រឿងភូតកុហកទាំង «៥» ក្នុងវិស័យអវកាស-វិទ្យាសាស្ត្រ ដែលអាចនៅមានអ្នកជឿ ក្នុងឆ្នាំ២០២៤ (វគ្គ២) (វីដេអូ)

1,856

(បរទេស)៖ ការចង់ចេះចឹងដឹង ឬឈ្វេងយល់អំពីការពិត ចំពោះប្រធានបទអ្វីមួយ គឺមិនអាចកើតចេញពីការស្តាប់តែមួយជ្រុង ឬពីប្រភពដែលប្រឆាំំងនឹងប្រធានបទនោះ តែម្តងនោះឡើយ។ ជាក់ស្តែងណាស់ រាល់ព័័ត៌មាន និងអត្ថបទចំណេះដឹងអំពីវិស័យអវកាស និងវិទ្យាសាស្ត្រ ខ្លះមានភាពសម្បូរបែប ហើយពិបាកឲ្យឈ្វេងយល់អំពីការពិតផងដែរ ប្រសិនបើមនុស្សមួយចំនួនបានតាមដាន ទៅលើអំណះអំណាងតែមួយជ្រុងនោះ។

(Video From YouTube: Cambo Space Edu)

កាលពីឆ្នាំ២០២០ ប្រិយមិត្តរបស់ Cambo Space បានយល់ដឹងម្តងរួចមកហើយចំពោះ «ការភូតកុហកទាំង ៥ អំពីវិស័យអវកាស និងវិទ្យាសាស្ត្រ ដែលអាចនៅមានអ្នកជឿដល់បច្ចុប្បន្ន» ហើយសម្រាប់ឆ្នាំ២០២៤នេះ យើងក៏មាននូវ «វគ្គទី២» សម្រាប់ប្រធានបទដដែលនេះផងដែរ។ តើការ «ភូតកុហកទាំង៥» សម្រាប់វគ្គថ្មីនេះមានអ្វីខ្លះ? ចូរតាមដានជាបន្តបន្ទាប់ដូចខាងក្រោម៖

៥៖ ភពផែនដីមានរាងសំប៉ែត

គំនិតអំពី Flat Earth (រូបភាពពីបរទេស)

ការអះអាងពីផែនដីមានរាងសំប៉ែត (Flat Earth) នេះគឺជាពិតជាល្បីល្បាញណាស់ មិនថាមកដល់ពេលបច្ចុប្បនេះឡើយ ហើយបើទោះបីជាទាំងនោះជាការលេងសើច ឬមែនទែនក្តី ក៏ការបកស្រាយតាមបែបវិទ្យាសាស្ត្រ គួរតែមានជាប្រចាំដែរ។

ជាក់ស្តែង, ក្រុមមួយឈ្មោះថា Flat Earth Society បានព្យាយាមប្រឆាំងគ្រប់យ៉ាងអំពីការអះអាងថា ផែនដីមានរាងមូល ហើយពួកគេថែមទាំងចាត់ទុកទៀតថា ផ្ទៃមេឃដែលយើងឃើញរាល់ថ្ងៃនេះ គឺឃើញត្រឹមតែភ្នែកយើងឃើញនឹងឯង ដោយគ្មានអ្វីលើសពីនេះទៀតទេ…។

ក្រុមខាងលើនេះ ថែមទាំងបានអះអាងទៀតថា គ្មានវីដេអូណាដែលអាចបញ្ជាក់ថា ផែនដីមានរាងមូលនោះឡើយ (ចង់សម្តៅលើវីដេអូទាំងអស់ ដែលបង្ហាញថាផែនដីមានរាងមូល គឺសុទ្ធតែ fake)

យ៉ាងណាក៏ដោយ NASA មានពាក្យយ៉ាងខ្លីចំពោះការបំភាន់នេះថា គ្រប់គ្នាអាចទស្សនាវីដេអូផ្សាយផ្ទាល់ (live) ពីស្ថានីយអវកាសអន្តរជាតិ (ISS) ដែលស្ថិតនៅរយៈកម្ពស់ជាង ៤០០km ពីផ្ទៃផែនដីនោះបាន ដោយ ISS គោចរជុំវិញផែនដី ១៦ជុំ នៅក្នុងក្នុង ១ថ្ងៃ។ ការពិតយ៉ាងណានោះ គឺស្រេចទៅលើការវិនិច្ឆ័យផ្ទាល់ខ្លួនរបស់លោកអ្នក។

