លោក Elon Musk ថា «២ឆ្នាំទៀត» Starship ដំបូងនឹងហោះទៅកាន់ភពព្រះអង្គារ! (វីដេអូ)
(បរទេស)៖ នៅថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៤ (តាមពេលវេលានៅរដ្ឋតិចសាស់) លោក Elon Musk ស្ថាបនិកនៃក្រុមហ៊ុនអវកាសឯកជននៅសហរដ្ឋអាមេរិក ដែលយើងស្គាល់គ្រប់គ្នាថា SpaceX បានបង្ហោះសារមួយលើបណ្តាញសង្គម X (Twitter) ដែលប្រៀបបីដូចជាការប្តេជ្ញាចិត្តជាថ្មីថា «រយៈពេល ២ឆ្នាំទៀតប៉ុណ្ណោះ (អាចនៅឆ្នាំ២០២៦) នាវាអវកាស (Starship) ដំបូង នឹងត្រូវបញ្ជូនទៅកាន់ភពព្រះអង្គារ»។
លោក Elon Musk បានលើកឡើងថា នាវាអវកាសដែលនឹងត្រូវបញ្ជូនដំបូងទៅកាន់ភពអង្គារ (Mars) នៅរយៈពេល ២ឆ្នាំទៀតនោះ នឹងជាយានអវកាសទទេ (គ្មានមនុស្សជិះឡើយ)។ ការធ្វើបែបនេះ នឹងក្លាយជាតេស្តដំបូងសម្រាប់ Starship ក្នុងការចាកចេញពីភពផែនដី, ធ្វើដំណើរឆ្លងកាត់ទីអវកាសទៅរកភពអង្គារ និងចុះចតនៅលើផ្ទៃភពក្រហមនោះតែម្តង។
ប្រសិនបើផែនការខាងលើនេះ (ដែលនឹងអាចចាប់ផ្តើមនៅឆ្នាំ២០២៦) សម្រេចបានជោគជ័យ នោះ២ឆ្នាំបន្ទាប់ពីនោះទៀត (៤ឆ្នាំបើគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៤នេះ) នាវាអវកាស Starship ដឹកក្រុមអវកាសយានិកពិតៗតែម្តង នឹងត្រូវបញ្ជូនទៅកាន់ភពអង្គារ រួចចុះចតនៅលើភពក្រហមនោះជាលើកដំបូង។
លោក Musk ថែមទាំងបានប្តេជ្ញាបន្តទៀតថា បន្ទាប់ពីភាពជោគជ័យ នៃការចុះចតមនុស្សដំបូងនោះ ការធ្វើដំណើរទៅវិញទៅមករវាងផែនដី និងភពអង្គារនឹងកើនឡើង ហើយភពអង្គារនឹងឃើញមានទីក្រុងថ្មីរីកដុះដាលឡើង។ វានឹងក្លាយជាទីក្រុងថ្មីប្រកបដោយ «ចីរភាព» សម្រាប់មនុស្សដែលចាកចេញទៅពីផែនដី នៅរយៈពេល ២០ឆ្នាំខាងមុខ។
យ៉ាងណាក៏ដោយ អ្វីៗដូចដែលត្រូវបានរៀបរាប់ខាងលើនេះ ត្រឹមជាការប្តេជ្ញាចិត្តថ្មីដោយកំពូលមហាសេដ្ឋីអាមេរិករូបនេះផ្ទាល់ប៉ុណ្ណោះ ហើយបើតាមគ្រប់គ្នាចងចាំ ការប្តេជ្ញាពីការបញ្ជូនយានទទេ សាកល្បងទៅកាន់ភពអង្គារនេះ ធ្លាប់ត្រូវបានធ្វើឡើងរួចមកហើយ ដោយក្នុងនោះកាលពីឆ្នាំ២០១៨ លោក Elon Musk ធ្លាប់បានអះអាងថា SpaceX គ្រោងបញ្ជូន Starship ដំបូងដោយគ្មានមនុស្សជិះ ទៅភពអង្គារនៅឆ្នាំ២០២២ និងមានមនុស្សជិះនៅឆ្នាំ២០២៤ ប៉ុន្តែ… ការពិតយ៉ាងណានោះ គឺដូចយើងបានឃើញស្រាប់ហើយ៕
គួរបញ្ជាក់ថា ប្រព័ន្ធដឹកជញ្ជូនទៅកាន់ទីអវកាសឆ្ងាយៗ ដែលមាន Starship ជាយានអវកាសគោលនេះ គឺនឹងមានសមត្ថភាពដឹកមនុស្សម្តងៗបាន ១០០នាក់ ក្នុងមួយគ្រឿង ឬបើជំនួសជាទំនិញវិញ គឺនឹងអាចដឹកបានខ្ទង់ ១០០តោនឯណោះ។ ការបញ្ជូន Starship ទៅកាន់ភពព្រះអង្គារ នឹងមិនមែនជាការបញ្ជាឲ្យវាហោះឡើងពីផែនដី ហើយហោះសម្តៅទៅរកភពអង្គារតែម្តងនោះឡើយ ដោយពីដំបូង Starship មួយគ្រឿងនឹងត្រូវរុញឡើងទៅគន្លងគោចរជុំវិញផែនដី ដោយប្រើប្រាស់រ៉ុក្កែត Super Heavy Booster រួចទើបផ្ទេរទំនិញ ឬមនុស្សពីខ្លួនវាទៅកាន់ Starship ថ្មីមួយគ្រឿងទៀត (ក្នុងករណីចាំបាច់) ដែលនៅរង់ចាំនៅគន្លងគោចរជុំវិញផែនដីស្រាប់។
ក្រោយការរៀបចំដាក់មនុស្ស ឬទំនិញ ព្រមទាំងការចាក់បំពេញឥន្ធនៈ និងត្រួតពិនិត្យផ្នែកបច្ចេកទេសរួចរាល់ ទើបនាវាអវកាសនោះចេញដំណើរទៅកាន់ភពអង្គារតែម្តង ខណៈការចុះចតលើភពអង្គារ គឺនឹងត្រូវពឹងទៅលើម៉ាស៊ីនជាប់ខ្លួន Starship ផ្ទាល់ ហើយនោះនឹងមិនមែនជារឿងលំបាកដូចការចុះចតនៅលើផែនដីឡើយ ព្រោះភពអង្គារមានទំនាញខ្សោយជាងផែនដី។ ការធ្វើដំណើរពីផែនដីទៅភពអង្គារ ដោយប្រើប្រាស់ Starship នឹងចំណាយពេលយូរបំផុត ១៥០ថ្ងៃ ឬស្មើនឹង ៥ខែ៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ Elon Musk via X (Twitter) (ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤)