បេសកកម្ម Polaris Dawn សម្រេចជោគជ័យទាំងស្រុង ដោយការទម្លាក់ខ្លួនក្នុងឈូងសមុទ្រម៉ិកស៊ិក! (យល់ដឹង)

387

(បរទេស)៖ បន្ទាប់ពីការស្នាក់នៅ និងបំពេញបេសកកម្ម ក្នុងនាមជាក្រុមហ៊ុនអវកាសឯកជនដំបូង ដែលអាចធ្វើប្រតិបត្តិការដើរនៅទីអវកាស (spacewalk) ក្រៅពីទីភ្នាក់ងាររដ្ឋអាមេរិកនោះ មនុស្សទាំង ៤នាក់នៅលើយាន Dragon នៃបេសកកម្ម Polaris Dawn របស់ក្រុមហ៊ុន SpaceX បានត្រលប់មកដល់ភពផែនដីវិញហើយ ដោយសុវត្ថិភាព។

(Video From YouTube: Cambo Space edu)

យើងចាំបានថា ប្រតិបត្តិការដើរនៅទីអវកាសដំបូងបំផុតនោះ គឺត្រូវបានធ្វើឡើងដោយ អវកាសយានិកលោក Ed White តាមរយៈបេសកកម្ម Gemini នៃទីភ្នាក់ងារអវកាសអាមេរិក NASA ដែលជាស្ថាប័នរដ្ឋ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៦៥។ ដោយឡែក ការធ្វើឡើងដោយ SpaceX ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះគឺជាលើកដំបូងហើយសម្រាប់វិស័យឯកជន នៅសហរដ្ឋអាមេរិក និងក្នុងក្របខណ្ឌពិភពលោកទាំងមូលផងដែរ។

ការចុះមកវិញនៃយាន Dragon របស់បេសកកម្ម Polaris Dawn/SpaceX (Image Credit: SpaceX)

អ្វីៗគ្រប់យ៉ាងពិតបានប្រព្រឹត្តទៅដូចការរំពឹងទុកមែន ដោយមនុស្សទាំង ៤នាក់ បានចុះមកវិញតាមរយៈយាន Dragon ដែលទម្លាក់ខ្លួនលើឈូងសមុទ្រម៉ិកស៊ិក ដោយសុវត្ថិភាពកាលពីអំលុងម៉ោង ៣៖៣៦នាទីទាបភ្លឺថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅវ៉ាស៊ីនតោន) ត្រូវនឹងរសៀលថ្ងៃខែឆ្នាំដដែល (ម៉ោងនៅប្រទេសកម្ពុជា)។ វាគឺជាបង្ហាញថា បេសកកម្ម Polaris Dawn បានបញ្ចប់ទៅដោយជោគជ័យ និងការបង្ហាញថា សម្លៀកបំពាក់អវកាសជំនាន់ថ្មី Extravehicular Activity (EVA) របស់ SpaceX ក៏បានបង្ហាញពីគុណភាពខ្ពស់ សម្រាប់បេសកកម្មនេះផងដែរ។

មនុស្សទាំង៤រូបនៃបេសកកម្ម Polaris Dawn (Image Credit: SpaceX)

លោក Jared Isaacman ប្រធានគ្រប់គ្រងបេសកកម្មខាងលើនេះ និងក៏ជាអវកាសយានិកឯកជន នៅក្នុងយាននោះដែរបានថ្លែងភ្លាមៗ បន្ទាប់ពីការចុះចតលើផែនដីវិញនោះថា «Polaris Dawn របស់យើងបានបញ្ចប់ជាស្ថាពរហើយ។ អរគុណដល់ការជួយដ៏ធំធេង នៅក្នុងការជំរុញទៅមុខនៃបេសកកម្មមួយនេះ»។

លោក Isaccman បំពេញប្រតិបត្តិការ Spacewalk (Image Credit: SpaceX)

