គ្រួសារមួយនៅអាមេរិក ទាមទារសំណងពីអង្គការ NASA ក្រោយ «សំរាមអវកាសធ្លាក់ចំលើផ្ទះ»

281

(បរទេស)៖ ក្តីបារម្ភអំពីការកើនឡើងនូវសំរាមក្នុងទីអវកាស ជាពិសេសក្នុងគន្លងគោចរកម្រិតទាប (low Earth orbit) ដែលគិតចាប់ពីរយៈកម្ពស់ជាង ២០០km ដល់ ១,៦០០km ពីផ្ទៃផែនដីនោះ មិនមែនជារឿងថ្មីនោះឡើយ ប៉ុន្តែគ្រោះថ្នាក់ដែលបានកើតឡើងដល់ជីវភាពរស់នៅរបស់មនុស្សលើផែនដី គឺជារឿងកម្របំផុត។

ថ្មីៗនេះ ការធ្លាក់សំរាមអវកាសចំលើផ្ទះមួយខ្នង របស់ប្រជាជនរស់នៅទីក្រុង Naples រដ្ឋ Florida ភាគអាគ្នេយ៍សហរដ្ឋអាមេរិក កំពុងស្ថិតនៅជាប្រធានបទដ៏ក្តៅគគុកដដែល បើទោះបីជាហេតុការណ៍នោះបានកើតមានឡើង តាំងតែពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ក៏ដោយ។ ក្រុមគ្រួសាររងគ្រោះខាងលើនៅអំលុងខែមិថុនា ឆ្នាំ២០២៤នេះ បានដាក់ពាក្យបណ្តឹងទាមទារឲ្យអង្គការ NASA សងថ្លៃខូចខាតដល់ពួកគេ។

សំរាមអវកាសធ្លាក់លើផ្ទះពលរដ្ឋនៅរដ្ឋ Florida សហរដ្ឋអាមេរិក (រូបភាពពី NASA/បរទេស)

គួររម្លឹកថា អង្គការ NASA កាលពីអំលុងខែមីនា ឆ្នាំ២០២១ បានប្រកាសអំពីការសម្រេចចិត្តទម្លាក់ចោលនូវសំរាមអវកាស ដែលជាអាគុយផ្ទុកថាមពលផុតសុពលភាពប្រើប្រាស់ មានទម្ងន់សរុប ២.៩តោន ពីស្ថានីយអវកាសអន្តរជាតិ (ISS) ទៅកាន់គន្លងគោចរជុំវិញភពផែនដី ដោយរំពឹងថា វានឹងធ្លាក់បុកបរិយាកាសរួចឆាបឆេះអស់ ហើយកម្ទេចតូចតាចដែលនៅសេសសល់ នឹងបន្តធ្លាក់ចូលក្នុងទឹកសមុទ្រដូចសព្វដង។ ប៉ុន្តែធាតុពិតជាស្តែង គឺវាមិនបានកើតឡើងដូច្នោះទាំងស្រុងឡើយ។

បើតាមគ្រួសាររបស់លោក Otero ដែលបានរងគ្រោះដោយសំរាមអវកាសខាងលើនេះ បានគូសបញ្ជាក់ថា «ជាសំណាងល្អបំផុតហើយ ដែលពុំមានសមាជិកគ្រួសាររបស់លោកណាម្នាក់ បានរងគ្រោះថ្នាក់ ប៉ុន្តែផ្ទះមួយខ្នងកម្ពស់ ២ជាន់របស់លោក បានរងការខូចខាត (សំរាមធ្លាក់ទម្លុះដំបូលរួចទើត្រឹមជាន់ទី២)។ ប៉ុន្តែ, ប្រសិនបើសំរាមនោះ ធ្លាក់ចំទីតាំងល្អៀងពីនោះតែបន្តិច នោះយើងប្រាកដជាមើលឃើញ សោកនាដកម្មជាក់ជាមិនខាន…»។

សំរាមអវកាស ធ្លាក់លើផ្ទះពលរដ្ឋនៅរដ្ឋ Florida សហរដ្ឋអាមេរិក (រូបភាពពីបរទេស)

គួរបញ្ជាក់ថា មេធាវីការពារក្តីឲ្យគ្រួសារលោក Otero បានទាមទារឲ្យអង្គការ NASA ទទួលខុសត្រូវចំពោះហេតុការណ៍ខាងលើនេះ ហើយក៏ស្នើឲ្យរដ្ឋាភិបាលអាមេរិក បង្កើតច្បាប់ពាក់ព័័ន្ធមួយ ដែលចែងច្បាស់លាស់អំពីសំណងទៅដល់ពលរដ្ឋ ប្រសិនបើមានករណីបែបនេះ កើតឡើងនៅថ្ងៃអនាគតផងដែរ។

សំរាមអវកាស ធ្លាក់លើផ្ទះពលរដ្ឋនៅរដ្ឋ Florida សហរដ្ឋអាមេរិក (រូបភាពពីបរទេស)

មេធាវីតំណាងគ្រួសារលោក Otero ក៏បានរម្លឹកផងដែរអំពីហេតុការណ៍ ដែលបានកើតមានឡើងជាបន្តបន្ទាប់ កាលពីប៉ុន្មានឆ្នាំកន្លងទៅ ដូចជាសំរាមអវកាសដែលត្រូវបានបង្កឡើង ដោយការបាញ់បង្ហោះយាន Dragon របស់ក្រុមហ៊ុន SpaceX ធ្លាក់លើប្រទេសកាណាដា និងរដ្ឋ North Carolina ព្រមទាំងបំណែកនៃរ៉ុក្កែតរបស់អង្គការអវកាសឥណ្ឌា (ISRO) ដែលបានធ្លាក់លើតំបន់ឆ្នេរមួយនៃប្រទេសអូស្ត្រាលីជាដើម សុទ្ធសឹងជាហេតុការណ៍ដែលមិនគួរត្រូវបានមើលរំលងនោះឡើយ…៕

គ្រួសារមួយនៅអាមេរិក ទាមទារសំណងពីអង្គការ NASA ក្រោយ «សំរាមអវកាសធ្លាក់ចំលើផ្ទះ»
សំរាមអវកាស ធ្លាក់លើផ្ទះពលរដ្ឋនៅរដ្ឋ Florida សហរដ្ឋអាមេរិក (រូបភាពពី NASA/បរទេស)

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤។

480×240 Banner