ពិតជារឿងមិនធម្មតា…! តើភពព្រហស្បតិ៍ និងព្រះអាទិត្យ ធ្វើគោចរជុំវិញគ្នាមែនទេ? ឬអាចជាផ្កាយភ្លោះ…?
អាមេរិក)៖ ភពព្រហស្បតិ៍ (Jupiter) ដែលជាភពទី០៥នៃប្រព័ន្ធព្រះអាទិត្យ និង ជាគោលដៅសិក្សារបស់យានអវកាស Juno គឺជាភពឧស្ម័នយក្ស ដែលមានទំហំសែនធំមហិមា រហូតដល់បណ្តាលឲ្យវា មិនគោចរជុំវិញព្រះអាទិត្យដូចភពដទៃៗឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Business Insider នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជាមួយម៉ាស់ស្មើនឹង ២.៥ដង នៃម៉ាស់របស់ភពដទៃទៀតក្នុង ប្រព័ន្ធផ្កាយរបស់យើងរួមបញ្ចូលគ្នានោះ គឺវាធំគ្រប់គ្រាន់ដែលធ្វើឲ្យចំណុចកណ្តាលនៃកម្លាំងទំនិញ រវាងភពព្រហស្បតិ៍ និងព្រះអាទិត្យ មិនស្ថិតនៅក្នុងព្រះអាទិត្យផ្ទាល់ ដូចទៅនឹងភពដទៃៗទៀតរួមមានផែនដីយើងជាដើមនោះឡើយ ដោយវាស្ថិតនៅចំណុចមួយក្នុងទីអវកាស ដែលនៅពីលើផ្ទៃព្រះអាទិត្យទៅវិញ។

វាអាចនឹងពិបាកយល់បន្តិច ប៉ុន្តែសូមស្វែងយល់ការបកស្រាយមួយ នោះគឺនៅពេលដែលវត្ថុតូចមួយ គោចរមួយវត្ថុធំមួយ នៅក្នុងលំហអាកាស វត្ថុដែលតូចជាង មិនមែនធ្វើដំណើរជុំវិញវត្ថុដែលធំជាងខ្លួន ក្នុងលក្ខណៈជារង្វង់មូលតឹលតែម្តងនោះឡើយ។ ផ្ទុយទៅវិញវត្ថុទាំងពីរនោះ គោចរជុំវិញចំណុចកណ្តាលរួមមួយ នៃកម្លាំងទំនាញទៅវិញ (ឧទាហរណ៍ គឺភពភ្លុយតូ និងព្រះច័ន្ទឆារ៉ុនរបស់វា គឺគោចរជុំវិញគ្នាទៅវិញទៅមក)។

នៅក្នុងស្ថានការណ៍ដែលយើងងាយយល់ តួយ៉ាងផែនដីគោចរជុំវិញវត្ថុធំជាងខ្លួន ដូចជាព្រះអាទិត្យ ចំណុចកណ្តាលនៃកម្លាំងទំនិញរបស់វត្ថុទាំងពីរ គឺស្ថិតនៅយ៉ាងកៀកនឹងចំណុចកណ្តាលនៃវត្ថុធំជាង (ចំណុចកណ្តាលនៃព្រះអាទិត្យផ្ទាល់) ដែលជាហេតុធ្វើឲ្យឥទ្ធិពលនៃបាតុភូតនេះ ត្រូវមើលរំលងបានដោយងាយ ពោលគឺពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ ដោយវត្ថុដែលធំជាងហាក់ដូចជាមិនធ្វើចលនាឡើយ (គ្រាន់តែវិលជុំវិញខ្លួនឯង) ខណៈវត្ថុដែលតូចជាង ធ្វើដំណើរជុំវិញវា។

