ឱកាសដែល «អាផូហ្វីស» គោចរកាន់តែកៀកផែនដីនៅឆ្នាំ២០២៩ អាចនឹងកើនឡើង (លទ្ធផលសិក្សាថ្មី) (វីដេអូ)

206

(បរទេស)៖ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមអ្នកសិក្សាអន្តរជាតិបានបញ្ចេញលទ្ធផលសិក្សាថ្មី អំពីឱកាសដែលអាចម៍ផ្កាយធំមួយមានរហស្សនាម «អាទិទេពនៃភាពវឹកវរ» ឬដែលយើងស្គាល់ថា អាផូហ្វីស (Apophis) ដែលអាចគោចរកៀកភពផែនដីនោះ ដោយពួកគេអះអាងថា អាចម៍ផ្កាយមួយនេះនឹងមានឱកាសច្រើនជាងមុន ក្នុងការមកកាន់តែកៀកភពផែនដីនៅអំលុងឆ្នាំ២០២៩ ខាងមុខនេះ។

(Video From YouTube: Cambo Space Edu)

យោងតាមលទ្ធផលសិក្សាចាស់ឲ្យដឹងថា Apophis នឹងគោចរកាត់ភពផែនដី នៅថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០២៩ នៅក្នុងគម្លាតតែ ៣០,៦០០km ប៉ុណ្ណោះ ដែលកៀកជាងគម្លាតរវាងព្រះចន្ទ និងភពផែនដីរហូតដល់ទៅជាង ១០ដងឯណោះ។ ដោយសារតែទំហំធំគួរសម (មុខកាត់ជាមធ្យម ៣០០ម៉ែត្រ) ដូច្នេះក្រុមអ្នកវិទ្យាសាស្ត្របានគណនាបន្ថែមទៀតថា មនុស្សលោកលើផែនដី នឹងមានឱកាសមើលឃើញការចល័តរបស់ Apophis ដោយភ្នែកទទេ។

គន្លងគោចរនៃអាផូហ្វីស ដែលនឹងមកដល់នៅឆ្នាំ២០២៩ (រូបភាពពី Star Walk)

យ៉ាងណាក៏ដោយ ការគណនាខាងលើនេះ គឺយោងទៅលើដំណើរគោចរជាធម្មតារបស់ Apophis ប៉ុណ្ណោះ ដោយពួកគេមិនបានគិតអំពីការប្រែប្រួលជាយថាហេតុណាមួយ ដែលអាចកើតឡើងនៅតាមគន្លងផ្លូវធ្វើដំណើររបស់ Apophis នោះឡើយ។ ត្រង់ចំណុចនេះ ក្រុមអ្នកវិទ្យាសាស្ត្រចង់សម្តៅទៅលើ លទ្ធភាពដែល Apophis អាចប៉ះទង្គិចនឹងដុំថ្មអវកាស (space rocks) ផ្សេងៗទៀតនៅតាមផ្លូវ ហើយប្រការនេះនឹងអាចនាំឲ្យគន្លងគោចរនៃអាចម៍ផ្កាយនោះប្រែប្រួល។

ជុំវិញលទ្ធផលសិក្សាថ្មីនេះ អ្នកដឹកនាំការស្រាវជ្រាវមួយរូបឈ្មោះ Paul Wiegert ដែលជាតារាវិទូមកពីសាកលវិទ្យាល័យ Western Ontario ប្រទេសកាណាដាបានលើកឡើងថា «ឱកាសដែលដុំថ្មអវកាស ឬអាចម៍ផ្កាយខ្នាតតូចអាចបុកអាផូហ្វីសនោះ គឺពិតជាទាបខ្លាំងណាស់ ឬអាចនិយាយបានថា ១/១,០០០,០០០។ តែបើនិយាយពីឱកាស ដែលអាផូហ្វីសអាចបុកភពផែនដីនៅឆ្នាំ២០២៩វិញ គឺ ១/១ពាន់លាន ឯណោះ។ ដូច្នេះវាមិនមែនជារឿងដែលត្រូវមានភាពតក់ស្លុតនោះឡើយ»។

រូបរាងពិតនៃអាផូហ្វីស (រូបភាពពីបរទេស)

លោក Wiegert បានសង្កត់ធ្ងន់ទៀតថា «ខ្ញុំបានគណនាជាថ្មីលើឱកាសរបស់ Apophis ដែលអាចក្លាយជាអាចម៍ផ្កាយគ្រោះថ្នាក់ជាងមុន ប្រសិនបើមានការបុកទង្គិច ត្រឹមតែជាមួយអាចម៍ផ្កាយតូចមួយផ្សេងទៀតនោះ ខណៈការគណនាតាមកុំព្យូទ័រពីមុនបង្ហាញថា វានឹងហោះកាត់ផែនដីយើងដោយសុវត្ថិភាពនៅឆ្នាំ២០២៩។ ដុំថ្មអវកាសដែលខ្ញុំចង់សម្តៅទៅលើនោះ គឺជាពពួកអាចម៍ផ្កាយតូចៗ ដែលជារឿយៗតែងតែធ្លាក់មកលើផែនដី (ទេពច្យុត) នោះ ដោយពួកវាក៏អាចមានឱកាសប៉ះទង្គិចជាមួយ Apophis ដែរ»។

គួរបញ្ជាក់ថា ខាងលើនេះត្រឹមជាលទ្ធផលសិក្សាថ្មី និងការគណនានៃហេតុការណ៍ ដែលអាចកើតឡើងទៅរួចប៉ុណ្ណោះ។ ដោយឡែកអង្គការ NASA វិញក៏ធ្លាប់បានគណនា និងចេញផលសិក្សាជាច្រើនដងផងដែរ ដោយកាលពីខែមីនា ឆ្នាំ២០២១ អង្គការអវកាសអាមេរិកមួយនេះបានធានាថា អាចម៍ផ្កាយ Apophis នឹងមិនអាចគំរាមកំហែងផែនដីទាល់តែសោះ គិតរហូតដល់ ១០០ឆ្នាំទៅមុខទៀត។ តែយ៉ាងណា នេះក៏មិនមែនមានន័យថា ការសង្កេតលើ Apophis ត្រូវបានបញ្ចប់នោះដែរ។

ឱកាសដែល «អាផូហ្វីស» គោចរកាន់តែកៀកផែនដីនៅឆ្នាំ២០២៩ អាចនឹងកើនឡើង (លទ្ធផលសិក្សាថ្មី) (វីដេអូ)
រូបតំណាង (រូបភាពពីបរទេស)

សម្រាប់សំនួរថា តើអាចម៍ផ្កាយអាផូហ្វីសមានឥទ្ធិពលកម្រិតណា ប្រើសិនបើវាបុកផែនដីនៅឆ្នាំ២០២៩នោះ ក្រុមតារាវិទូបានគណនាថា Apophis នឹងមានឥទ្ធិពលស្មើនឹងម្សៅជាតិផ្ទុះ TNT រហូតដល់ទៅជាង ១០០តោន ឬស្មើនឹងគ្រាប់បែកនុយក្លេអ៊ែររាប់រយគ្រាប់ឯណោះ ហើយប្រសិនបើវាបុកភពចំផែនដីនោះ នឹងអាចបំផ្លិចបំផ្លាញតំបន់ជុំវិញចំណុចដែលវាបុកចំក្នុងរង្វង់កាំ ២០០-៣០០Km

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ SPACE/NASA (ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤)

480×240 Banner