សមិទ្ធផលជាប្រវត្តិសាស្រ្ត៖ AHF ផ្តល់ឱសថ និងការថែទាំអ្នកជំងឺអេដស៍ មិនគិតលទ្ធភាពបង់ប្រាក់បាន ២លាននាក់
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) នឹងរៀបចំពិធីអបអរសាទរសមិទ្ធផលជាប្រវត្តិសាស្រ្ត ដើម្បីរំលឹកដល់សមិទ្ធិផលដ៏ធំធេង ក្នុងការផ្តល់ឱសថ និងការថែទាំ និងការតស៊ូមតិដោយមិនគិតពីលទ្ធភាពបង់ប្រាក់ ដែលបានដល់ ២លាននាក់ រស់នៅក្នុងការថែទាំរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅទូទាំងពិភពលោក។
ពិធីនេះនិងធ្វើឡើងនៅកសិដ្ឋានអារហារសុខភាពស្ថិតនៅភូមិព្រែកត្រែង ឃុំសម្រោងធំ សុ្រកកៀនស្វាយ ខេត្តកណ្តាល មានការចូលរួមពីបុគ្គលិករដ្ឋាភិបាល និងប្រជាពលរដ្ឋជាង ១៥០នាក់ រួមមានមណ្ឌលកុមារកំព្រា ក្មេងស្រី ក្រុមបុរសស្រឡាញ់បុរស អ្នករងផលប៉ះពាល់ និងរស់នៅជាមួយមេរោគអេដស៍។
លោក Michael Weinstein ប្រមុខដឹកនាំអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ពិភពលោក បានឱ្យដឹងថា យើងមានមោទនៈភាពយ៉ាងក្រៃលែងដែលបានឈានដល់ដំណាក់កាលជាប្រវត្តិសាស្ត្រនេះ។ នៅពេលដែលយើងចាប់ផ្តើមកម្មវិធីសកលរបស់យើងកាលពីជាង២០ឆ្នាំមុន នៅក្នុងប្រទេសអាហ្វ្រិកចំនួនពីរ ដែលប្រទេសនីមួយៗមានអ្នកជំងឺ១០០នាក់។
លោក Michael Weinstein បានបន្ថែមថា ពួកយើងមិននឹកស្មានថា ថ្ងៃណាមួយយើងនឹងផ្តល់សេវាដល់ជីវិតមនុស្ស ២លាននាក់ ក្រោមការយកចិត្តទុកដាក់របស់យើងនៅជុំវិញពិភពលោក។ នេះជាកិត្តិយសនិងជាសក្ខីភាពមួយចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិក ដៃគូនិងអ្នកស្ម័គ្រចិត្តរបស់យើង ដែលខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរក្នុងជីវិតរបស់អ្នកដែលរងផលប៉ះពាល់ ដោយមេរោគអេដស៍/ ជំងឺអេដស៍ជារៀងរាល់ថ្ងៃ។
នៅក្នុងពិធីនេះដែរអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ប្រារព្ធពិធីអបអរសាទរដោយមានជូនជាអំណោយ ដែលជាផលិតផលអាហារសុខភាព របស់គម្រោងអាហារសុខភាព ដល់ប្រជាពលរដ្ឋជាង ១៥០នាក់ រួមមាន៖ មណ្ឌលកុមារកំព្រា អ្នករងផលប៉ះពាល់ និងរស់នៅជាមួយមេរោគអេដស៍ និងជាការតស៊ូមតិសម្រាប់ការគាំទ្រដល់ការជួយសង្គ្រោះជិវីតដែលកំពុង ត្រូវការការថែទាំ និងព្យាបាល។
សូមជម្រាបថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ២លាននាក់ក្នុង ៤៧ប្រទេសជុំវិញពិភពលោកដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ ដើម្បីស្វែងយល់បន្ថែមអំពី អង្គការ AHF សូមចូលទៅកាន់គេហទំព័រ៖ www.aidshealth.org (http://www.aidshealth.org/)៕