក៏យ៉ាងណា លោកស្រី Rugheimer បានឆ្លើយតបថា «វាហាក់ដូចជាមិនអាចទៅរួចនោះទេ ដែលជីវិត alien (នៅភពផ្សេង) អាចមើលទៅដូចជាមនុស្សលោកយើងតែម្តងនោះ…»។ ចំពោះលោក Frank វិញបានឆ្លើយតបថា «ជីវិតមនុស្សលើផែនដីបានកកើត និងវិវឌ្ឍនៅក្នុងបរិស្ថានដ៏ពិសេសមួយ ឬក៏អាចនិយាយថា ជាគ្រាប់ពូជដ៏មានសំណាងផងដែរ…»។

សម្រាប់អ្វីៗដែលត្រូវបានលើកឡើងទាំងអស់ ដោយរាប់ទាំងការសិក្សា និងវិភាគដោយក្រុមអ្នកវិទ្យាសាស្ត្រ ព្រមទាំងខ្សែភាពយន្តប្រឌិតនានា អំពីរូបរាងដែលអាចទៅរួចនៃជីវិតក្រៅភពនោះ គឺសុទ្ធតែជា «ការស្មាន»។ ប៉ុន្តែការស្មានក៏តម្រូវមានភាពប្រាកដនិយមនៅក្នុងនោះដែរ។ យើងចង់សម្តៅទៅការសន្និដ្ឋាន ដោយយោងលើដំណើរវិវឌ្ឍន៍នៃជីវិតពិតទៅតាមការពិសោធន៍ និងឧទាហរណ៍ជាក់ស្តែង ដូចអ្វីដែលមានលើភពផែនដី។ ទីឋានចំនួន ដែលយើងកំពុងសង្ឃឹមថា អាចរកឃើញជីវិត ឬដាននៃជីវិតនោះ គឺភពព្រះអង្គារ, ព្រះចន្ទ Europa របស់ភពព្រហស្បតិ៍ និងព្រះចន្ទ Enceladus នៃភពសៅរ៍ បើទោះបីត្រឹមជាពពួកមីក្រុបក្តី តែនឹងបង្កការរំជើបរំជួលខ្លាំងបំផុតដល់ពិភពអ្នកវិទ្យាសាស្ត្រលើផែនដី ប្រសិនបើពួកវាត្រូវបានរកឃើញមែន។

ជាការពិតណាស់ គំនិតអំពីជីវិតក្រៅភព ដែលខ្លះបានគូសវាសចេញមក ឲ្យស្រដៀងនឹងមនុស្ស និងជីវិតនានាលើផែនដីនោះ បានយោងទៅលើការមានទឹកដូចលើផែនដី, ការទទួលបានពន្លឺផ្កាយដូចព្រះអាទិត្យ និងការមានអុកស៊ីហ្សែន ដើម្បីដកដង្ហើមជាដើម។ ប៉ុន្តែក្រុមអ្នកជំនាញបានពន្យល់បែបនេះវិញថា ជីវិតនៅទីឋានដទៃ ក៏អាចវិវឌ្ឍខុសពីនៅលើផែនដីទាំងស្រុងដែរ បើទោះបីជាមានបរិស្ថានស្រដៀងគ្នាភាគច្រើនក្តី ឬពេលខ្លះអាចខុសគ្នាទាំងស្រុងតែម្តង សម្រាប់រចនាសម្ព័ន្ធជីវិតជាបឋមនោះ។

តើពួកអេលៀន (Alien) អាចមានសម្រស់បែបណាទៅ? (បើធៀបនឹងមនុស្ស) (មានវីដេអូ)
រូបតំណាង Alien លើភពដទៃ (AI Generated Image)

គួរបញ្ជាក់តាមលោកស្រី Rugheimer បានពន្យល់ជាចុងក្រោយថា ខ្សែភាពយន្តអំពី Alien ភាគច្រើនបានតម្រូវឲ្យពួក Alien កកើតឡើងពី ស៊ីលីកុន (silicon) ជាជាង កាបូន (carbon) ដូចជីវិតនានាលើផែនដី។ តែសម្រាប់នៅក្នុងការស្រាវជ្រាវ ដែលមិនទាន់យល់ដឹងច្បាស់នៅឡើយលើបញ្ហានេះ លោកស្រី Rugheimer មានការជឿជាក់ផ្ទាល់ខ្លួនថា គំនិតអំពី Alien បែបនោះ ដូចជាមិនសមហេតុផលទេព្រោះ «កាបូនមានបរិមាណច្រើនជាងស៊ីលីកុន ហើយអាចបង្កើតចេញជាលក្ខខណ្ឌ បែបគីមីសាស្ត្រស្មុគស្មាញជាង។ ប៉ុន្តែ​, រឿង​មួយ​ដែល​ខ្ញុំ​គិត​ថា​ជា​ការ​ពិត​នោះគឺ យើង​មិនទាន់ដឹង​ថា​ពួក​ Alien នោះ​មាន​រូបរាង​បែបណានោះឡើយ…»៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ Live Science (ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤)

480×240 Banner