ធំជាង Black Hole យក្សទៀត? ច្រកងងឹត «Super Void» ត្រូវបានរកឃើញក្នុងចក្រវាឡ និងមានទំហំ.
(អង់គ្លេស)៖ ប្រហោងដ៏ធំបំផុត (មិនមែន Black Hole) ដែលក្រុមអ្នកវិទ្យាសាស្ត្រឲ្យឈ្មោះថា Super Void ឬច្រកងងឹត ដែលរង្វង់មុខកាត់របស់វាមានវែងរហូតដល់ទៅ ១.៨ពាន់លានឆ្នាំពន្លឺឯណោះ គឺពិតជាទំហំដែលមិនគួរឲ្យជឿទាល់តែសោះតែម្តង ត្រូវបានរកឃើញនៅក្នុងចក្រវាឡ ដែលជាបណ្តុំនៃកាឡាក់ស៊ីរាប់ពាន់លាននេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអង់គ្លេស Express ដែលត្រូវបានដកស្រង់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

តាមពិត Super Void គឺជាប្រហោងមួយ ដែលមនុស្សមិនទាន់អាចកំណត់ធាតុពិតរបស់វានោះឡើយ ប៉ុន្តែជាការពិតវាកំពុងធ្វើឲ្យប្រហោងខ្មៅយក្ស (Black Hole) ដែលយើងធ្លាប់តែភ័យខ្លាច ពេលលឺព័ត៌មាននានានោះ ក្លាយមកនៅត្រឹមតែជាវត្ថុតូចមួយប៉ុណ្ណោះ បើប្រៀបធៀបទៅនឹង Super Void។ បើយើងគិតពីទំហំរបស់ មហាកំពូលប្រហោងដ៏ងងឹតនេះ គឺអាចស្តុកកាឡាក់ស៊ីធំៗជាង កាឡាក់ស៊ីមៀលគីវេយ៍ រហូតទៅដល់រាប់សិបឯណោះ ដែលវាពិតជារឿងមិនធម្មតានោះទេ។

គួរបញ្ជាក់ថា ប្រហោងងងឹត Super Void ដែលគ្មានអ្វីសោះនៅក្នុងនោះ ត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម នៃសកលវិទ្យាល័យហាវ៉ៃ ស្ថិតនៅទីក្រុង Manoa ដែលពួកគេបានរកឃើញ នៅពេលដែល ធ្វើការអង្កេតលើកាឡាក់ស៊ីនានាក្នុងចក្រវាឡ ហើយនាពេលនោះ ស្រាប់តែកាឡាក់ស៊ីក្នុងចំនួនជាង ១០,០០០ ហាក់ដូចជាបាត់វត្តមាន។ ពួកគេក៏បានចោទជាសំនួរបែបកំប្លែងថា តើកាឡាក់ស៊ីទាំងនោះ បានធ្លាក់ចូលក្នុងប្រហោងងងឹតបាត់ទៅហើយឬ?

លោក István Szapudi ដែលកំពុងដឹកនាំក្រុមការងារខាងលើនេះ ក៏បាននិងកំពុងសិក្សាអំពីទ្រិស្តី Big Bang ជាមួយគ្នាផងដែរ ហើយពីមុនមកលោកធ្លាប់អះអាងថា ការរកឃើញប្រហោងងងឹត ឬទទេនៅក្នុងចក្រវាឡយើងនេះ ពិតជារឿងមួយដែលមិនអាចទៅរួចនោះឡើយ។ ប៉ុន្តែសម្រាប់ លោក András Kovács ជាអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ Eötvös Loránd ក្នុងទីក្រុង Budapest វិញបាននិយាយថា «នេះជាប្រហោងងងឹត Super Void ដ៏មហាធំអស្ចារ្យបំផុត ដែលមិនធ្លាប់ត្រូវបានរកឃើញនោះឡើយ»។

អ្នកវិទ្យាសាស្ត្រខាងលើនេះ បានសង្កត់ធ្ងន់ទៀតថា «បើយើងយកទីកន្លែងទំនេរទាំងឡាយក្នុងចក្រវាឡរួមបញ្ចូលគ្នា នោះ Super Void នេះគឺជាអ្វីមួយដែលកម្របំផុតមិនធ្លាប់មាននោះឡើយ។ យើងអាចរំពឹងថា មានប្រហោងងឹតមហាធំរបៀបនេះ តែពីរទៅបីប៉ុណ្ណោះ នៅក្នុងចក្រវាឡទាំងមូល»។

សរុបសេចក្តីមក ក្រុមអ្នកវិទ្យាសាស្ត្រ នៅតែមិនអាចធ្វើការពន្យល់ឲ្យច្បាស់នៅឡើយទេថា តើតំបន់ងងឹតដ៏ធំអស្ចារ្យបំផុតនោះគឺជាអ្វី ប៉ុន្តែអ្វីដែលគេអាចសន្និដ្ឋានបាន គឺ Super Void មិនមែនជា Black Hole នោះឡើយ ហើយទំហំក៏ខុសគ្នារាប់ពាន់លានដងផងដែរ។ បើតាមការ គណនាលេងៗ បើយើងចង់ទៅដល់ប្រហោងងងឹតនោះ ក៏ត្រូវប្រើពេលរាប់រយលានឆ្នាំដែរ ទោះបីជាយើងប្រើល្បឿនពន្លឺជិះទៅក៏ដោយ។ ដូច្នេះតើវាជាអ្វីឲ្យប្រាកដ? Cambo Space សន្យាស្វែងរកព័ត៌មាននេះ មកបកស្រាយបន្ថែមជូនបងប្អូន…៕