បេសកកម្ម Polaris Dawn ត្រូវបានរ៉ុក្កែត Falcon 9 របស់ SpaceX រុញឡើងទៅទីអវកាសកាលពីថ្ងៃទី១០ ខែកញ្ញា ២០២៤ ដោយចាកចេញពីមជ្ឈមណ្ឌលអវកាស Kennedy Space Center របស់អង្គការ NASA ស្ថិតនៅរដ្ឋផ្លរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។ មនុស្សទាំង ៤នាក់ ដែលស្ថិតនៅលើយាន Dragon នោះមានដូចជា លោក Jared Isaacman (មហាសេដ្ឋីអាមេរិក), លោក Scott “Kidd” Poteet (អតីតមន្ត្រីកងទ័ពអាកាសអាមេរិក), លោកស្រី Sarah Gillis និងលោកស្រី Anna Menon (ទាំងពីររូបនេះជាបុគ្គលិកជំនាញ លើការគ្រប់គ្របបេសកកម្មរបស់ SpaceX ផ្ទាល់)។

ការចុះចតមកវិញរបស់ Polaris Dawn/SpaceX (Image Credit: SpaceX)

ក្រៅពីការបញ្ជូនអវកាសយានិកឯក ដោយក្រុមហ៊ុនឯកជនដំបូងទៅកាន់ទីអវកាស និងបំពេញបេសកកម្ម​ spacewalk នោះ Polaris Dawn ក៏បានបំបែកកំណត់ត្រាមួយទៀត នោះគឺក្នុងនាមជាយានឯកជនដំបូង ដែលបានដឹកមនុស្សឡើងទៅដល់រយៈកម្ពស់ជាង ១,៤០០km ពីផ្ទៃផែនដី ដែលបេសកកម្មអវកាស គោចរជុំវិញផែនដីមុនៗធ្លាប់ធ្វើបាន។ បន្ថែមពីនេះលោកស្រី Gillis និង Menon ក៏បានក្លាយជាស្ត្រីពីររូបដំបូងគេលើលោក ក្នុងចាកចេញពីផែនដី ហើយឡើងទៅដល់គន្លងគោចរ នៅក្នុងរយៈកម្ពស់ជាង ១,៤០០km នោះផងដែរ។

រូបតំណាងការដើរនៅទីអវកាសរបស់ Polaris Dawn/SpaceX (Image Credit: SpaceX)

យ៉ាងណាក៏ដោយ ការដើរនៅទីអវកាស ឬ spacewalk នោះ ត្រូវបានធ្វើឡើងក្រោយយាន ដែលពួកគេជិះទម្លាក់ចុះមកវិញដល់រយៈកម្ពស់ ៧៣០km ពីផ្ទៃផែនដី ប៉ុន្តែពួកគេមិនអាចធ្វើប្រតិបត្តិការ spacewalk ភ្លាមៗ ក្រោយការទម្លាក់រយៈកម្ពស់គោចរនោះទេ។ ក្រុមអវកាសយានិកឯកជនទាំងអស់ ត្រូវការពេលវេលាសម្រាក និងដកដង្ហើមឲ្យបានល្អប្រសើរ ២ថ្ងៃសិន ដើម្បីឲ្យចរន្តឈាមដើរបានល្អឡើងវិញ រួចទើបការដើរនៅទីអវកាស (ចេញពីយាន) អាចប្រព្រឹត្តទៅបាន និងដោយយឺតៗ បើពុំដូច្នោះទេពួកគេនឹងទទួលរងការឈឺចាប់ ដោយសារតែការរងសម្ពាធខ្លាំង (មិនសូវខុសពីក្រុមអ្នកមុជទឹកជ្រៅៗ) ជាក់ជាមិនខាន។