៤៖ ព្រះចន្ទ Iapetus របស់ភពសៅរ៍ (Saturn) ជាយាន Death Star របស់ពួក Alien

ព្រះចន្ទ iapatus (ឆ្វេង) និងយាន Death Star (ស្តាំ) (មិនមែនជាការប្រៀបធៀបទំហំ) (រូបភាពពី NASA)

មូលហេតុនៃការអះអាងដូច្នេះ គឺព្រោះតែ Iapetus មានរូបរាងដូចជាយាន Death Star របស់ពួកជីវិតភពផ្សេងនៅក្នុងខ្សែភាពយន្ត “Star Wars” ដ៏ល្បីល្បាញ កាលពីកំលុងចុងទសវត្សរ៍ ១៩៧០ នោះឯង។ យាន Death Star ឬផ្កាយមរណៈ គឺជាយានផ្ទុកអាវុធពិសេសរបស់ពួក Alien ដែលមានអាវុធប្រកបដោយអានុភាពបំផុត អាចបាញ់កម្ទេចពិភពលោកទាំងមូលបាននោះគឺ ឡាស៊ែរ (laser)

យាន Death Star នេះក៏ត្រូវបានរំលេចរូបរាងជាថ្មីម្តងទៀត នៅក្នុងខ្សែភាពយន្ត ”Rogue One” កាលពីឆ្នាំ២០១៦ ផងដែរ។ ការចុះផ្សាយមួយដោយកាសែត Daily Mail កាលពីឆ្នាំ២០១៦ បានដាក់ការសង្ស័យថា Iapetus គឺជាវត្ថុអវកាស ដែលត្រូវបានច្នៃឡើងដោយពួក Alien ហើយនៅក្នុងអត្ថបទនោះ គេបានលើកយករូបភាព Iapetus ថតដោយយាន Cassini របស់អង្គការ NASA កាលពីឆ្នាំ២០០៤ មកធ្វើជាភស្តុតាងគាំទ្រគំនិតបែបនោះផងដែរ។

តើរូបភាពពី Cassini នោះជាអ្វី? វាគឺជាក្រហូងយក្សមួយនៅលើ Iapetus ដែលស្ថិតនៅកៀកនឹងខ្សែអេក្វាទ័ររបស់ព្រះចន្ទភពសៅរ៍មួយនោះ ហើយបើយើងមើលមួយភ្លែត គឺពិតជាស្រដៀងនឹងយាន Death Star នៅក្នុងរឿង Star Wars ដែលមានអង្កត់ផ្ចិត ១៤០km និង ១៦០km នោះណាស់។

យ៉ាងណាក៏ដោយ បើតាមទិន្នន័យពី NASA បានបង្ហាញយ៉ាងថា Iapetus ត្រឹមតែជាព្រះចន្ទដែលផ្សំឡើងពីថ្មចាស់ៗ និងទឹកកកប៉ុណ្ណោះ ហើយក្រហូងរាងមូល និងធំ ដែលយើងឃើញលើផ្ទៃរបស់វានោះ គឺជាតំបន់ដែលមានភ្នំព័ទ្ធជុំវិញ និងនៅចំកណ្តាលប៉ុណ្ណោះ។ ព្រះចន្ទ Iapetus មានអង្កត់ផ្ចិត ១,៤៦៩km

៣៖ ថាសហោះរបស់ Alien បង្កឲ្យមានការផ្ទុះដ៏កក្រើក និងភ្លើងឆេះព្រៃ

ទិដ្ឋភាពក្រោយព្រឹត្តិការណ៍ Tunguska ឆ្នាំ១៩០៨ (រូបភាពពីបរទេស/Russian Media)