ឧទាហរណ៍មួយទៀត គឺនៅពេលដែលស្ថានីយអវកាសអន្តរជាតិ ISS គោចរជុំវិញភពរបស់យើង ផែនដី និងផ្កាយរណបដ៏ធំនេះធ្វើគោចរដូចគ្នា នៅជុំវិញចំណុចកណ្តាលនៃកម្លាំងទំនាញ ក៏ប៉ុន្តែចំណុចកណ្តាលនៃកម្លាំងទំនាញនោះ វាកៀកនឹងស្នូលដែលជាចំណុចកណ្តាលផែនដីពេក ដែលធ្វើឲ្យចលនានៃភពរបស់យើង នៅជុំវិញចំណុចនោះ ពុំអាចត្រូវកត់សម្គាល់ឃើញបាន ស្របពេលដែលស្ថានីយ៍ ISS មើលទៅកំពុងហោះក្រឡឹងជុំវិញភពផែនដីទាំងមូល។

ប្រការនេះ គឺវាពិតដូចគ្នានៅពេលដែលភពភាគច្រើនក្នុងប្រព័ន្ធរបស់យើង គោចរជុំវិញព្រះអាទិត្យ។ ព្រះអាទិត្យមានទំហំធំជាង ផែនដី ភពសុក្រ (Venus) ភពពុធ (Mercury) និងសូម្បីតែភពសៅរ៍ (Saturn) ឆ្ងាយមែនទែន ដែលរហូតធ្វើឲ្យចំណុចកណ្តាលនៃទម្លាំងទំនាញរបស់ភពទាំងនេះជាមួយព្រះអាទិត្យ ស្ថិតនៅកប់យ៉ាងជ្រៅ ក្នុងខ្លួនរបស់ផ្កាយមួយដួងនេះតែម្តង។

ទោះជាបែបនេះក្តី រឿងនេះមិនពិតជាមួយ និងភពព្រហស្បតិ៍ឡើយ។ ភពឧស្ម័នយក្សនេះ មានមាឌដ៏ធំសែនធំ ដែលចំណុចកណ្តាលនៃកម្លាំងទំនាញរបស់វា ជាមួយនិងព្រះអាទិត្យ ពុំស្ថិតនៅចំកណ្តាលព្រះអាទិត្យឡើយ តែនៅពីលើតារានេះទៅវិញ ហើយវត្ថុទាំងនេះ ធ្វើគោចរជុំវិញចំណុចនោះនៅក្នុងទីអវកាស។

គួរជម្រាបថា នេះហើយគឺជារបៀបដែល Jupiter និង ព្រះអាទិត្យធ្វើចលនាជាមួយគ្នា នៅក្នុងទីអវកាសដ៏ធំល្វឹងល្វើយ ទោះបីជាចម្ងាយ និងទំហំរបស់វត្ថុទាំងនេះ ខុសគ្នាឆ្ងាយយ៉ាងណាក្តី។ អ្វីដែលពិសេសបន្ថែមទៀតនោះ គឺដែនម៉ាញេទិចរបស់ភពព្រហស្បតិ៍ ធំជាងគេបំផុតក្នុងប្រព័ន្ធព្រះអាទិត្យ (ធំជាងដែនម៉ាញេទិចព្រះអាទិត្យទៅទៀត) ដោយមានឥទ្ធពិលជះទៅដល់ភពសៅរ៍ ដែលជាភពយក្សមួយផងដែរនោះ ថែមទៀត។

សម្រាប់សំនួរធំមួយទៀតនោះ គឺក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានអះអាងថា ចលនាក្នុងភពព្រហស្បតិ៍សព្វថ្ងៃនេះ អាចនឹងធ្វើឲ្យធាតុផ្សំក្នុងបរិយាកាស និងស្រទាប់លើរបស់វាឆេះកញ្ជ្រោលឡើងនៅថ្ងៃណាមួយ រួចក្លាយជាព្រះអាទិត្យថែមមួយទៀត នៅក្នុងប្រព័ន្ធរបស់យើងជាក់ជាមិនខាន ប៉ុន្តែមួយរយៈក្រោយមកនេះ គឺពុំទាន់លឺមានអំណះអំណាងបន្ថែម ដើម្បីគាំទ្រគំនិតនោះឡើយ៕