សម្រាប់ទិដ្ឋភាពពិសេសបំផុត និងជានិមិត្តរូបមិនអាចបំភ្លេចបានផងដែរនៃបេសកកម្ម «Polaris Dawn» នោះគឺនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដែលលោក Isaacman បានធ្វើជាមនុស្សដំបូងគេ ដោយបើកទ្វារយានអវកាស ហើយអើតចេញមកក្រៅ ដើម្បីទស្សនារូបរាងមូលនៃភពផែនដីស្ថិតនៅចំពោះមុខ។ ពុំមាននរណាម្នាក់នៃពួកគេអាច អាចចេញមកក្រៅយានអវកាសឲ្យផុតតែម្តងនោះឡើយ ដោយពួកគេត្រឹមឈរត្រឹមពាក់កណ្តាលខ្លួនទៅក្រៅទ្វារយាន ហើយទទួលនូវឥទ្ធិពលពិតៗនៃលំហអវកាស ដោយមានសម្លៀកបំពាក់ EVA ដើម្បីការពារអាយុជីវិត។

បេសកកម្ម Polaris Dawn សម្រេចជោគជ័យទាំងស្រុង ដោយការទម្លាក់ខ្លួនក្នុងឈូងសមុទ្រម៉ិកស៊ិក! (យល់ដឹង)
(Image Credit: SpaceX)

គួរបញ្ជាក់ថា ផូឡឺរីស ដន (Polaris Dawn) គឺជាបេសកកម្មធ្វើដំណើរទៅកាន់ទីអវកាសបែបសេរី (Free Flyer) ដែលខុសប្លែកពីអ្វីដែលក្រុមហ៊ុន SpaceX បានធ្វើជាមួយអង្គការ NASA នោះគឺវាមិនជាប់ពាក់ព័ន្ធនឹងស្ថានីយអវកាសអន្តរជាតិ (ISS) នោះឡើយ។ Polaris Dawn ក៏ជាបេសកកម្មឯកជនដំបូងបំផុតផងដែរ ដែលមានគោលដៅបញ្ជូនមនុស្សធម្មតា (មិនមែនអវកាសយានិកអាជីប) ឡើងទៅកាន់ទីអវកាស និងបំពេញប្រតិបត្តិការដើរនៅទីអវកាស (spacewalk) ដែលជាការបង្កើតបេសកកម្មថ្មី សម្រាប់វិស័យអវកាសឯកជននៅសហរដ្ឋអាមេរិក ក៏ដូចជាពិភពលោកទាំងមូលដែរ។

សម្រាប់បេសកកម្ម Polaris Dawn ដែលត្រូវបានបាញ់បញ្ជូនទៅកាន់ទីអវកាស កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅសហរដ្ឋអាមេរិក) រួចស្ថិតនៅទៅអវកាស ៥ថ្ងៃទើបត្រលប់មកវិញនេះ ត្រូវបានឧបត្ថម្ភដោយលោក ចារែដ អាយសាកមែន (Jared Isaacman) ដែលជាមហាសេដ្ឋីមួយរូបដែរនៅសហរដ្ឋអាមេរិក ព្រមទាំងមានជំនាញជាច្រើនទៀតដូចជា អាកាសយានិក និងអវកាសយានិកឯកជនជាដើម។

លោក Isaacman (រូបភាពពីបរទេស)

យោងតាមទស្សនាវត្តី Forbes នៅសហរដ្ឋអាមេរិក គិតត្រឹមឆ្នាំ២០២៤នេះ លោក អាយសាកមែន វ័យ ៤១ឆ្នាំ មានទ្រព្យសម្បត្តិសរុប ១.៩ពាន់លានដុល្លារអាមេរិក ហើយក៏ជាស្ថាបនិកនៃក្រុមហ៊ុន Draken International (ជំនាញផ្តល់សេវាឯកជនដល់កងទ័ពអាកាសអាមេរិក) និងជាស្ថាប័ននិកព្រមទាំងនាយកប្រតិបត្តិនៃសេវាកម្ម Shift4 Payments ផងដែរ៕

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ SPACE/SpaceX (ថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤)

480×240 Banner