ងាកទៅឆ្នាំ២០០៤ អ្នកស្រាវជ្រាវរុស្ស៊ីមួយក្រុមនៅតំបន់ Siberia បានអះអាងថា ពួកគេបានរកឃើញ​ «វត្ថុរបស់ជីវិតភពផ្សេង (alien)» ស្ថិតនៅជិតតំបន់ដែលកើតមានការផ្ទុះដ៏អាថ៌កំបាំងឈ្មោះ Tunguska។ ព្រឹត្តិការណ៍ផ្ទុះ Tunguska បានកើតមានឡើងលើផ្ទៃមេឃតំបន់ Siberia តាំងតែពីឆ្នាំ១៩០៨ មកម្ល៉េះ និងបានដុតបំផ្លាញព្រៃឈើ លើផ្ទៃដីទំហំរាប់រយគីឡូម៉ែត្រក្រលា។

ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី មិនទាន់អាចរកឃើញចម្លើយបាននោះឡើយ បើទោះបីជារាប់ទសវត្សរ៍បានកន្លងផុតទៅហើយក្តី។ ក្រោយមកទៀត នោះគឺនៅឆ្នាំ២០០៤ ក៏មានការអះអាងថា ពួកគេបានរកឃើញវត្ថុដែលគេសង្ស័យថា មិនមានប្រភពនៅលើផែនដី។ ក្រុមអ្នកស្រាវជ្រាវរុស្ស៊ី ថែមទាំងបានបើកការស្រាវជ្រាវ ដោយស្ថិតក្នុងគោលដៅរកមើលសំណល់ពីយានអវកាស Alien ដូចដែលពួកគេសង្ស័យនៅទីនោះផងដែរ ហើយជាលទ្ធផលអ្វីដែលពួកគេរកឃើញគឺ ភស្តុតាងនៃការវាយប្រហារដោយ «អាចម៍ផ្កាយ» លើតំបន់នោះ។

២៖ រូបសំណាកនាងបោយដៃលើភពអង្គារ

ទិដ្ឋភាពថតដោយយាន Opportunity លើភពអង្គារ (រូបភាពពី NASA)

កាលពីឆ្នាំ២០០៨ គ្រឿងយន្ត Opportunity របស់អង្គការ NASA បានផ្តិតយករូបភាព១សន្លឹកនេះ ហើយមើលមួយភ្លែត និងពីចម្ងាយបែបនេះ ភ្នែក និងខួរក្បាលរបស់យើងប្រាកដជាគិតថានោះជា «រូបសំណាកនារីម្នាក់កំពុងបោយដៃទៅកាន់អ្វីមួយ…»

វាមិនខុសពីការថតបាន ទីទួលដែលមានទម្រង់ដូចមុខមនុស្សលើភពអង្គារ ឬដុំថ្មដែលមានរូបរាងដូចសត្វ និងស្លាបព្រាជាដើមនោះឡើយ ដោយទាំងអស់នោះត្រឹមជាការមើលឃើញពីមួយជ្រុង បូករួមទាំងស្រមោលពីពន្លឺព្រះអាទិត្យ ដែលជួយបន្ថែមរូបរាងឲ្យភ្នែកយើង មើលឃើញដូចវត្ថុមួយចំនួនដែលមានលើផែនដីប៉ុណ្ណោះ។

១៖ បេសកកម្ម Apollo លើឋានព្រះចន្ទ គឺជាការសម្តែងល្ខោន

បេសកកម្ម Apollo លើឋានព្រះចន្ទ (រូបភាពពី NASA)

ចំណុចចុងក្រោយនេះជារឿងធំ និងរសើបជាងគេផងដែរ។ ការចោទអង្គការ NASA នៃសហរដ្ឋអាមេរិកថា បានសម្តែងល្ខោនជុំវិញការចុះចតយាន និងមនុស្សដំបូងលើផ្ទៃព្រះចន្ទ ដោយបេសកកម្ម Apollo ជាបន្តបន្ទាប់ កាលពីអំលុងទសវត្សរ៍ ១៩៦០ និង ១៩៧០ នោះ មិនមែនទើបតែកើតឡើងនោះឡើយ។

មនុស្សខ្លះបានបញ្ចេញសំណួរថា៖ ហេតុអ្វីលើមេឃព្រះចន្ទគ្មានផ្កាយសោះ? ហេតុអ្វីទង់ជាតិសហរដ្ឋអាមេរិក បានបក់ពេលគ្មានខ្យល់ ឬទំនាញ? ហេតុអ្វីមានដានស្បែកជើងអវកាសយានិកលើព្រះចន្ទ តែគ្មានសញ្ញាបន្សល់ទុក នៃយានចុះចតលើផ្ទៃព្រះចន្ទត្រូវបានបង្ហាញ? សម្រាប់សំណួរទាំងអស់នេះ ខ្លះសក្តិសមនឹងគួរឆ្ងល់ តែខ្លះទៀតគឺជាចម្ងល់ដែលមិនសមហេតុផលឡើយ។

យោងតាម NASA ទង់ជាតិអាមេរិក ដែលដោតលើផ្ទៃព្រះចន្ទនោះមានបង្កប់នូវសរសៃដែក ដើម្បីអាចពន្លាតឲ្យចេញរូបរាងពេញលេញទៅបាន (ទើបកំលុងការព្យាយាមដោតនោះ មើលទៅច្រលំស្មានតែវាកំពុងបក់) ពុំដូច្នោះទេវានឹងរមួលដោយមិនអាចបង្ហាញរូបរាងពេញលេញនោះឡើយ។

ងាកទៅចម្ងល់មួយទៀត នោះគឺមេឃព្រះចន្ទគ្មានផ្កាយ, ឧទាហរណ៍ជាក់ស្តែងមួយ ប្រសិនបើអ្នកទាំងអស់ឈរនៅលើទីវាលមួយលើផែនដីពេលរាត្រី ហើយទីវាលនោះពោពេញដោយពន្លឺខ្លាំង និងមានពណ៌ប្រផេះប្រៀបដីដូចផ្ទៃព្រះចន្ទ ដែលផ្លាតពេលត្រូវនឹងពន្លឺណាមួយ ដែលដូចនឹងពន្លឺព្រះអាទិត្យដ៏ខ្លាំងនោះ ប្រាកដណាស់អ្នកក៏ពិបាកមើលឃើញហ្វូងផ្កាយលើផ្ទៃមេឃដែរ។ ដូច្នេះករណីបែបនេះ គឺទាក់ទងនឹងពន្លឺ ព្រមទាំងសមត្ថភាពនៃកាមេរ៉ាថតរូបកាលណោះ តែបើអ្នកស្ថិតនៅផ្នែកពេលយប់របស់ព្រះចន្ទ ភ្នែកអ្នកនឹងអាចមើលឃើញផ្កាយលើមេឃព្រះចន្ទដូចនៅលើផែនដីដែរ។

(រូបភាពពី NASA)

សម្រាប់ដានស្បែកជើងអវកាសយានិក ឬសូម្បីសំណល់នៃជើងទម្រយាន Apollo នៅត្រង់តំបន់ដែល NASA ធ្លាប់ចុះចតយាននោះ គឺស្ថិតនៅទីនោះទាំងអស់ ហើយផ្កាយរណបថតរូបភាពកម្រិតខ្ពស់ LRO (Lunar Reconnaissance Orbiter) របស់ NASA ដែលគោចរជាប្រចាំជុំវិញព្រះចន្ទ ក៏ធ្លាប់ថតបានជើងទម្រនោះដែរ។ ប៉ុន្តែ LRO ក៏ជារបស់ NASA ដែលអ្នកខ្លះ ប្រាកដជានៅមិនទុកចិត្ត។

ទោះបីជាយ៉ាងណា «ការពិតនៅតែជាការពិត» ហើយសម្រាប់ថ្ងៃអនាគតវិញ លោកអ្នកដែលនៅមិនជឿក៏អាចរង់ចាំការចេញបេសកកម្មរបស់ក្រុមណាមួយ ដែលហ៊ានចំណាយដើម្បីស្វែងរកការពិតបាន នោះគឺការទៅតាមដានមើលទីតាំងដែល NASA បានចុះចតយាន និងមនុស្សនៅលើនោះ, ហើយការពិតនឹងត្រូវលាតត្រដាងជាថ្មី…៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២៤)

480×240 Banner